បើចាប់ខ្លួនលោក កឹម សុខា តើខាតអ្វីខ្លះ?

ពីម្សិលមិញ សមត្ថកិច្ចបានយក«ដីកាកោះឲ្យចូលខ្លួន» ទៅបិទនៅមុខផ្ទះរបស់លោក កឹម សុខា។ នោះគឺជាលិខិតបង្គាប់ឲ្យលោកចូលសវនាការ នៅថ្ងៃទី៩ខែកញ្ញាខាងមុខ។ ដីកានេះ គឺធ្វើឡើងក្រោយពីលោក មិនបានចូលខ្លួនទៅបំភ្លឺតុលាការ ចំនួន៣លើករួចមកហើយ។ ការមិនចូលខ្លួននេះ ត្រូវអ្នកច្បាប់របស់រដ្ឋអំណាច ចាត់ទុកថា ជាបទល្មើសជាក់ស្តែង។ បើទោះបីជាអភ័យឯកសិទ្ធសភា ក៏ការពារមិនកើតដែរ។ ដូច្នេះ ប្រសិនបើតុលាការសម្រេចផ្តន្ទាទោស ដែលអាចឈានដល់ការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារមែននោះ តើនឹងមានការខាតបង់អ្វីខ្លះ?

ដីកាកោះបង្គាប់ឲ្យចូលខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីព្រះអាជ្ញាចោទប្រកាន់លោក កឹម សុខា ពី«បទបដិសេធក្នុងការចូលខ្លួន» ជាបទល្មើស មានចែងក្នុងមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដែលប្រធានស្តីទីបក្សប្រឆាំងអាចប្រឈមមុននឹងការជាប់ពន្ធនាគារពី១ខែទៅ៦ខែ ហើយពិន័យជាប្រាក់ពី១០ម៉ឺន ទៅ២លានរៀល។

គួររម្លឹកជូនថា ប្រធានស្តីទីគណបក្សប្រឆាំង បានបដិសេធក្នុងចូលខ្លួន តាមដីកាកោះហៅរបស់សាលាដំបូងក្រុងភ្នំពេញ ទាក់ទិននឹងការចោទប្រកាន់ ពីរឿងអាស្រូវផ្លូវភេទ និងសំណុំរឿងបរិហារកេរ្តិ៍ ប្តឹងដោយនាងស្រីមុំ ឬខុម ចាន់ដារ៉ាទី និងនាង ធី សុវណ្ណថា។ ហើយលោក កឹម សុខា ក៏បានសម្រេចចិត្តសម្ងំឃុំខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ចាប់តាំងពីថ្ងៃទី២៦ខែឧសភារហូតមក។

ដូច្នេះ ប្រសិនបើសាលាជម្រះក្តី សម្រេចចាប់ខ្លួនលោក កឹម សុខា ឲ្យអនុវត្តទោសក្នុងពន្ធនាគារមែននោះ គឺនឹងមានការខាតបង់ច្រើនដល់គណបក្សសង្គ្រោះជាតិ ហើយបក្សកាន់អំណាច ក៏មិនទំនងជាចំណេញទាំងស្រុងនោះដែរ។

ចំពោះបក្សប្រឆាំង ការខាតបង់ គឺត្រង់ថា នឹងគ្មានមេដឹកនាំក្បាលម៉ាស៊ីន ខណៈដែលប្រធានធំកំពុងរត់និរទេសខ្លួននៅបរទេសនៅឡើយ។ ទោះចង់មិនចង់ គណបក្សមួយនេះ ច្បាស់ជានឹងចុះខ្សោយ ទន់ដៃទន់ជើង ជាមិនខាន។

ទន្ទឹមនឹងនេះ បើអស់ពីលោក កឹម សុខា ប្រធានបក្សស្តីទីដែលនៅក្នុងស្រុក សេណារីយ៉ូ ដែលអាចមើលឃើញជាយថាហេតុនោះ គឺនឹងបង្កឲ្យមានការចលាចលផ្ទៃក្នុងបក្ស ទាក់ទិននឹងការបាត់មេដឹកនាំបក្ស ហើយនិងត្រូវតែងតាំងអ្នកដឹកនាំថ្មីជំនួស។ ហើយបើមេបក្សប្រឆាំងមិនសម្រេចចិត្តចូលស្រុកវិញ ដើម្បីដឹកនាំបក្សទេ ថាមិនបាន អាចនឹងមានការចម្រូងចម្រាស់គ្នាក្នុងបក្សផងមើលទៅ។ ហើយទោះបីចូលស្រុកវិញ ក៏មិនប្រាកដថាអាចដឹកនាំបក្សបានទៅទៀត ព្រោះលោក សម រង្ស៊ី ក៏កំពុងជាប់ជំពាក់ដីកាផ្លូវច្បាប់វ័ណ្ឌកដែរ។

ចំណែកឯដំណើរការចរចានិងការដោះស្រាយស្ថានការនយោបាយវិញ ពុំមែនស៊ីពេលតិចនោះទេ ពោលគឺអាចបន្តអូសបន្លាយទៅដល់ពេលបោះឆ្នោតឃុំសង្កាត់ ឬក៏ដល់ការបោះឆ្នោតជាតិតែម្តង ដែលបណ្តាលឲ្យបក្សប្រឆាំង គ្មានពេលវេលានិងលទ្ធភាពសម្រាប់រៀបចំការឃោសនាបោះឆ្នោតផង ក៏អាចថាបាន។

ក៏ប៉ុន្តែនៅក្នុងស្ថានភាពលំបាកនៅពេលដូច្នោះ គណបក្សសង្គ្រោះជាតិ ក៏អាចនឹងមានឱកាសល្អដែរ គឺដូចជាអ្វីដែលមេបក្សប្រឆាំង បានថ្លែងកាលពីថ្ងៃទី២៧ សីហា នៅក្រុងប៉ារីសថា ការធ្វើបាបនិងធ្វើអាក្រក់ទៅលើបក្សសង្គ្រោះជាតិ គឺអត់ធ្វើឲ្យបក្សប្រឆាំងបែកទេ តែផ្ទុយទៅវិញ គឺផលល្អ។ ល្អព្រោះថា ស្ថានការដូច្នេះ មានផលល្អសម្រាប់ប្រយោជន៍នយោបាយវែងឆ្ងាយ។ ដ្បិតថាប្រជាពលរដ្ឋខ្មែរ អាចបានឃើញការធ្វើបាបនិងការធ្វើអាក្រក់ទាំងអស់នោះ ព្រមទាំងបានដឹងថែមកាន់តែច្បាស់ ហើយនៅទីបំផុត ពួកគេនឹងសម្រេចផ្តល់យុត្តិធម៌ជូនបក្សសង្គ្រោះជាតិ។

នេះគឺមិនខុសអីពីការចូលស៊ងយុទ្ធសាស្ត្ររបស់មេបក្សប្រឆាំង និងក៏ដូចអ្វីដែលបក្សមួយនេះ ធ្លាប់ប្រកាន់រួចមកហើយ ការដើរតួជាជនរងគ្រោះ ឲ្យពលរដ្ឋអាណិតអាសូរ នៅផ្នែកម្ខាង និងនៅម្ខាងទៀត គឺដើម្បីឆ្លុះបញ្ចាំងថារដ្ឋអំណាច គឺជាតួអង្គចិត្តអាក្រក់។

ជាមួយគ្នានេះ ប្រសិនបើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួននិងឃុំខ្លួននៅពេលដ៏ខ្លីខាងមុខ ពិតមែននោះ! បក្សកាន់អំណាចនិងរដ្ឋាភិបាល ក៏មិនប្រាកដថានឹងបានទទួលផលចំណេញទាំងស្រុងនោះដែរ។ ដ្បិតថា បើទោះបីជាការសម្រេចចាប់ខ្លួននោះ គឺជាការអនុវត្តច្បាប់របស់តុលាការ ឲ្យស្របតាមការអះអាងរបស់បក្សកាន់អំណាចដែលថានីតិរដ្ឋនោះក៏ដោយចុះ! ក៏ប៉ុន្តែការបង្ខំធ្វើឲ្យមេបក្សប្រឆាំងសម្រេចចិត្តនិរទេសខ្លួន និងបើថែមទាំងចាប់ប្រធានស្តីទីបក្សប្រឆាំងដ៏ធំតែមួយគត់មានកៅអីនៅរដ្ឋសភា ដាក់ពន្ធនាគារទៀតនោះ ច្បាស់ជាពុំមានលទ្ធផលល្អ សម្រាប់ដំណើរការសិទ្ធិមនុស្ស និងសេរីភាពនយោបាយប្រជាធិបតេយ្យនោះឡើយ។

អង្គការ សហគមជាតិនិងអន្តរជាតិដែលធ្វើការខាងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ច្បាស់ជានឹងបន្តថ្កោលទោស ចំពោះការចាប់ខ្លួននោះជាមិនខាន។ ហើយថាមិនត្រូវ ប្រហែលអាចនឹងមានផ្ទុះការតវ៉ាទាមទារណាមួយជាយថាហេតុ ពីសំណាក់ប្រជាជនឬអ្នកគាំទ្របក្សសង្គ្រោះជាតិ ទៀតផង។

ទន្ទឹមនឹងនេះ ពលរដ្ឋមួយចំនួន អាចនឹងទាមទារឲ្យមានអនុវត្តស្មើភាពគ្នាចំពោះមុខច្បាប់ ជុំវិញករណីរឿងអាស្រូវស្នេហាផ្លូវភេទរបស់អ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់នានា នាពេលកន្លងមក។ រឿងអាស្រូវស្នេហានេះហើយ ដែលជាដើមចមឈានដល់រឿងក្តីកាំទៅលើលោក កឹម សុខា។ ដូច្នេះ បើមិនការសើរើសំណុំរឿងអាស្រូវទាំងនេះ និងគ្មានចំណាត់ការផ្លូវច្បាប់ដោយស្មើភាពគ្នានោះទេ ពលរដ្ឋពិតជានឹងពិនិត្យឃើញពីចំណុចលម្អៀងរបស់ជញ្ជីងយុត្តិធម៌ជាក់ជាមិនខាន។

ជារួមការ ចាប់ខ្លួនលោក កឹម សុខា ច្បាស់ជាធ្វើឲ្យបក្សប្រឆាំងខាតបាត់បង់ជំហរ ហើយក៏ទំនងជាមិនចំណេញដល់បក្សកាន់អំណាចច្រើននោះដែរ។ បើស្ថានភាពបែបនោះកើតឡើងពិតមែន គឺត្រូវគេវាយតម្លៃថា សភាពការនយោបាយស្រុកខ្មែរធ្លាក់ដុនដាបមែនទែន។ ហើយចំណែកឯការបំបាក់ស្មារតីគូប្រជែង និងការធ្វើឲ្យគូប្រកួត គ្មានមានលទ្ធភាពឡើងលើសង្វៀននយោបាយ ហើយបើខ្លួនឈ្នះការប្រកួតតែម្នាក់ឯង ក៏មិនសូវល្អ មើលប៉ុន្មានដែរ។

យ៉ាងណាក៏ដោយចុះ ចំពោះអ្នកសង្កេតការណ៍មួយចំនួន យល់ឃើញថា បើពិតមានការចាប់ខ្លួនលោក កឹម សុខា មែននោះ គឺទំនងជាគ្មានការចំណេញចំពោះសភាពការស្រុកទេសនោះទេ តែផ្ទុយទៅវិញ គឺមានតែផលចំណេញសម្រាប់តែបុគ្គលអ្នកនយោបាយដែលចង់ផ្តួលគូប្រជែង និងចំណេញសម្រាប់អ្នកនយោបាយឱកាសនិយមតែប៉ុណ្ណោះ។

ចំណែកឯការចំណេញមួយផ្សេងទៀត ដែលគេហាក់មិនសូវចាប់អារម្មណ៍នោះគឺ ការផ្តល់ឱកាសសម្រាប់ឲ្យគណបក្សតូចៗដទៃទៀត ត្រៀមសម្រិតសម្រាំងខ្លួន ដើម្បីទទួលងារជាបក្សប្រឆាំងវិញម្តង៕

ប្រភព៖ RFI


Related Posts