ខណៈនេះ កម្លំាងចម្រុះកំពុងចុះអនុវត្តន៍ដីការក្សាការពារនៅរោងចក្រ«ស៊ុនសា»

រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា នៅវេលាម៉ោងប្រហែល៣​រសៀល​ថ្ងៃទី៣០ សីហានេះ កងកម្លំាងសមត្ថកិច្ចចម្រុះនិងមានការចូលរួមសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ បានចុះ​អនុវត្តន៍ដីការក្សាការពាររោងចក្រ «ស៊ុនសា» ( Shun Sa Cambodia Garment Limited) ស្ថិតនៅក្នុងភូមិព្រៃ​ព្រីង​ខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលរោងចក្រនេះតំណាងដោយឈ្មោះ Chin Jin jing ។

សេចក្តីរាយការណ៍បានបន្តថា រោងចក្រខាងលើបានចុះកិច្ចសន្យាក្នុងការទទួលយកអាវនិងវត្ថុធាតុដើមផ្សេងៗពីរោងចក្រមួយ​ទៀត​​ឈ្មោះ កូកូវ៉ុល(CoCoVol) ស្ថិតនៅក្នុងភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ តំណាងដោយឈ្មោះ Christopher Chang ប៉ុន្តែពេលផលិតរួចមិនប្រគល់វត្ថុធាតុដើមនិងផលិត​ផលសម្រេច(អាវស្រ្តី)ទៅឲ្យរោងចក្រ«កូកូវ៉ុល»វិញឡើយ ទើបមានការ​ប្តឹង​ផ្តល់គ្នា​និង​រហូតដល់ចៅក្រមសាលាដំបូងរាជធានី​ភ្នំពេញ​លោកស្រី ស៊ លីនណា ចេញដីកាដែលចុះអនុវត្តន៍ខាងលើ​លេខ៤៧៧ លដរ ចុះថ្ងៃទី១៧ សីហា ២០១៦ រក្សាការពាររោងចក្រ​មិនឲ្យមានការលក់ដូរផ្សេងៗ ៕