ក្រោយ​សួរ​មន្ត្រី​អាដហុក​ជិត​៣​ម៉ោង ឧទ្ធរណ៍​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ និពន្ធដោយ : ម៉ៅ សុផា       August-30-2016, 4:20 pm         67

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រោយ​សួរ​មន្ត្រី​អាដហុក​ជិត​៣​ម៉ោង ឧទ្ធរណ៍​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សមត្ថកិច្ច បាន​នាំខ្លួន​មន្ត្រី​អាដហុក​ទាំង​៤​រូប ដែល​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សាកសួរ​លើ​ពាក្យបណ្តឹង​របស់​ពួកគេ ដែល​ស្នើ​ឲ្យ​ទាត់ចោល​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។ ប៉ុន្តែ​សាលាឧទ្ធរណ៍ មិនទាន់​ប្រកាស​សាលដីកា​នៅថ្ងៃនេះ ឡើយ​។

​ក្រោយ​បញ្ចប់​សវនាការ​ដែល​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជិត​៣​ម៉ោង សាលាឧទ្ធរណ៍ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា នៅ​ថ្ងៃក្រោយ​។ កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​នេះ នឹងធ្វើ​ឡើ​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ឯណោះ​។

​ការបើក​សវនាការ​នៅថ្ងៃនេះ គឺធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ដែល​មិន​សុខចិត្ត​នឹង​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ហេតុដូច្នេះ ក្រុម​មេធាវី ក៏បាន​សុំ​ឲ្យ​សាលាឧទ្ធរណ៍​ច្រានចោល​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចាត់ការ​លើ​កូនក្តី​របស់​ពួកគេ​កន្លងមក​។​

​នៅពេល​ចាក​ចេញពី​បន្ទាប់​សវន​ការ មន្ត្រី​អាដហុក​ទាំងនោះ មិនបាន​និយាយ​អ្វី​ច្រើន​ជាមួយ​អ្នកសារព័ត៌មាន​នោះទេ​។ លោកស្រី លឹម មុន្នី ដែលជា​មន្ត្រី​អាដហុក​១​រូប ក្នុងចំណោម​មន្ត្រី​អាដហុក​ទាំង​៤​រូប បានត្រឹមតែ​ស្រែក​ពាក្យ​យ៉ាងខ្លី​ថា​៖«​អយុត្តិធម៌ សម្រាប់​ពួក​ខ្ញុំ​» ប៉ុណ្ណោះ​។

​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ ដែល​ចូលរួម​តាមដាន​សវនាការ សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​ផ្តល់​យុត្តិធម៌ ដល់​អ្នក​ទាំង​៤​រូប​ខាងលើ​។ លោក​បន្ថែមថា ប្រសិនបើ​សាលដីកា សម្រេច​ទាត់ចោល​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​សំណើ​របស់​មេធាវី នោះ​អ្នក​ទាំង​៤​រូប អាច​នឹង​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។

​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ បានបញ្ជាក់​បែបនេះ​ថា​៖«​ប្រសិនបើ​សាលដីកា​សម្រេច​មោឃភាព​នីតិវិធី​នេះហើយ អ៊ីចឹង​កូនក្តី​របស់​មេធាវី (​មន្ត្រី​អាដហុក​ទាំង​៤​នាក់​) ក៏ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ដែរ ព្រោះនេះ​គឺជា​កំហុស​ផ្នែក​នីតិវិធី (​នីតិវិធី​របស់​ACU)»​។​

​ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ដែល​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ស្រីមុំ​ដែល​នោះ ក៏បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍​ផងដែរ ដើម្បី​ជំទាស់​នឹង​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ប៉ុន្តែ សាលាឧទ្ធរណ៍ បាន​បដិសេធ​នឹង​សំណើ​របស់លោក នី ចរិយា ហើយ​ចាត់ទុក​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា ត្រឹមត្រូវ​ទៅតាម​នីតិវិធី​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ លោក នី ចរិយា និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​។ បើតាម​ការចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប សុទ្ធតែ​ជាប់ទាក់ទង​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕