លោកស្រី ​Clinton និងលោក Trump បង្ហាញទស្សនៈខុសគ្នាលើគោលនយោបាយអន្តោប្រវេសន៍

លោកស្រី Hillary Clinton និងលោក Donald Trump មានផែនការខុសគ្នាយ៉ាងខ្លាំងអំពីគោលនយោបាយអន្តោប្រវេសន៍នៅក្នុងស.រ.អា. ប្រសិនបើលោកស្រី ឬលោកជាប់ឆ្នោតជាប្រធានាធិបតីស.រ.អា.ក្នុងខែវិច្ឆិកាខាងមុខនេះ ដោយគោលនយោបាយខ្លះមានរួមបញ្ចូលសំណើដែលមានភាពផ្ទុយគ្នាទាំងស្រុង។

ការសន្យារបស់បេក្ខជនទាំងពីរនាក់នេះនៅពេលឃោសនាបោះឆ្នោតមានទាំងសេចក្តីស្នើដែលគូសបញ្ជាក់ពីការពង្រឹងច្បាប់ដែលមានរួចស្រេចហើយ និងសំណើដែលតម្រូវឱ្យមានសេចក្តីព្រាងច្បាប់ថ្មីៗ ហើយអាចមានលទ្ធភាពក្នុងការកែប្រែក្នុងរដ្ឋធម្មនុញ្ញស.រ.អា.ផងដែរ។

លោក Trump មានគ្រោងនឹងថ្លែងសុន្ទរកថាសំខាន់មួយអំពីបញ្ហានេះនៅក្នុងរដ្ឋ Arizona នៅថ្ងៃពុធស្អែកនេះ។

សំណួរមួយក្នុងបណ្តាសំណួរជាក់ស្តែងបំផុតគឺថា តើត្រូវធ្វើដូចម្តេចចំពោះមនុស្ស១១លាននាក់ដែលបានរស់នៅក្នុងប្រទេសអាមេរិកដោយខុសច្បាប់រួចទៅហើយនោះ។ សព្វថ្ងៃនេះ ពួកជនទាំងនេះអាចធ្វើអ្វីបានតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីឱ្យមានសញ្ជាតិអាមេរិកាំង។ លោកស្រី Clinton មានប្រសាសន៍ថាអាទិភាពមួយក្នុងបណ្តាអាទិភាពដំបូងៗរបស់លោកស្រីគឺកំណែទម្រង់អន្តោប្រវេសន៍ដែលមានរួមបញ្ចូលការបង្កើតវិធីមួយដើម្បីឲ្យពួកគេទទួលបានសញ្ជាតិអាមេរិកាំង ប៉ុន្តែវិធីនោះលោក Trump មិនគាំទ្រទេ។

អាទិភាពដំបូងមួយរបស់លោក Trump គឺការបណ្តេញចេញជាបន្ទាន់នូវពួកជនអន្តោប្រវេសន៍គ្មានឯកសារទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្ម។ លោកស្រី Clinton ក៏បានមានប្រសាសន៍ដែរថា លោកស្រីក៏នឹងផ្តល់អាទិភាពដែរដល់ការបណ្តេញចេញពីប្រទេសអាមេរិកនូវពួកឧក្រិដ្ឋជនឃោរឃៅ។

បេក្ខជនប្រធានាធិបតីអាមេរិកាំងទាំងពីរនាក់នេះបានធ្វើតាមគោលនយោបាយភាគច្រើនដែលមានរួចស្រេចហើយ នៅក្រោមរដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ អនុស្សារណៈមួយកាលពីឆ្នាំ២០១៤ របស់លោក Jeh Johnson

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ បង្ហាញទីដៅសំខាន់ៗនៃការពង្រឹងវិធានការអន្តោប្រវេសន៍ ដែលកំណត់គោលដៅយកមនុស្សដែលជាប់សង្ស័យថាជាភេរវជន និងជាចារជនដែលបានខិតខំព្យាយាមចូលក្នុងប្រទេសអាមេរិកដោយខុសច្បាប់ និងពួកជនដែលមានទោសពីបទប្រព្រឹត្តអំពើឃោរឃៅបែបជនអន្ធពាល ឬ បទឧក្រិដ្ឋ។

ពួកជនដែលបានឋិតនៅក្នុងប្រទេសអាមេរិករួចស្រេចហើយ ហើយដែលមិនបានប្រព្រឹត្តឧក្រិដ្ឋកម្ម ឬមិនបានរំលោភច្បាប់ធ្ងន់ធ្ងរលើកម្មវិធីទិដ្ឋាការទេនោះមិនមែនជាការផ្តោតអារម្មណ៍ខ្លាំងនៃការបណ្តេញចេញពីស.រ.អា.ទេ៕

ប្រភព៖ VOA


Related Posts