ទាហានហ្វីលីពីន១២នាក់ស្លាប់ក្នុងពេលប្រយុទ្ធនឹងឧទ្ទាមនៅភាគខាងត្បូង

ទាហានហ្វីលីពីន១២នាក់ស្លាប់ក្នុងពេលប្រយុទ្ធនឹងឧទ្ទាមនៅភាគខាងត្បូង
ទាហាន១២នាក់ ត្រូវបានគេសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយពួកឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម នៅលើកោះមួយស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីអ្នកនាំពាក្យយោធាកាលពីថ្ងៃចន្ទម្សិលមិញ។

Reuters បានដកស្រង់សម្ដីអ្នកនាំពាក្យយោធាហ្វីលីពីន លោក Filemon Tan ដែលបាននិយាយថា ទាហាន៥នាក់ក៏បានរងរបួសផងដែរនៅក្នុងការប្រយុទ្ធគ្នារយៈពេល១ម៉ោងកន្លះនៅក្នុងព្រៃស្ថិតលើកោះចូឡូ ខណៈពេលដែលទាហានតាមប្រមាញ់ក្រុមអាប៊ូសាយយ៉ាហ្វ៍។

លោក Tan ថ្លែងថា៖ «ការប្រយុទ្ធពិតជាតឹងតែងណាស់ យើងបាត់បង់ទាហាន១២នាក់។ អ្នកអាចប្រមើលមើលពីអន្តរាយធ្ងន់ធ្ងររបស់ភាគីទាំងពីរ ដោយសារតែទំហំនៃការបាញ់ប្រហារពីភាគីទាំងពីរ។ យើងមិនដឹងថា តើសត្រូវប៉ុន្មាននាក់បានស្លាប់នោះទេ ប៉ុន្តែអាចមានចំនួនលើសពី៣០នាក់»។

ក្រុមបះបោរអាប៊ូសាយយ៉ាហ្វ៍ជាង២០នាក់បានស្លាប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅពេលពួកយោធាបានចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសនិងលើដីទៅលើមូលដ្ឋានក្រុមអាប៊ូសាយយ៉ាហ្វ៍ស្ថិតនៅតំបន់ Patikul ក្រោយពីប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានដាក់បញ្ជាឲ្យទាហាន «កម្ទេច» ក្រុមឧទ្ទាម។

ក្រុមអាប៊ូសាយយ៉ាហ្វ៍ដែលល្បីខាងចាប់ជំរិតនិងកាត់ក្បាលចំណាប់ខ្មាំងនោះ បានវាយប្រហារលើទាហានរដ្ឋាភិបាលជាបន្តបន្ទាប់ ដោយបានបង្កើតបណ្ដាញរបស់ខ្លួនតាមរយៈការចាប់ជំរិតមនុស្សទារលុយនឹងក្លាយជាក្រុមចាប់ជំរិតរកលុយបានច្រើនបំផុតនៅអាស៊ី។

ជនជាតិកាណាដា២នាក់និងយុវជនហ្វីលីពីនម្នាក់ ត្រូវបានក្រុមអាប៊ូសាយយ៉ាហ្វ៍សម្លាប់នៅឆ្នាំនេះ។ កាលពីសប្ដាហ៍មុន ជនជាតិឥណ្ឌូនេស៊ី២នាក់បានរត់គេចផុតពីការចាប់ខ្លួន ប៉ុន្តែមានមន្ទិលសង្ស័យថា ពួកអាប៊ូសាយយ៉ាហ្វ៍បានដោះលែងពួកគេ បន្ទាប់ពីក្រុមគ្រួសារពួកគេផ្ដល់លុយតាមការទាមទារ។

ជនជាតិឥណ្ឌូនេស៊ី៨នាក់ ហ្វីលីពីន៨នាក់ ម៉ាឡេស៊ី៥នាក់ ហូឡង់ម្នាក់ និងអ្នកគ្រប់គ្រងរមណីយដ្ឋានជនជាតិន័រវេសម្នាក់ កំពុងស្ថិតក្នុងកណ្ដាប់ដៃពួកអាប៊ូសាយយ៉ាហ្វ៍៕

ប្រភព៖ VOD

  • ទាហានហ្វីលីពីន១២នាក់ស្លាប់ក្នុងពេលប្រយុទ្ធនឹងឧទ្ទាមនៅភាគខាងត្បូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: