មេដឹកនាំវៀតណាមព្រមានថា គ្រប់គ្នានឹងបរាជ័យក្នុងសង្គ្រាមសមុទ្រចិនខាងត្បូង

មេដឹកនាំវៀតណាមព្រមានថា គ្រប់គ្នានឹងបរាជ័យក្នុងសង្គ្រាមសមុទ្រចិនខាងត្បូង
ប្រធានាធិបតីវៀតណាម លោក ជិន ដាយគ័ង (រូបភាពពី AFP)

ប្រធានាធិបតីវៀតណាម លោក ជិន ដាយគ័ង បានព្រមាននៅថ្ងៃនេះថា នឹងពុំមាននរណាឈ្នះនោះឡើយ នៅក្នុងជម្លោះប្រដាប់អាវុធដែលកើតចេញពីជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP មេដឹកនាំវៀតណាមបានថ្លែងដូច្នេះអំឡុងពេលលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី។ លោក ជិន ដាយគ័ង ថ្លែងថាការវិវត្តថ្មីៗនៅក្នុងរឿងជម្លោះសមុទ្រចិនខាងត្បូងកំពុងគំរាមកំហែងដល់សន្តិសុខតំបន់។

AFP រាយការណ៍ថាមេដឹកនាំវៀតណាមពុំបានបញ្ជាក់អំពីប្រទេសណាមួយនោះទេ ប៉ុន្តែវិវាទបានតានតឹងកាន់តែខ្លាំងជុំវិញសកម្មភាពរបស់ចិន។

ប្រទេសចិនបានអះអាងជាម្ចាស់លើទឹកដីភាគច្រើននៅសមុទ្រចិនខាងត្បូង។ ប្រទេសនេះក៏បានកសាងមូលដ្ឋានយោធានៅលើប្រជុំកោះប៉ប្រះទឹកដែលជំរុញឲ្យមានកំហឹងពីប្រទេសដទៃទៀត ជាពិសេសវៀតណាមនិងហ្វីលីពីន។

លោក គ័ង បានថ្លែងថា៖ «សមុទ្រចិនខាងត្បូងដែលស្ថិតនៅចំកណ្ដាលតំបន់អាស៊ីអាគ្នេយ៍ មិនត្រឹមតែផ្ដល់ផលប្រយោជន៍សំខាន់ៗជាច្រើនទៅដល់ប្រទេសនានានៅក្នុងតំបន់នោះទេ ប៉ុន្តែវាក៏ជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនរបស់ពិភពលោកផងដែរ»។

លោកបន្តថា៖ «ប៉ុន្តែការវិវត្តថ្មីៗដ៏គួរឲ្យព្រួយបារម្ភនៅទីនោះមានឥទ្ធិពលអវិជ្ជមានទៅលើបរិយាកាសសន្តិសុខតំបន់ ជាពិសេសសន្តិសុខនិងសុវត្ថិភាពជើងទឹក សេរីភាពនៃនាវាចរណ៍និងការហោះហើរ»។

លោកបានព្រមានថា៖ «តើយើងគួរអនុញ្ញាតឲ្យអស្ថិរភាពកើតឡើងទេ? ជាពិសេសក្នុងករណីជម្លោះប្រដាប់អាវុធ នឹងមិនមាននរណាឈ្នះឬចាញ់នោះឡើយ ប៉ុន្តែគ្រប់គ្នានឹងបរាជ័យ»។

លោក ជិន បានថ្លែងដូច្នេះទៅកាន់អ្នកកាទូត បញ្ញាវ័ន្ត និងនិស្សិតនៅឯវេទិកាមួយរៀបចំឡើងដោយវិទ្យាស្ថាន ISEAS Yusof Ishak។

បណ្ដាប្រទេសអាស៊ីអាគ្នេយ៍៤ មានប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែបានអះអាងជាម្ចាស់លើដែនទឹកត្រួតស៊ីគ្នានោះ៕

ប្រភព៖ VOD

  • មេដឹកនាំវៀតណាមព្រមានថា គ្រប់គ្នានឹងបរាជ័យក្នុងសង្គ្រាមសមុទ្រចិនខាងត្បូង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: