អាជ្ញាធរ​ថៃ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​១៤​នាក់

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​១៤​នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ឱ្យ​មាន​សេរីភាព នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ម្នាក់​ឈ្មោះ លឿន ឡា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កណ្តាល ឃុំ​អូរ​ក្រូច ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុង​ចំណោម​អ្នកទោស​១៤​នាក់ បាន​រៀបរាប់​ថា ដោយសារ​ខ្លួន​មាន​ជីវភាព​ក្រីក្រ ទើប​សំរេចចិត្ត​ប្រថុយ​អាយុជីវិត​ឡើង​ភ្នំ​ដងរ៉ែក​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​កាប់​ឈើ​គ្រញូង តែ​ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់ នឹង​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១០ រហូត​មក​ទល់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ទើប​អាជ្ញាធរ​ថៃ​ដោះ​លែង​វិញ​។

មន្ត្រី​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចំនួន​១៤​នាក់ ក្នុង​នោះ​ចំនួន​១៣​នាក់ ជាប់​ទោស​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​ដោយ​ខុសច្បាប់ ក្នុង​ម្នាក់​ៗ​ជាប់គុក​ចាប់ពី​១​ឆ្នាំទៅ​៦​ឆ្នាំ និង​ម្នាក់​ទៀត​ជាប់​ទោស​ពី​បទ​ក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន​ពលរដ្ឋ​ថៃ​ជាប់គុក​១៣​ឆ្នាំ ទើប​ដោះ​លែង​។

មន្ត្រី​ដដែល​បន្ត​ថា ក្នុង​ចំណោម​អ្នកទោស​ទាំង​១៤​នាក់​នោះ គឺ​មក​ពី​ខេត្តបាត់ដំបង ចំនួន​៤​នាក់ ខេត្តឧត្តរមានជ័យ ចំនួន​១០​នាក់ បន្ទាប់​ពី​ទទួលយក​អ្នកទោស​ខ្មែរ​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ថកិច្ច​កម្ពុជា​យើង​បាន​ធ្វើការ​អប់រំ​ដល់​ពួក​គាត់ រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​ជួបជុំ​ក្រុម​គ្រួសារ​នា​ថ្ងៃ​ដដែល​៕