ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ពន្យល់​ករណី​ដាក់​សព​គរ​គ្នា​លើ​រថយន្ត​ និពន្ធដោយ : ថ្មីៗ       August-30-2016, 5:23 pm         86

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ពន្យល់​ករណី​ដាក់​សព​គរ​គ្នា​លើ​រថយន្ត​​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឆ្លើយតប​ចំពោះ​ការរិះគន់​ទាក់ទង​ការដាក់​សព គរ​គ្នា​លើ​រថយន្ត​។ ជនរងគ្រោះ​៩​នាក់​បាន​ស្លាប់​ភ្លាម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​ដី លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៩ ខែសីហា​។​

​រូបភាព​ដែល​បង្ហាញ​ពី​លើកសព​ដាក់​គរ​គ្នា​លើ​រថយន្ត ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ដោយ​ខ្លះ​បាន​ចោទ​ក្រុមមន្ត្រី​ប៉ូលិស​ថា បាន​ប្រមាថ និង​មើលងាយ​ជនរងគ្រោះ​។ តប​ទៅនឹង​ការរិះគន់ ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ចូលរួម​រំលែក​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​សព និង​ក្រុមគ្រួសារ​ជនរងគ្រោះ​»​។

​នគរបាល​ខេត្តបាត់ដំបង បាន​ពន្យល់ថា សកម្មភាព​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ នគរបាល​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ដែល​នៅ​ជិត​បំផុត ក្នុងនោះ​មាន​រថយន្ត​សង្គ្រោះ​ដឹកនាំ​អ្នក​រង របួស​ទៅកាន់​មន្ទីរពេទ្យ ដោយឡែក​អ្នក​បាត់បង់​ជីវិត​នៅ​កន្លែងកើតហេតុ ក្រោយ​គាស់​យក​ចេញពី​រថយន្ត នគរបាល​បានសម្រេច​ដឹក​សាកសព​ទៅកាន់​ទី​អារាម​ដែល​នៅក្បែរនោះ​ដើម្បី​រៀបចំ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ដោយមាន​ជំនួយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ផងដែរ ។

«​ដោយ​រថយន្ត​សង្គ្រោះ​ពេល​នោះបាន​ដឹកនាំ​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​អស់ ហើយ​សាកសព​ស្ថិតនៅ​លើដី​យូរ ឯអាកាស​ធាតុ​មិន​អំណោយផល ត្បិត​មាន​ភ្លៀងរលឹម​ផង បើ​ទុក​យូរ​រង់ចាំ​រថយន្ត​សង្គ្រោះ​ត្រឡប់មកវិញ ពិត​ជាមាន​លក្ខណៈ​មិន​គប្បី​ច្រើន ដូច្នេះ​នគរបាល​សម្រេច​លើក​សាកសព​ដាក់​លើ រថយន្ត​ដឹក​ទៅកាន់​ទី​អារាម​នៅ​ជិត​បំផុត​ជាច្រើន​ជើង​។ ទិដ្ឋភាព​នេះ​ត្រូវបាន​មតិ មួយចំនួន​លើកឡើងថា (​មិន​គប្បី មិន​សមរម្យ ឬ​មិន​ទំនង​)​ដែល​ដាក់​សាកសព​លើ​រថយន្ត​បែបនេះ​» ។

​ជាមួយគ្នានេះ​ផងដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ព្រម​ទទួលយក​ការរិះគន់ ហើយ​សន្យា​ខិតខំ​រក​មធ្យោបាយ​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ ក្នុងករណី​មាន​ឧប្បត្តិហេតុ​លើក​ក្រោយៗ​ទៀត​៕