លោក Obama គ្រោង​ជួប​លោក Duterte «​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​» ជា​លើកដំបូង​នៅ​ឡាវ និពន្ធដោយ : ទេព អ៊ីវិសាល       August-30-2016, 4:54 pm         347

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Obama គ្រោង​ជួប​លោក Duterte «​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​» ជា​លើកដំបូង​នៅ​ឡាវ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​ទី​២៨​និង​២៩​នៅ​ថ្ងៃទី​០៦-០៨ ខែកញ្ញា​ខាងមុខ​ដ៏​ខ្លី​នេះហើយ​។ នាឱកាស​នេះ លោក​ប្រធានាធិបតី ក៏​រំពឹងថា នឹង​ជួប​ជាមួយនឹង​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែលជា​សម្ព័ន្ធមិត្ត​តាមរយៈ​សន្ធិសញ្ញា​ជា​លើកដំបូង​នៅ​ទីនោះ​ផងដែរ​។​

​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​អាមេរិក​លោក BEN RHODES បាន​ថ្លែង​នៅក្នុង​សន្និសីទ​តាមរយៈ​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា «​យើង​រំពឹងថា លោក​ប្រធានាធិបតី នឹងមាន​ពេល​សម្រាប់​កិច្ចប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​ហ្វីលីពីន លោក ឌើ​ទើ​តេ​។ ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដែល​បាន​បញ្ញត្តិ​នៅក្នុង​សន្ធិសញ្ញា ហើយក៏​ជា​ភាគី​នៃ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ខ្ញុំ គិតថា យើង ចង់​រម្លឹក​ពី​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ដែន​កំណត់​របស់​សន្ធិសញ្ញា និង​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ហ្វីលីពីន​ផងដែរ​»​។

​សូមបញ្ជាក់​ផងដែរ​ថា ហ្វីលីពីន និង​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​ដោយ​មិន​ត្រឹមតែ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នោះទេ តែ​ភាគី​ទាំងពីរ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​សម្ព័ន្ធមិត្ត​ជាមួយគ្នា​ផងដែរ បាន​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយនឹង​គ្នា​ខ្លាំង​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​យោធា​។ ក្នុង​រដ្ឋបាល​ហ្វីលីពីន​ចាស់ អាមេរិក​បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​សកម្ម​ដើម្បី​ជ្រោមជ្រែង​ហ្វីលីពីន​ដើម្បី​តទល់​ជាមួយនឹង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទាំង​ផ្នែក​ការទូត និង​យោធា​។

​អ្វី​គួរកត់សម្គាល់​នោះ ជំនួប​នៅក្នុង​ក្រុង​វៀងចន្ទន៍ នឹង​ក្លាយ​ជំនួប​ទ្វេភាគី​លើកដំបូង​ហើយ​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​គិត​ចាប់ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​ឡើងកាន់​អំណាច​។ លោក រ៉ូ​ឌ្រី​ហ្គូ ដែល​ទើបតែ​កាន់អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០​ខែមិថុនា​កន្លងទៅ បាន​ជួប​ជាមួយនឹង​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី ដើម្បី​ជជែក​ពី​កិច្ចការ និង​ទំនាក់ទំនង​ទូទៅ​រវាង​ប្រទេស​ទាំងពីរ​ម្តង​រួចទៅហើយ​កាលពី​ខែ​មុននេះ​។ ក្នុង​រដ្ឋបាល​ថ្មី​ហ្វីលីពីន លោក ឌើ​ទើ​តេ មិនទាន់​បញ្ចេញ​គោលជំហរ​ជាក់លាក់​ទៅកាន់​អាមេរិក​នោះទេ​។

​ដោយឡែក សម្រាប់​ជំនួប​លោក អូ​បា​ម៉ា និង​លោក ឌើ​ទើ​តេ នៅ​ឡាវ​ដែលជា​ប្រទេស​ដែល​ត្រូវបាន​ប្រធានាធិបតី​អាមេរិក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នោះ ក៏ត្រូវ​បានរ​ពឹង​ថា នឹងមាន​កិច្ចពិភាក្សា​ស្នូល​ច្រើន​ត្រូវ​លើកឡើង​ផងដែរ​។ ហើយ​នោះ​ក៏​ព្រោះតែ វា​ក៏​លើកចុងក្រោយ​ហើយ​ដែល​លោក ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងនាម​ជា​ប្រធានាធិបតី ខណៈ លោក នឹង​ត្រូវផុត​អាណត្តិ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​៕