កាប់​គូ​ដណ្ដឹង ២ ពូថៅ ស្លាប់​ភ្លាមៗ ដោយសារតែ​ខឹង​ដេញ​ចេញពីផ្ទះ​

តាកែវ:
ស្ត្រី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម នៅក្នុង​ថ្លុកឈាម ដោយសារតែ​បុរស​កំណាច ត្រូវជា​គូ​ដណ្ដឹង កាប់​នឹង​ពូថៅ ពីព្រោះ​តែ​ខឹង​ជនរងគ្រោះ ដេញ​ចេញ ពីផ្ទះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។ ស្ត្រី​រងគ្រោះ បាន​ដេញ​បុរស​ជា​គូ​ដណ្ដឹង ចេញពីផ្ទះ ដោយសារតែ បុរស​រូបនេះ បាន​ជក់​ថ្នាំញៀន​។​

​លោក សែម សុជាតិ នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្តតាកែវ បាន​ឲ្យ​ដឹង ថា ជនរងគ្រោះ ឈ្មោះ ភួ​ន សុខ​ហៃ អាយុ​២១​ឆ្នាំ​។ ដោយឡែក ជនសង្ស័យ ឈ្មោះ ស្រ៊ុន ចាន់​ឌី អាយុ​៣១​ឆ្នាំ​។ អ្នក​ទាំង​២ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ជាមួយគ្នា ។​

​លោក សែម សុជាតិ បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ដេញ​ជន សង្ស័យ ចេញពីផ្ទះ ដោយសារតែ​ញៀន​ថ្នាំ ធ្វើអោយ​ជនសង្ស័យ​ខឹង រួច​យក​ពូថៅ កាប់​រហូតដល់​ស្លាប់​តែម្តង​។

តែ​យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ចាប់ខ្លួន​ជនសង្ស័យ រួច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ ការ ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕N/m