អាមេរិក ប្រាប់​សម្ព័ន្ធមិត្ត​កុំ​វាយ​គ្នាឯង និង​ត្រូវ​ផ្ដោតលើ​ក្រុម ISIS វិញ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-30-2016, 5:40 pm         754

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក ប្រាប់​សម្ព័ន្ធមិត្ត​កុំ​វាយ​គ្នាឯង និង​ត្រូវ​ផ្ដោតលើ​ក្រុម ISIS វិញ​​ប្រតិបត្តិ​ការឆ្លង​ព្រំដែន​របស់​កងទ័ព​តួ​ក​គី មិន​តែ​ត្រឹមតែ​បាន​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ចេញពី​ព្រំដែន​ជាមួយ​ស៊ី​រី​ទេ តែ​ក៏បាន​រុញច្រាន​កងកម្លាំង​ឃើ​ដ (YPG) ដែល​គាំទ្រ​ដោយ​អាមេរិក​ផងដែរ​។ ជាមួយនឹង​ស្ថានការណ៍​បែបនេះ អាមេរិក ដែល​កំពុង​ដឹកនាំ​ក្រុម​សម្ព័ន្ធមិត្ត​វាយ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម បាន​ណែនាំ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទាំងពីរ ផ្អាក​ការប្រយុទ្ធ​គ្នា​សិន​ទៅ ដ្បិត​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​យុទ្ធនាការ​ប្រឆាំង​ក្រុម​ជ្រុលនិយម​។​

​សហរដ្ឋអាមេរិក កំពុង​ខ្វាយខ្វល់​យ៉ាងខ្លាំង បន្ទាប់ពី​សម្ព័ន្ធមិត្តរ​បស់​ខ្លួន គឺ​តួ​ក​គី និង​កងកម្លាំង​ឃើ​ដ (YPG) វាយ​ប្រយុទ្ធ​គ្នា​នៅលើ​ទឹកដី​ស៊ី​រី​។ ដោយ​មើលឃើញ​ពី​ការប៉ះពាល់​លើ​យុទ្ធសាស្ត្រ​សង្គ្រាម​នៅ​ស៊ី​រី អាមេរិក នៅ​ថ្ងៃទី​២៩ ខែសីហា បាន​ប្រាប់​តួ​ក​គី និង​ក្រុម​ឃើ​ដ ប្ដូរ​ទិសដៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម ដែលជា​គោលដៅ​ចម្បង​ជំនួស​វិញ ជាជាង​ការ​វាយ​គ្នាឯង​នោះ​។

​ជាង​មួយ​សប្ដាហ៍​មកនេះ កងកម្លាំង​តួ​ក​គី និង​ក្រុម​ឧទ្ទាម​ស៊ី​រី​សេរី ដែល​គាំទ្រ​ដោយ​យន្តហោះ​ចម្បាំង​តួ​ក​គី បាន​ដណ្ដើមបាន​ទីក្រុង Jarablus ពី​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ឃើ​ដ ដែល​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​។ មកទល់ពេលនេះ ក្រុម​ឧទ្ទាម​ស៊ី​រី​សេរី ដែលមាន​តួ​ក​គី​នៅ​ពីក្រោយ កំពុង​រុលទៅមុខ​ឆ្ពោះទៅកាន់​ទីក្រុង Manbij នៅ​ភាគ​ខាងជើង ដែល​កំពុងស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​របស់​ក្រុម​ឃើ​ដ បន្ទាប់ពី​បណ្ដេញ​ក្រុម​រដ្ឋ​ឥស្លាម​រួចមក​។

​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​មន្ទីរ​បញ្ច​កោណ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter បានស្នើ​ឲ្យ​កងទ័ព​តួ​ក​គី និង​ក្រុម​ឧទ្ទាម​ឃើ​ដ ឈប់​វាយ​គ្នា​ទៅវិញទៅមក និង​ត្រូវ​បន្ត​យុទ្ធនាការ​វាយ​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ ប្រសិនបើ​ការប៉ះទង្គិច​រវាង​សម្ព័ន្ធ​ទាំងពីរ​របស់​អាមេរិក​នៅតែ​បន្ត​នោះ ការរួបរួម​ជា​ធ្លុង​ដើម្បី​កម្ទេច​ក្រុម​ជ្រុលនិយម អាច​ប្រឈមមុខ​នឹង​បញ្ហា​មិនខានឡើយ ដ្បិត​ទាំង​តួ​ក​គី និង​ក្រុម​ឃើ​ដ សុទ្ធតែ​ដើរតួនាទី​សំខាន់​ក្នុង​ប្រតិបត្តិការ​នេះ​។​

​ជាមួយគ្នានេះ ក្នុង​គោលដៅ​បន្ថយកម្ដៅ​នោះ អាមេរិក​ក៏បាន​ប្រាប់​ក្រុម​ឧទ្ទាម​ឃើ​ដ កុំ​ឲ្យ​ឆ្លង​មក​ច្រាំង​ខាងកើត​នៃ​ទន្លេ Euphrates ដែល​តួ​ក​គី​ចាត់ទុកជា​បន្ទាត់​ក្រហម ប្រសិនបើ​មិន​ចង់​បាត់​ការគាំទ្រ​ពី​អាមេរិក​នោះ​។ បន្ទាប់ពី​ការព្រមាន​របស់​អាមេរិក​ហើយ​នោះ កងកម្លាំង​ឃើ​ដ ហាក់ដូចជា​ដកថយ​ទៅកាន់​ទីក្រុង Manbij ដែល​ទើបតែ​យកបាន​ពី​ក្រុម​រដ្ឋ​ឥស្លាម ក្រោម​ការគាំទ្រ​របស់​អា​មេ​រិ​ក​។

​តាមពិតទៅ​គោលដៅ​ធំ​នៃ​ប្រតិបត្តិការ​របស់​តួ​ក​គី​នៅ​ស៊ី​រី គឺ​រុញច្រាន​ក្រុម​ឃើ​ដ​កុំ​ឲ្យ​ឆ្លងទន្លេ​នេះ បន្ទាប់​ពីមួយ​រយៈពេល​ចុងក្រោយ​នេះ កងកម្លាំង​ឃើ​ដ​នេះ បាន​ពង្រីក​ដែនដី​គ្រប់គ្រង​យ៉ាងច្រើន តាម​បណ្ដោយ​ព្រំដែន​តួ​ក​គី និង​ស៊ី​រី​។ ដោយសារ​ហេតុនេះ ទើប​តួ​ក​គី​បើកដៃ​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ី​រី​សេរី បន្តដំណើរ​ទៅកាន់​ទីក្រុង Manbij ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី Jarablus៕