ពលរដ្ឋ​ជិត​៤០០​នាក់​បិទ​ផ្លូវ​ចូល​សាលា​ស្រុក​ស្វាយលើ​ទាមទារ​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី

តុលាការ​ខេត្ត​ព្រះវិហារ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អាព័រ ឃុំ​តាសៀម ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ចំនួន ៥​នាក់​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​ពី​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ (Green Rubber) នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ។ ទាំង​អាជ្ញាធរ​ស្រុក​ស្វាយលើ និង​ប្រជាពលរដ្ឋ បាន​ចាត់​ទុក​ដីកា​របស់​តុលាការ​ខេត្ត​ព្រះវិហារ គឺ​ធ្វើ​ឡើង​ខុស​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​គ្រប់គ្រង ហើយ​ក្រុម​អ្នក​ភូមិ​កំពុង​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ជួយ​ដោះស្រាយ​ទាំង​រឿង​ទំនាស់​ដីធ្លី ព្រម​ទាំង​ចំណាត់​ការ​របស់​តុលាការ​ផង។

ពលរដ្ឋ​ប្រមាណ ៣៧០​នាក់​នៅ​ភូមិ​អាព័រ ឃុំ​តាសៀម នៃ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ដែល​ជាប់​ព្រំ​ប្រទល់​គ្នា​ជាមួយ​នឹង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​លើក​គ្នា​ទៅ​បិទ​កំណាត់​ផ្លូវ​ចេញ​ចូល​របស់​សាលា​ស្រុក​ស្វាយលើ ចាប់​តាំង​តែ​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា។

អ្នក​ភូមិ​ដែល​លើក​គ្នា​ទៅ​បិទ​ផ្លូវ​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ឈ្មោះ ហ្គ្រីន រ៉ាប់ប៊ឺ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរ​ជា​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ឲ្យ​កោះ​ហៅ​ពួក​គេ​ទៅ​វិញ។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​លើក​គ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​សាលា​ស្រុក​ស្វាយលើ នោះ គឺ​លោក ខាំ ម៉ាត់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា ថា ចាប់​តាំង​តែ​ពី​វេលា​ម៉ោង ៩​ព្រឹក គឺ​រូប​លោក និង​អ្នក​ភូមិ​ចំនួន ៣៧០​នាក់ បាន​លើក​គ្នា​បិទ​ផ្លូវ​មុខ​សាលា​ស្រុក​ស្វាយលើ មិន​ឲ្យ​មន្ត្រី​ចេញ​ចូល​បាន​ទេ រហូត​ដល់​រសៀល​ម៉ោង​ជាង ២​ថ្ងៃ​ដដែល ទើប​បើក​ជា​ធម្មតា​វិញ។ ក្រុម​អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក​ស្វាយលើ ជួយ​ដោះស្រាយ​បញ្ហា​ដី​ស្រែ​ចម្ការ​ដែល​ក្រុមហ៊ុន​រំលោភ​ផង និង​ជួយ​ដោះស្រាយ​ជុំវិញ​បណ្ដឹង​ដែល​តុលាការ​ខេត្ត​ព្រះវិហារ កំពុង​កោះ​ហៅ​ពួក​គេ​ចំនួន ៥​នាក់​ផង។

លោក ខាំ ម៉ាត់ បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០១២ រហូត​មក​ដល់​ឆ្នាំ​២០១៦ គឺ​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ តែង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​អាចម៍​ដី​មក​ចាក់​លើ​ស្រែ​របស់​ពួក​គេ ហើយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ គឺ​ក្រុម​អ្នក​ភូមិ​បាន​ទៅ​ហាម​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នោះ បែរ​ជា​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ដោយ​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​លើ​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន៖ «ទាមទារ​ឲ្យ​សាលា​ស្រុក​គាត់​ហៅ​ក្រុមហ៊ុន​មក​ដោះស្រាយ ពីព្រោះ​កន្លង​មក ក្រុមហ៊ុន​បិទ​ផ្លូវ​ទាំង​ការ​ចេញ​ចូល​របស់​ពលរដ្ឋ​ទៅ​ធ្វើ​ស្រែ​ចម្ការ ឈឺ​ថ្កាត់​ក៏​លំបាក»

អាជ្ញាធរ​ស្រុក​ស្វាយលើ ឲ្យ​ដឹង​ថា កន្លង​ទៅ ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ ពិត​ជា​បាន​រំលោភ​លើ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​មែន ហើយ​អាជ្ញាធរ​នឹង​រៀបចំ​មន្ត្រី​ឲ្យ​ចុះ​ទៅ​ដោះស្រាយ​ជា​បន្ទាន់។

អភិបាល​ស្រុក​ស្វាយលើ លោក ស៊ិក ប៊ុនស៊ិន មាន​ប្រសាសន៍​ថា ភូមិសាស្ត្រ​ដែល​ប្រជាពលរដ្ឋ​រស់នៅ និង​ធ្វើ​ស្រែ​ចម្ការ​នោះ ពី​មុន​គឺ​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ខេត្ត​ព្រះវិហារ មែន ប៉ុន្តែ​រយៈពេល​ជាង ៦​ខែ​មក​ហើយ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​គូស​ផែនទី​ថ្មី ដោយ​ទឹក​ដី​នោះ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប វិញ។ លោក​អភិបាល​ស្រុក​ស្វាយលើ យល់​ថា តុលាការ​ខេត្ត​ព្រះវិហារ ដែល​ចេញ​ដីកា​កោះ​ហៅ​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប ទៅ​សាកសួរ​នោះ គឺ​បាន​រំលោភ​ហួស​ដែនដី​របស់​ខ្លួន៖ «តុលាការ​ចេញ​ខុស ត្រង់​ថា គាត់​កោះ​ហៅ​ហ្នឹង គឺ​ឈ្មោះ​ត្រូវ​ហើយ តែ​ខុស​អាសយដ្ឋាន។ តាម​ពិត ប្រជាពលរដ្ឋ គឺ​រស់នៅ​ស្រុក​ស្វាយលើ ទេ តែ​តុលាការ​ដាក់​ថា​រស់នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ»

មេ​ឃុំ​តាសៀម លោក ញ៉ិ រ៉ែម ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ពលរដ្ឋ ៥​រូប​ដែល​តុលាការ​ខេត្ត​ព្រះវិហារ កោះ​ហៅ​នោះ គឺ​នៅ​ក្នុង​ឃុំ​របស់​លោក ហើយ​តំបន់​ដី​ស្រែ​ដែល​ទំនាស់​ជាមួយ​ក្រុមហ៊ុន ហ្គ្រីន រ៉ាប់ប៊ឺ ក៏​នៅ​ក្នុង​ផែនទី​ឃុំ​របស់​លោក ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​តុលាការ​ខេត្ត​ព្រះវិហារ កោះ​ហៅ​ប្រជាពលរដ្ឋ​ក្រៅ​ដែនដី​របស់​ខ្លួន​ទៅ​សាកសួរ​ដូច្នេះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។