«អយុត្តិធម៌ណាស់! ស្រីមុំប្រាប់យើងថា គ្មានទំនាក់ទំនងអីជាមួយលោក កឹម សុខា ទេ!…»

ជាថ្មីម្ដងទៀត មន្ត្រីសិទ្ធិមនុស្សទាំង៤រូបដែលជាប់ឃុំពាក់ព័ន្ធនឹងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ ត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី ៣០ សីហា ដើម្បីជំនុំជម្រះលើសំណើសុំរបស់មេធាវីការពារក្ដីឲ្យមោឃភាពនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ យ៉ាងណាក្ដីក្រោយពីសវនាការដំណើរជាង៤ម៉ោងបានបិទបញ្ចប់ ជាលទ្ធផលពុំមានចេញជាផ្លែផ្កាអ្វីទេ ដោយតុលាការបានសម្រេចថា លើកពេលប្រកាសសាលក្រមនៅថ្ងៃទី ២ កញ្ញា ឆ្នាំ២០១៦ វិញ។

លោក ណៃ វ៉ង់ដា បានឆ្លៀតនិយាយទាំងដែលសមត្ថកិច្ចកំពុងក្រៀករូបលោកចូលក្នុងបន្ទប់សវនាការថា៖ «អយុត្តិធម៌ណាស់!   ស្រីមុំប្រាប់យើងថា គាត់គ្មានទំនាក់ទំនងអីជាមួយលោកកឹម សុខាទេ! តាំងពីដំបូងម្លេះ! នេះគឺជាការមួលបង្កាត់ទាំងស្រុង…»។

ជាការគួរកត់សម្គាល់ លោក ណៃ វ៉ង់ដា បានដួលសន្លប់ខណៈដែលកំពុងស្ថិតក្នុងបន្ទប់សវនាការ ប៉ុន្តែភ្លាមៗនោះ លោកត្រូវបានបញ្ជូនទៅកាន់បន្ទប់រង់ចាំដើម្បីសម្រួលស្មារតី។ ក្រោយពីសវនាការដំណើរជាង៤ម៉ោងបានបិទបញ្ចប់ មន្ត្រីជាប់ឃុំទាំង៤រូបបានថ្លែងក្រៅបន្ទប់សវនាការព្រមគ្នាថាពិតជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។ ក្នុងនោះដែរ លោក យី សុខសាន្ត បានថ្លែងប្រាប់អ្នកសារព័ត៌មានពីក្នុងរថយន្តមុនពេលត្រឡប់ទៅវិញថា លោកគ្មានសង្ឃឹមឡើយថា តុលាការមោឃភាពតាមសំណើរបស់មេធាវីការពារក្ដីឲ្យពួកគាត់។

សំឡេងមន្ត្រីអាដហុកទាំង៤៖

ក្នុងដំណើររឿងនេះ តាមសំណើរបស់មេធាវីការពារក្ដីមន្ត្រីសិទ្ធិមនុស្សទាំង៤រូប ធ្វើឡើងដោយសារតែយល់ឃើញថា ការឃាត់ខ្លួនរបស់អង្គភាពប្រឆាំងអំពើពុករលួយហួសពីការកំណត់។ ប៉ុន្តែអ្វីដែលជាភាពប្រទាំងប្រទើសគ្នាដោយសារតែ ACU អះអាងថាការរាប់នៃការឃាត់ខ្លួនគឺគិតចាប់ពីអង្គភាពប្រកាសឃាត់ខ្លួន ក៏ប៉ុន្តែមេធាវីការពារក្ដីបានលើកឡើងតាមផ្លូវច្បាប់ ដោយគិតចាប់ពីកូនក្ដីខ្លួនចូលខ្លួនទៅកាន់ការិយាល័យACU។

លោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថាសវនាការថ្ងៃនេះគឺជាសវនាការអសាធារណៈ។ លោកអំ សំអាត បានលើកឡើងទៀតថា លោកមិនយល់ស្របនឹងACU ទេ ដោយលោកចោទសួរថា៖ «បើACUគិតបែបនេះ ចុះកាលដែលកោះហៅមន្ត្រីទាំង៤ទៅសាកសួរ តើនោះគេហៅស្អីវិញ ព្រោះពួកគាត់ក៏បាត់បងសិទ្ធិសេរីភាពដែរ…»។

សំឡេង លោកអំ សំអាត៖

គួររម្លឹកថា មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកទាំង៤រូប រួមមាន លោក ណៃវ៉ង់ដា លោកនី សុខា លោកយី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ដែលត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់នាងខុម ចាន់តារាទី ហៅស្រីមុំ៕

ប្រភព៖ វាយោ


Related Posts