អ្នក​កាសែត​និង​សង្គម​ស៊ីវិល​ចូលរួម​វគ្គ​សិក្សា​សរសេរ​ព័ត៌មាន​ដើម្បី​ផ្តល់​ដំណឹង​ពិត​ជូន​ពលរដ្ឋ

ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ចង់​ឃើញ​អ្នក​សារព័ត៌មាន​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល ឬ​ឆ្លង​កាត់​សាលា​បង្រៀន​ផ្នែក​យក​ព័ត៌មាន និង​សរសេរ​ព័ត៌មាន​ឲ្យ​មាន​វិជ្ជាជីវៈ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​សាធារណជន ឈាន​ដល់​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិ​ឲ្យ​រីក​ចម្រើន។

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក ជាម ហ៊ីម ស្នើ​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​បំពេញ​ការងារ ឬ​ចុះ​ផ្សាយ​ព័ត៌មាន​អ្វី​មួយ ដើម្បី​ឲ្យ​សាធារណជន និង​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ​ជុំវិញ​ហេតុការណ៍​អ្វី​មួយ​ដែល​បាន​កើត​ឡើង។

លោក ជាម ហ៊ីម ទទួល​ស្គាល់​ថា វិស័យ​សារព័ត៌មាន គឺ​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ពាំនាំ​យក​កង្វល់ ឬ​បញ្ហា​អ្វី​មួយ​ពី​ប្រជាពលរដ្ឋ ដាក់​ជូន​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍ និង​រក​ដំណោះស្រាយ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ការ​ផ្តល់​ព័ត៌មាន​ទាំងនោះ​ត្រូវ​ឲ្យ​ពិត​ប្រាកដ៖ «»

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក ជាម ហ៊ីម មាន​ប្រសាសន៍​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​យក​ព័ត៌មាន និង​សរសេរ​ព័ត៌មាន​រយៈពេល ២​ថ្ងៃ រៀបចំ​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សារព័ត៌មាន​សហគមន៍​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សាខា​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ប្រចាំ​ខេត្ត​នេះ​នា​សណ្ឋាគារ​ឆ្នេរ​ថ្មី ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា។

នាយក​មជ្ឈមណ្ឌល​ជំនាញ​អាជីព និង​កម្ពុជា​ភាវូបនីយកម្ម លោក​សាស្ដាចារ្យ ចាន់ សំអាន ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​យក​ព័ត៌មាន និង​សរសេរ​ព័ត៌មាន​នេះ​ដែរ បង្ហាញ​ទស្សនៈ​ថា លោក​គាំទ្រ​រាល់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ឲ្យ​មាន​វិជ្ជាជីវៈ។ លោក​សង្កត់​ធ្ងន់​ថា អ្នក​សារព័ត៌មាន​គ្រប់ៗ​រូប​ត្រូវ​តែ​ឆ្លង​កាត់​សាលា​បណ្តុះបណ្តាល​យក​ព័ត៌មាន និង​សរសេរ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ចាប់​យក​អាជីព​នេះ ប្រយោជន៍​ដើម្បី​ឲ្យ​ការងារ​តែង​និពន្ធ​របស់​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន និង​ស្រប​តាម​វិជ្ជាជីវៈ៖ «»

លោក មឿន ឈានណារិទ្ធ ទីប្រឹក្សា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សារព័ត៌មាន​សហគមន៍ និង​ជា​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សរសេរ និង​យក​ព័ត៌មាន​នេះ។ លោក​បាន​ឲ្យ​ដឹង​ថា វគ្គ​សិក្សា​នេះ​មាន​គោលដៅ​ចង់​ឲ្យ​អ្នក​ចាប់​យក​អាជីព​ជា​អ្នក​កាសែត​ទាំងអស់ ឲ្យ​ចេះ​ជំនាញ​សរសេរ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ឈាន​ដល់​ពាំនាំ​ដំណឹង​ពិត​ជូន​សាធារណជន។ ជាង​នេះ​ទៀត ក៏​ដើម្បី​ឲ្យ​រាល់​ការ​ចុះ​ផ្សាយ​ខ្លឹមសារ​ព័ត៌មាន​របស់​ពួក​គេ​សម្រាប់​អង្គភាព​រៀងៗ​ខ្លួន​មាន​ភាព​ថ្លៃថ្នូរ៖ «»

បញ្ហា​នេះ​ដែរ ប្រធាន​សាខា​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ឈុន សារុំ ដែល​បាន​សហការ​បង្កើត​វគ្គ​ជំនាញ​សរសេរ​ព័ត៌មាន និង​យក​ព័ត៌មាន ទើប​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា រំពឹង​ថា ក្រោយ​ពី​អ្នក​កាសែត​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​ឆ្លង​កាត់​វគ្គ​សិក្សា​ជំនាញ​សរសេរ និង​យក​ព័ត៌មាន​ពេល​នេះ អាច​នឹង​ជំរុញ​ឲ្យ​ការ​តែង​និពន្ធ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មាន​ភាព​ប្រសើរ​នា​ថ្ងៃ​ខាង​មុខ៖ «»

ចំណែក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ លោក ឱ សារឿន ដែល​ចូលរួម​បិទ​សិក្ខាសាលា​នៃ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​យក​ព័ត៌មាន និង​សរសេរ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ចាត់​ទុក​ថា វគ្គ​បណ្តុះបណ្តាល​ដែល​មាន​សិក្ខាកាម​ចម្រុះ​មក​ពី​តំណាង​ឲ្យ​ស្ថាប័ន​រដ្ឋ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រតិបត្តិករ​ទេសចរ​នៅ​ពេល​នេះ គឺ​មិន​ធ្លាប់​មាន​ទេ​ពី​មុន​មក។

លោក​មាន​មោទនភាព​ដែល​សិក្ខាកាម​មក​ពី​តាម​អង្គភាព​ចម្រុះ​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ អាច​រួម​គ្នា​ស្វែង​យល់ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ភាព​ស្និទ្ធស្នាល។ ជាង​នេះ លោក ឱ សារឿន ក៏​ស្នើ​ឲ្យ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សារព័ត៌មាន​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ ជួយ​បង្កើត​ឲ្យ​មាន​ជំនាញ​ច្រើន​ទៀត​ជូន​ដល់​អ្នក​កាសែត​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​ទទួល​បាន​ជំនាញ​ពិត​ប្រាកដ និង​មាន​វិជ្ជាជីវៈ​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។