យុទ្ធនាការ​ធ្វើ និង​ផ្ដល់ អត្ដសញ្ញាណ​ប​ណ្ណ័ សៀវភៅ​គ្រួសារ​នៅ​ពេល​យប់

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ បាន​ចាប់ផ្ដើម​យុទ្ធនាការ ការ​ធ្វើ និង​ផ្ដល់ អត្តសញ្ញាណ​ប​ណ្ណ័ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​ទាំង​យប់​ទាំង​ថ្ងៃ ទាង​១២​ប៉ុស្ដិ៍​តែ​ម្ដង​។ ជាក់ស្ដែង​នៅ​វេលា​យប់​នេះ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ លោក ហួត ច​ន្ទ័​យ៉ា​រ៉ា​ន់ អធិការ​ខណ្ឌ​នគរបាល​ខណ្ឌដូនពេញ បាន​ចុះ​ត្រួតពិនិត្យ​នូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល សង្កាត់​ផ្សារ​ថ្មី​ទី​១​ផង​ដែរ​។

ប្រតិបត្តិការ​ធ្វើ​និង ផ្ដល់ អត្តសញ្ញាណ​ប​ណ្ណ័ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ចាប់ផ្ដើម​ពី​ពេល​នេះ​តទៅ ទូ​ទាំង​ខណ្ឌដូនពេញ ។ ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ដល់​ប្រជាពលរដ្ឋ​មាន​លទ្ធភាព បាន​ធ្វើ​គ្រប់​ៗ​គ្នា ដោយហេតុ​ពេល​ថ្ងៃ បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ មាន​មន្ដ្រីរាជការ សិស្ស និស្សិត អាជីវករ ពាណិជ្ជករ និង​កម្មករ​ជាដើម​នោះ ពួក​គាត់​ជាប់​បំពេញការងារ ឬ​មុខរបរ​អាជីវកម្ម​របស់​ពួក​គាត់​។ ហេតុនេះ​ហើយ​ទើប នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​នេះ​ឡើង​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​វត្តមាន​ប្រជាពលរដ្ឋ​មក​ជា​ហូរហែរ ដើម្បី​ចូលរួម​ធ្វើ និង​ទទួល អត្តសញ្ញាណ​ប​ណ្ណ័ សៀវភៅ​គ្រួសារ ដោយ​ស្នាមញញឹម និង​បាន​លើក​ឡើង​ថា ពួក​គាត់​អរគុណ​ខ្លាំង​ណាស់​ដែល​មានការ​ធ្វើ​ទាំង​យប់​បែប​នេះ​៕