អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​មូលដ្ឋាន​ពង្រឹង​សមត្ថភាព​ធ្វើ​ឲ្យ​ប្រសើរ​អភិបាលកិច្ច​នៅ​ខេត្ត​ចំនួន​៨

អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្នាក់​មូលដ្ឋាន​នៅ​ខេត្ត​ចំនួន​៨ នឹង​ចាប់​ផ្តើម​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ដើម្បី​តស៊ូ​មតិ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​អភិបាលកិច្ច និង​ការ​ទទួល​ខុស​ត្រូវ។ ការ​ពង្រឹង​សមត្ថភាព​នេះ ធ្វើ​ឡើង​តាម​រយៈ​គម្រោង “ការ​ពង្រឹង​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន ឬ​ការ​ចូលរួម​ទាំងអស់​គ្នា" ដែល​ទើប​នឹង​សម្ពោធ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា។

គម្រោង​ស្ដីពី “ការ​ពង្រឹង​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន ឬ​ការ​ចូលរួម​ទាំងអស់​គ្នា” (Strengthening Civil Society Organizations Networks for Inclusive Development) នឹង​ធ្វើ​ការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (..) លោក សឿង សារឿន មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​ផ្ដល់​ការ​ពង្រឹង​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច គណនេយ្យ​ភាព និង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្រៅ​ពី​នេះ នឹង​បង្កើន​សមត្ថភាព​លើ​ការ​គ្រប់គ្រង​បណ្ដាញ ការ​គ្រប់គ្រង​ចំណេះ​ដឹង ការ​កៀរគរ​ធនធាន និង​ការ​បង្កើន​សមត្ថភាព​តស៊ូ​មតិ​លើ​វិស័យៗ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្កើត​ឲ្យ​មាន​លទ្ធផល​កាន់​តែ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​៨ មាន​ខេត្ត​សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី«ធម្មតា​អង្គការ​សង្គម​ស៊ីវិល​យើង​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដូច្នេះ​ហើយ​កាលណា​សង្គម​ស៊ីវិល​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ សង្គម​ស៊ីវិល​អាច​កៀរគរ​ធនធាន​គ្រប់គ្រាន់ សង្គម​ស៊ីវិល​អាច​ពង្រឹង​អំណាច​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​តស៊ូ​មតិ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​កាន់​តែ​មាន​គណនេយ្យ​ភាព​ខ្ពស់​នេះ។ ដូច្នេះ​ចង់​មិន​ចង់ គឺ​សេវា​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន គឺ​មាន​គុណភាព»

លោក សឿង សារឿន រំពឹង​ថា គម្រោង​ស្ដីពី “ការ​ពង្រឹង​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន” នេះ នឹង​ជួយ​ជំរុញ​ឲ្យ​គោល​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​មាន​ដំណើរ​ការ​ល្អ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា គោល​នយោបាយ​នេះ​ហាក់​ដូចជា​ប្រឈម​បញ្ហា​ច្រើន​នា​ពេល​កន្លង​មក

រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ថ្នាក់​មូលដ្ឋាន ឬ​និយាយ​បែប​សាមញ្ញ​មាន​ន័យ​ថា គឺ​ជា​ការ​អនុវត្ត​គោល​នយោបាយ​ផ្ទេរ​អំណាច ផ្ទេរ​កិច្ចការ​ពី​ថ្នាក់​លើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​មូលដ្ឋាន ដែល​ធ្វើ​ការ​កៀក​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​រីក​ចម្រើន ក៏ប៉ុន្តែ​គោល​នយោបាយ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា មាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ។

អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ លោក ង៉ាន់ ចំរើន ស្វាគមន៍​ចំពោះ​គម្រោង​ដែល​អង្គការ​សង្គម​ស៊ីវិល​ដាក់​ឲ្យ​សម្ពោធ​នេះ។ លោក​បន្ថែម​ថា អភិបាលកិច្ច គឺ​គោល​នយោបាយ​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៣ របស់​រដ្ឋាភិបាល​ដែល​កំពុង​តែ​អនុវត្ត ហើយ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ចំណែក​ពី​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់«ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​រាល់​កិច្ចការ​ទាំងអស់​របស់​រដ្ឋាភិបាល។ គាត់​ក៏​ជា​ចំណែក​មួយ​នៃ​ការ​ចូលរួម​មិន​ត្រឹម​តែ​ការ​អនុវត្ត គឺ​ទាំង​ការ​រៀបចំ​គោល​នយោបាយ​ថែម​ទៀត​ផង»

គម្រោង​ស្ដីពី​ការ​ពង្រឹង​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​នេះ ដែល​មាន​រយៈពេល ៣០​ខែ មាន​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា។ គម្រោង​នេះ​ត្រូវ​បាន​សម្ពោធ​ដោយ​អង្គការ វី.អេស.អូ កម្ពុជា (VSO Cambodia) និង​ដៃគូ​អនុវត្ត​គម្រោង​អភិបាលកិច្ច រួម​មាន​គណៈកម្មការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC)

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ វី.អេស.អូ កម្ពុជា លោក ហ្គីឡូម សៅវ៉ល (Guillaume Sauval) មាន​ប្រសាសន៍​ថា ការ​ពង្រឹង​គណនេយ្យ​ភាព គឺ​មាន​តម្រូវ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ការពារ និង​បើក​ចំហ​ឱកាស​ដល់​សង្គម​ស៊ីវិល​ក្នុង​ការ​គាំទ្រ​ដល់​សកម្មភាព​ដែល​នាំ​មុខ​ដោយ​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។