ចិន និង​ប៉ា​គី​ស្ថាន​បារម្ភ ពេល​ឥណ្ឌា និង​អាមេរិក​បង្កើត​កិច្ចព្រមព្រៀង​គាំទ្រ​ភ័ស្តុភារ​យោធា​ និពន្ធដោយ : ថ្មីៗ       August-30-2016, 9:39 pm         551

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន និង​ប៉ា​គី​ស្ថាន​បារម្ភ ពេល​ឥណ្ឌា និង​អាមេរិក​បង្កើត​កិច្ចព្រមព្រៀង​គាំទ្រ​ភ័ស្តុភារ​យោធា​រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Carter និងរដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌា Manohar Parrikar នៅក្នុងសន្និសីទសារព័ត៌មាន​រួមគ្នានៅអាមេរិក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា និង​អាមេរិក​បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​អនុស្សារណៈ​ផ្លាស់ប្តូរ​ភ័ស្តុភារ​យោធា ដែល​វា​នឹង​អនុញ្ញាត​និង​សម្រួល​ដល់​ការប្រើប្រាស់​មូលដ្ឋានទ័ព​គ្នា​បាន​ទៅវិញទៅមក​ដោយ​សេរី ។ ការសម្រេចបាន​កិច្ចព្រមព្រៀង​យោធា​នេះ​បង្ហាញ​កាន់តែច្បាស់ ពី​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​យោធា​ឲ្យ​កាន់តែ​រឹងមាំ​រវាង​មហាអំណាច​ទាំងពីរ ហើយ​វា​ក៏​ក្លាយជា​ក្តីបារម្ភ​របស់​ក្រុង​ប៉េកាំង​ដែរ​។​

​កិច្ចព្រមព្រៀង​នៃ​អនុស្សារណៈ​ផ្លាស់ប្តូរ​ភ័ស្តុភារ​យោធា ត្រូវបាន​អាមេរិក​និង​ឥណ្ឌា​សម្រេចបាន​រួមគ្នា​នៅ​ថ្ងៃ​ចន្ទ​ទី ២៩​សីហា ក្រោយ​ចំណាយពេល​ចរចា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​នោះ​។ កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​ប្រើប្រាស់​មូលដ្ឋានទ័ព​ទៅមុខ​ទៅមក​បាន​ដើម្បី​គាំទ្រ​ភ័ស្តុភារ ក្នុងពេល​ចាំបាច់​។

​បើ​យោងតាម​សារព័ត៌មាន The Indian Express  កិច្ចព្រមព្រៀង​យោធា​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​លោក Manohar Parrikar និង​រដ្ឋមន្ត្រី​ការពារ​អាមេរិក​លោក Ashton Carter​។ ហើយ​កិច្ចព្រមព្រៀង​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ពី​ការវិវត្ត​នៃ​កិច្ច​សហ​ប្រ​ត្តិ​ការ​និង​ភាពជា​ដៃគូ​នៃ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​ទៅកាន់​កម្រិត​ដ៏​ខ្ពស់​មួយ​ផង​។ ប៉ុន្តែ​មានការ​ដាក់​ការសង្ស័យថា អាមេរិក​អាច​នឹង​សង់​មូលដ្ឋានទ័ព​នៅ​ឥណ្ឌា​ផង​។​

​ដើម្បី​ជំ​រះ​មន្ទិលសង្ស័យ​៦​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​បាន​បកស្រាយ​ថា​៖« វា​គ្មាន​បទបញ្ញត្តិ​ណាមួយ​ដែល​លើកឡើង​ពី​ការបង្កើត​មូលដ្ឋានទ័ព​នៅ​ឥណ្ឌា​ឡើយ​។ កិច្ចព្រមព្រៀង​ជារួម​វា​ចែង​ពី​ការគាំទ្រ​ផ្នែ​ភ័ស្តុភារ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ដូចជា​ការផ្គត់ផ្គង់​ប្រេង និង​សម្ភារៈ​ផ្សេងទៀត​ដែល​ចាំបាច់​ក្នុងពេល​បំពេញ​ប្រតិបត្តិការ​យោធា និង​សកម្មភាព​សង្គ្រោះ​និង​ផ្តល់ជំនួយ​មនុស្សធម៌​ជាដើម​។ ដូច្នេះហើយ វា​នឹង​ធានាបាន​ថា កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ​អាច​គាំទ្រ​គ្នា​ទៅវិញទៅមក​បាន​ស្រួល​។​

​ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter បានលើកឡើង​ផងដែរ​ថា កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ជាមួយ​ឥណ្ឌា​នេះ​នឹងធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ដែល​រៀបចំ​រួមគ្នា​កាន់តែ​ងាយស្រួល  ជាពិសេស​សម្រួល​ដល់​ការផ្គត់ផ្គង់​ភ័ស្តុភារ​យោធា​ដូច​បាន​ពន្យល់ថា​ខាងដើម​ស្រាប់​។ ហើយ​កិច្ចសហប្រតិបត្តិការ​នឹងត្រូវ​ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក និង​ចែករម្លែក​តម្លៃ​រួមគ្នា​ដែរ​។

​ក្រៅពី កិច្ចព្រមព្រៀង​យោធា​នេះ វត្តមាន​ប្រមុខ​ការពារជាតិ​ឥណ្ឌា​នៅ​អាមេរិក​ក៏​ជួយ​ជំរុញ​ឲ្យ​មានការ​ពង្រីក​ភាពជា​ដៃគូ​បច្ចេកវិទ្យា​យោធា​ផង​។ ហើយ វា​នឹង​ជួយ​ឲ្យ​ឥណ្ឌា​មានលទ្ធភាព​ខ្ពស់​ក្នុងការ​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​កងទ័ព​ក្នុងនាម​ជា​មហាអំណាច​ថ្មី​ផងដែរ​។ វា​ក៏​ឆ្លុះបញ្ចាំង​ពី​ការបំពេញបន្ថែម​គ្នា​រវាង​គោលនយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​អាស៊ីអាគ្នេយ៍​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា  និង​គោលនយោបាយ​ការបរទេស​« ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត​» របស់​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី​។

​ដោយឡែក មេដឹកនាំ​ទាំងពីរ​អាមេរិក និង ទាំង​ឥណ្ឌា រំពឹងថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ភាគី​ទាំងពីរ​នឹង​ជួយ​លើកស្ទួយ​ដល់​ការរក្សា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ពង្រឹងសមត្ថភាព​ក្នុង​ប្រឆាំង​ភេរវកម្ម​អន្តជាតិ​ផង​។

​ប៉ុន្តែ ភាពរឹងមាំ​នៃ​ទំនាក់ទំនង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​វាង​មហាអំណាច​ទាំងពីរ ធ្វើ​ឲ្យ​មហា​យក្ស​ចិន​មិន​សប្បាយចិត្ត​ឡើយ​។ អាមេរិក​កាន់​ស្និទ្ធស្នាល​ជាមួយ​មហាអំណាច​ឥណ្ឌា​ដែលជា​សត្រូវ​របស់ខ្លួន ហើយ​ការអនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​និង​ផ្គត់ផ្គង់​ភ័ស្តុភារ​ទ័ព​ទៅវិញទៅមក​នេះ​ធ្វើ​ឲ្យ​ចិន និង​ប៉ា​គី​ស្ថាន​កាន់តែ​បារម្ភ​ដែរ​។

​យ៉ាងណា​ក៏ដោយចុះ ឥណ្ឌា​មិន​ឈានទៅ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។ ឥណ្ឌា​នៅតែ​ប្រឹងប្រែង​រក្សា​គោលជំហរ​មិន​ចូលបក្ស​សម្ព័ន្ធ និង​អ​ព្យា​ក្រឹត្យ​ដដែល ប៉ុន្តែ​មហាអំណាច​នេះ​ត្រូវការ​ទំនាក់ទំនង​ជិតស្និទ្ធ​និង​ការគាំទ្រ​ពី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​ទប់ទល់​ជាមួយ​ចិន និង​ប៉ា​គី​ស្ថាន​ដែលជា​សត្រូវ​របស់ខ្លួន​៕