ប្រជា​កសិករ​ម្នាក់​នៅ​ប៉ៃលិន កាក់កប​នឹង​របរ​ដាំ​បន្លែ​ទំពាំង​បារាំង

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ម្នាក់ កំពុង​កាក់កប​នឹង​របរ​ដាំ​បន្លែ​ទំពាំង​បារាំង នៅ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​របស់​ខ្លួន ដែល​ជា​បន្លែ​អន្លក់​ម្យ៉ាង ទើប​នាំ​គ្រាប់ពូជ​ចូល​មក​ពី​ប្រទេស​ថៃ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ គាត់​ដក​ខ្នែង​ទំពាំង​នេះ​លក់​នៅ​ក្នុងភូមិ និង​តាម​ផ្សារ បាន​ប្រាក់​ចាប់ពី​៤០​ទៅ​៥០​ម៉ឺន​រៀល​ឯណោះ​។ ដូច្នេះ​ការ​ដាំ​បន្លែ​នេះ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់ ខណៈ​ដំណាំ​ពោត និង​ដំឡូង​មី មាន​រយៈពេល​យូរ ទើប​ប្រមូល​ផល​យក​ទៅ​លក់​នៅ​តាម​ស្តង់​ក្នុង​ក្រុងប៉ៃលិន​។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ មាន​បុរស​ម្នាក់​ឈ្មោះ វ៉ា​ន់ សុខ​ម៉ៅ អាយុ​៤៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ លឹ​ម សុភាព អាយុ​៤៧​ឆ្នាំ​ដូច​គ្នា រស់នៅ​ភូមិ​ក្រចាប់​ក្រោម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កំពុង​ប្រមូល​ផល​បន្លែ​អន្លក់​ទំពាំង​បារាំង ដែល​ខ្លួន​ដាំ​៥​ទៅ​៦​ពាន់​គុម្ព​។ ប្រភព​ព័ត៌មាន​ពី​លោក វ៉ា​ន់ សុខ​ម៉ៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ទទួល​ទិញ​ពូជ​បន្លែ​អន្លក់​ទំពាំង​បារាំង​នេះ ពី​បុរស​ម្នាក់​ឈ្មោះ ញឹក សាន់ អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន ដោយ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​។

គាត់​ទិញ​គ្រាប់ ក្នុង​១​គីឡូក្រាម​តម្លៃ​៨​ពាន់​បាត​(​ប្រាក់​ថៃ​)​ជាង​៨០​ម៉ឺន​រៀល​។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពូជ និង​មានការ​បង្រៀន​ពី​អ្នកជំនាញ​មក​ពី​ប្រទេស​ថៃ និង​បុរស​ខាងលើ ឱ្យ​បណ្តុះ​គ្រាប់ រួច​ក៏​ដក​យក​ទៅ​ដាំ​ក្នុង​ចម្ការ ចន្លោះ​ពី​១​ដើម​ទៅ​១​ដើម ប្រវែង​៥​តឹក និង​វាស់​រង​ឃ្លាត​ពី​គ្នា​ប្រវែង​១​ម៉ែត្រ​កន្លះ ហើយ​បាន​រៀប​ទុយោ ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ​។ បើ​គ្មាន​ទឹក​គ្រប់គ្រាន់ បន្លែ​អន្លក់​ប្រភេទ​នេះ អាច​ប្រឈម​នឹង​ក្រៀម​ស្វិត​ងាប់ ហើយ​មាន​ខ្នែង​មិនសូវ​ធំ​ល្អ ។ 

លោក​បញ្ជាក់​ទៀត​ថា ពេល​នេះ​ក្រុម​គ្រួសារ​របស់​លោក លែង​ភ័យ​ព្រួយ​ខ្វះមុខខ្វះក្រោយ​ទៀត​ហើយ ព្រោះ​ទទួល​បាន​ប្រាក់​ចំ ណូ​ល​ប្រចាំ​ថ្ងៃ ហើយ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​តាំងពី​ភ្នំពេញ បាត់ដំបង និង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ចូល​ទៅ​ទិញ​បន្លែ​របស់​លោក​ដល់​ផ្ទះ​តែ​ម្តង ។ នៅ​ថ្ងៃ​ខ្លះ​ដក​ខ្នែង​ទំពាំង​ពីរ​ទៅ បី​ដង ដាក់​លក់​ស្ទើរតែ​មិន​ទាន់ ព្រោះ​គេ​ចូល​ចិត្ត​ហូប​បន្លែ​ប្រភេទ​នេះ​ខ្លាំង​ណាស់ ។ ចំណែក​លោក ញ៉ឹ​ក សាន់ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​ឈ្មួញ នាំ​គ្រាប់​ទំពាំង​បារាំង ចូល​ទៅ​លក់​ឱ្យ​កសិករ​ដាំ​នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ការ​ដាំ​បន្លែ​ទំពាំង​បារាំង​នេះ មាន​រយៈពេល​ចាប់ពី​៤​ទៅ​៥​ខែ នោះ​អាច​ប្រមូល​ផល​បាន​ហើយ តាំងពី​ដាំ​រហូត​ដល់​ដើម​នោះ​ងាប់​ទៅ​វិញ មាន​រយៈពេល​១០​ឆ្នាំ​ឯណោះ ។

លោក​បន្ត​ទៀត​ថា នៅ​ប្រទេស​ថៃ គេ​ដាំ​តែ​កន្លះ​ហិ​កតា នោះ​អាច​រកបាន​ប្រាក់​ចំណូល​រាប់​ពាន់​បាត ក្នុង​មួយ​ថ្ងៃ​ៗ ដោយ​គ្រាន់តែ​ថែទាំ​ដកស្មៅ និង​ស្រោច​ទឹកជា​ប្រចាំ​ប៉ុណ្ណោះ មិន​ត្រូវការ​ប្រើ​ជីគីមី​អ្វី​នោះ​ឡើយ គ្រាន់តែ​ប្រើ​ជីលា​មក​គោ ក្របី មាន់​ទា ប៉ុណ្ណោះ​។ ហើយ​បើ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន មាន​ដី​ដាំដំឡូង​មី​ច្រើន​ហិ​កតា សូម​ឱ្យ​ទុក​មួយ​ចំណែក​តូច ដើម្បី​ដាក់​ដាំ​បន្លែ​ទំពាំង​បារាំង នោះ​នឹង​មាន​លុយ​សល់​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​ចិញ្ចឹម​ក្រុម​គ្រួសារ​ជាក់​ជា​មិន​ខាន​ឡើយ​។

ម្យ៉ាងវិញទៀត បើសិនជា​គ្មាន​ទីផ្សារ​លក់ដូរ​នោះ​ទេ សូម​ប្រមូល​ផល​យក​មក​លក់​ជូន​លោក​វិញ ដើម្បី​ឱ្យ​លោក​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ក្រៅ​ដូច​ជា​ប្រទេស​ថៃ ចិន និង​ប្រទេស​ផ្សេង​ៗ​ទៀត ដោយ​ក្នុង​១​គីឡូក្រាម ទទួល​ទិញ​តម្លៃ​៤​ពាន់​រៀល​។ លោក​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន ទើបតែ​មាន​កសិករ​ម្នាក់​ដាំ​បន្លែ​នេះ ហើយ​ក៏​ទទួល​បាន​ផល​ជាទី​គាប់ចិត្ត ព្រោះ​បន្លែ​នេះ​អាច​យក​ទៅ​ធ្វើ​ម្ហូប ដូច​ជា​ស្ងោ ស្ល ហូប​ជា​អន្លក់​ក៏​បាន​ដែរ ។ បើ​ចង់បាន​គ្រាប់ពូជ​បន្លែ​ទំពាំង​បារាំង​ប្រភេទ​ថ្មី​នេះ​យក​ទៅ​ដាំ​សាកល្បង​មើល សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៩៧ ៧ ៨២ ៨៣ ៣៤ ៕