កម្ពុជា-វៀតណាម ខ្វែងគំនិតគ្នាមិនទាន់ចេញសេចក្តីថ្លែងការណ៍រួមរឿងព្រំដែន

មន្ត្រីជាន់ខ្ពស់កម្ពុជា និងវៀតណាម បន្តពិភាក្សាគ្នាលើការដោះស្រាយរឿងព្រំដែននៅថ្ងៃទី៣០ សីហា នៅទីក្រុងភ្នំពេញ។ នៅថ្ងៃនេះ ភាគីទាំងពីរធ្វើពង្រាងសេចក្ដីថ្លែងការណ៍រួម ដែលសរុបលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីនៅថ្ងៃទី២៩ សីហា។

ទោះបីជាយ៉ាងណា ភាគីទាំងពីរមិនទាន់អាចចេញសេចក្ដីថ្លែងការណ៍រួមបាននៅឡើយទេ ដោយសារភាគីវៀតណាម ជំទាស់នឹងចំណុចមួយ។

ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ថ្លែងប្រាប់អាស៊ីសេរី ថា ចំណុចដែលខ្វែងគំនិតនោះ គឺភាគីវៀតណាម មិនយល់ស្របបញ្ចូលយន្តការ “ខ្សែព្រំដែនមិនកែប្រែ”៖ «»។

លោកបន្តថា ក្រុមការងាររបស់ភាគីវៀតណាម ដែលមកចរចានៅទីក្រុងភ្នំពេញ ជាក្រុមមនុស្សថ្មីដែលមិនទាន់យល់ពីការងារបច្ចេកទេសដោះស្រាយរឿងព្រំដែនប្រទេសទាំងពីរ៖ «»។

លោកថា “ខ្សែព្រំដែនមិនកែប្រែ” ភាគីទាំងពីរយកជាសំអាងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ឆ្នាំ១៩៨៣ ឆ្នាំ១៩៨៥ និងឆ្នាំ២០០៥។

ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា លោក លេ ហ៊យ ជុង (Le Hoai Trung) ថ្លែងប្រាប់ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង នៅថ្ងៃទី២៩ សីហា ថា វៀតណាម យល់ព្រមទទួលយកការតវ៉ារបស់កម្ពុជា ទាក់ទងនឹងការរំលោភចូលអធិបតេយ្យភាពទឹកដីកម្ពុជា ទៅជជែកពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធរបស់វៀតណាម តែបានបដិសេធថា វៀតណាម មិនបានរំលោភចូលទឹកដីកម្ពុជា នោះទេ។

កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្ដីពីការដោះស្រាយវិវាទតាមព្រំដែនប្រទេសទាំងពីរនាទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូត និងលិខិតតវ៉ាការរំលោភចូលទឹកដីកម្ពុជា ពីសំណាក់វៀតណាម។

លោក វ៉ា គឹមហុង នៅថ្ងៃទី៣០ សីហា បញ្ជាក់ថា ភាគីកម្ពុជា និងវៀតណាម នឹងបញ្ជូនពង្រាងសេចក្ដីថ្លែងការណ៍រួមឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ពិនិត្យសម្រេច បន្ទាប់ពីចរចាត្រូវគ្នាហើយ នៅពេលខាងមុខ តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនោះទេ៕

ប្រភព៖ RFA


Related Posts