លោក ហង់ ជួនណារ៉ុន ជួបសំណេះសំណាល ជាមួយអត្តពលិក ទើបមកពីប្រេស៊ីល

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែសីហានេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍មួយចំនួនដល់ប្រតិភូ គ្រូបង្វឹក និងអត្តពលិក ជម្រើសជាតិកម្ពុជា ៤ប្រភេទកីឡា ដែលទើបបញ្ចប់បេសកកម្ម និងត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣១ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីពេលថ្មីៗកន្លងទៅ ។

ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ។ ជាមួយគ្នានោះលោកបានធ្វើការផ្តាំផ្ញើដល់អត្តពលិកទាំងអស់ ត្រូវបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត សូមកុំបាក់ទឹកចិត្ត ព្រោះការចូលរួមលើកនេះ គឺជាបទពិសោធន៍មួយដ៏ល្អ សម្រាប់ឆ្ពោះទៅរកភាពជោគជ័យនាពេលខាងមុខ ពិសេសគឺត្រៀមអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុនវិញម្ដង ។

លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ការចូលរួមប្រកួតអូឡាំពិក ឆ្នាំ២០១៦នេះ ថ្វីត្បិតតែកម្ពុជាមិនទទួលបានមេដាយ ប៉ុន្ដែលទ្ធផលទទួលបាន គឺល្អប្រសើរច្រើន បើធៀបនឹងការចូលរួមកន្លងមក ។ ដូច្នេះកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវបន្ដឆន្ទៈដ៏រឹងមាំក្នុងការប្រឹងប្រែងហ្វឹកហាត់ ដើម្បីបន្ដចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមកិត្ដិយសជូនជាតិនាខាងមុខ ។

គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា បានត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ ប៉ុន្ដែមិនទទួលបានមេដាយអ្វីឡើយ នៅក្នុងចំណោមអត្តពលិក ៦នាក់នៃកីឡា ៤ប្រភេទ ដែលកម្ពុជាបញ្ជូនទៅចូលរួម ដូចជាកីឡាអត្តពលកម្ម ហែលទឹក ចំបាប់ និងកីឡាតេក្វាន់ដូ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ដែលទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅ ប្រទេសប្រេស៊ីលនោះ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយនាយប់ព្រហស្បតិ៍ ទី២៥ ខែសីហា នៅព្រលានយន្ត ហោះភ្នំពេញអន្តរជាតិពោធិ៍ចិនតុង។

សមាជិកទាំងអស់ដែលវិលមកពីប្រេស៊ីល ដោយមានគ្នាសរុប ១៦រូបនោះ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា រួមជាមួយ ថ្នាក់ដឹកនាំកីឡា កីឡាករ-កីឡាការិនី និងបងប្អូនជនរួមជាតិជាតិជាច្រើនទៀត បើទោះបីជាពុំឈ្នះមេដាយក៏ដោយ។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិក ៦រូបក្នុងនោះមានស្រី៤រូប ស្មើនឹង៤ប្រភេទកីឡា រួមមានកីឡាហែល ទឹក (ពូ សុវិជ្ជា និង ហែម ថុន វិទិនី) កីឡារត់ប្រណាំងម៉ារ៉ាតុង (នីកូ និង លី ណារី) កីឡាបោកចំបាប់ ចូវ សុធារ៉ា និង កីឡាតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងចំណោម ២៨ប្រភេទកីឡាប្រកួតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលចាប់ ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោក ហង់ ជួនណារ៉ុន ជួបសំណេះសំណាល ជាមួយអត្តពលិក ទើបមកពីប្រេស៊ីល

លោក ហង់ ជួនណារ៉ុន ជួបសំណេះសំណាល ជាមួយអត្តពលិក ទើបមកពីប្រេស៊ីល