​ឈឺពោះ​បែប​រមួលៗ ក្នុងពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា​មែន​ទេ​?

​ឈឺពោះ​បែប​រមួលៗ ក្នុងពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា​មែន​ទេ​?

​ខ្ញុំ​មាន​ផ្ទៃពោះ ១៧ សប្តាហ៍ ហើយ​ខ្ញុំ​ច្រើន​តែ​ឈឺចាប់ ដូច​គេ​ចាក់​នៅ​ក្នុង​ពោះ​។ តើ​វា​គួរឲ្យ​បារម្ភ​ដែរទេ​? តើ​ការ​ឈឺពោះ​បែប​រមួលៗ គឺជា​រឿង​ធម្មតា​ទេ ក្នុងពេល​មាន​ផ្ទៃពោះ​អញ្ចឹង​?

ការ​មាន​ផ្ទៃពោះ អាច​បង្ក​ឲ្យមាន​ការបារម្ភ​ច្រើន​ណាស់​។ ស្ត្រី​គ្រប់រូប អាច​នឹង​មាន​សំណួរ និង​ចម្ងល់​របស់​ខ្លួន​ជាច្រើន អំពី​រឿង​នេះ​។ ទោះបីជា​ការឈឺចាប់​តិចតួច ក្នុង​រាងកាយ​របស់គាត់ ក៏​គាត់​ចង់​សួរ​ពេទ្យ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ដែរ​។ យ៉ាងណាមិញ រឿង​ជាច្រើន​ដូចជា ការ​ឈឺពោះ​បែប​រមួលៗ គឺជា​រោគសញ្ញា​មួយ នៃ​ការ​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ ហើយ​វា​ច្រើនតែ​ជា​រឿង​ធម្មតា​ដែរ​។

តើ​ឈឺពោះ​បែបនេះ បណ្តាលមកពី​អ្វី​ទៅ​?
​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង នៃ​ការ​មាន​ផ្ទៃពោះ ការ​ហើមពោះ និង​ទល់លាមក អាច​បណ្តាល​ឲ្យ​ឈឺពោះ​បែប​រមួលៗ​បាន​។ ពិតណាស់ ការ​ឈឺពោះ​បែប​រមួលៗ ដែល​បណ្តាល​មក​ពី​ការ​ហើម​ពោះ និង​ទល់លាមក អាច​ជា​សញ្ញា​ដំបូង នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។ ជាមួយគ្នានេះដែរ នៅពេល​មាន​ផ្ទៃពោះ​ហើយ ស្បូន​អាច​នឹង​ត្រូវ​រីក​ធំ ហើយ​ការរីក​នេះ ក៏​បង្ក​ជា​ការឈឺចាប់​ផងដែរ​។ អ្នក​ប្រហែលជា​ធ្លាប់មាន អា​ការៈឈឺ​ពោះ​បែប​រមួល​តិចៗ រហូត​ដល់​ខ្លាំង​មធ្យម ជាពិសេស​នៅពេល​ស្បូន​លូតលាស់​កាន់តែ​ធំ​។ អ្នក​ក៏​អាច​ធ្លាប់មាន​អាការៈ ឈឺចាប់​ដូច​គេ​ចាក់ នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ ដោយសារតែ​ការ​យឺត នៃ​សរសៃ​ចង​ក្នុង​ពោះ ហើយ​អាច​ឈឺ​ដល់​ក្រលៀន​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​តែ​ស្វែងរក​គ្រូពេទ្យ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ការឈឺចាប់​នោះ​ខ្លាំងក្លា ឬ​ឈឺចាប់​រហូត​។ រឿង​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី​។

សម្រាប់​ការ​មាន​ផ្ទៃពោះ ក្នុង​ដំណាក់កាល​ចុងក្រោយ អ្នក​គួរតែ​ចាត់ទុកថា ការ​ឈឺពោះ​បែបនេះ​គឺជា​រឿង​ធ្ងន់ធ្ងរ ព្រោះ​វា​អាច​ជា​ការ​ឈឺពោះ​សម្រាល​លេងៗ​។ យ៉ាងណាមិញ បើសិនជា​អ្នក​មាន​ការ​កន្ត្រាក់​ក្នុង​ពោះ មុន​គភ៌​អាយុ ៣៧ សប្តាហ៍ ហើយ​ឈឺពោះ​បែប​ងំ និង​ឈឺ​ខ្នង​ជាប់​រហូត​នោះ វា​គួរតែ​អាច​មានន័យថា ជាការ​សម្រាល​មិន​គ្រប់​ខែ​ហើយ​។

​ពេលណា ទើប​គិតថា ការ​ឈឺពោះ​បែបនេះ ជា​រឿង​ធ្ងន់ធ្ងរ​?
​បើសិនជា​ការ​ឈឺពោះ​អ្នក ទំនងជា​មាន​លក្ខណៈ ដូច​ការ​ឈឺពោះ​ក្នុង​ពេល​មក​រដូវ ហើយ​កើត​ឡើង​ជាមួយ​គ្នា នឹង​ការ​ហូរឈាម ឬ​មាន​កន្ទួល​នៅ​ទ្វារមាស​ទៀត​នោះ វា​អាច​មានន័យថា ជាការ​រលូត​កូន​ហើយ​។ បើសិនជា​ការ​ឈឺពោះ កើតឡើង​ជាប់​រហូត ធ្ងន់ធ្ងរ និង​កាន់តែ​ខ្លាំង​ទៅៗ វា​អាច​គិតថា ជាការ​របើក​សុក​ហើយ​។ បើសិន​ជា​អ្នក​មាន​អាការៈ​ទាំង​នេះ​មែន អ្នក​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។