អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ

តើបណ្ដា​សាកសព លើក (ឬបោះ) ដាក់ ទៅក្នុងរថយន្ដនគរបាលមួយនេះ ជាខ្មោចសត្វឬ? សំនួរ​ដែល​ពិបាក​រក​ចម្លើយ ពី​សំណាក់​បណ្ដា​អ្នកប្រើប្រាស់​បណ្ដាញសង្គម បន្ទាប់ពីរូបថតដ៏រន្ធត់ ប៉ុន្មាន​សន្លឹកនេះ ត្រូវបាន​ស្ថានីយ៍​វិទ្យុ ABC យក​មក​បង្ហោះ​ជា​សាធារណៈ នៅលើបណ្ដាញសង្គម។
អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ

ទិដ្ឋភាពដាក់សាកសពលាយឡំ ក្រឡាប់ផ្កាប់ផ្ញារ នៅលើរថយន្ដអាជ្ញាធរ ដើម្បីដឹកចេញទៅតំកល់ ជា​បណ្ដោះ​អាសន្ន នៅ​ទី​អារាម និង​ទិដ្ឋភាពនៅផ្ទាល់កន្លែង។ (រូបថតលើហ្វេសប៊ុក)

គួរឲ្យរន្ធត់ពេកក្រៃ ដែលបច្ចុប្បន្នេះ គេត្រូវទទួលយកទម្លាប់ ក្នុងការទស្សនា ឬយល់ពីទិដ្ឋភាពដ៏អាក្រក់ៗ  នៅ​ក្នុងប្រទេសកម្ពុជា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការឆក់ប្លន់ ឬជម្លោះកាប់សម្លាប់គ្នា ដែលកើតមាន​ឡើង សឹងជារៀងរាល់«ម៉ោង»។ ប្រសិនបើពលរដ្ឋកម្ពុជា មិនដឹងត្រូវបង្ខំចិត្ត ទទួលយកទិដ្ឋភាពទាំងនេះ ដោយ​របៀប​ណា​នោះ តែសម្រាប់អាជ្ញាធរកម្ពុជា ក៏ពិបាកនឹងធ្វើឲ្យគេឯងយល់ទៅទៀតថា តើវិជ្ជាជីវៈ ក្នុងការ​គ្រប់​គ្រង​​ស្ថានការណ៍​​ទាំង​អស់ មានដល់កម្រិតណានោះដែរ។

ដូចជានៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ដែលបានកើតឡើង នៅភូមិកូនខ្លុង ឃុំ​ព្រៃ​តូច ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀល​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បង្កឲ្យមានជនរងគ្រោះ​ដល់​ជីវិត រហូតដល់ទៅ១០នាក់។ ប៉ុន្តែកូនគេ ចៅយើង ស្លាប់ទៅហើយ បែរទៅត្រូវកម្លាំងអាជ្ញាធរនៅនឹងកន្លែង លើក (ឬ​ចាប់​បោះ) យកមកដាក់ត្រួតលាយឡំគ្នា ក្រឡាប់ផ្កាប់ផ្ញារ បង្កឲ្យទិដ្ឋភាពនេះ មានសភាពកាន់តែ​អាណោច​អាធម​​ខ្លាំង​ឡើង។

គឺរូបថតប៉ុន្មានសន្លឹក ខាងក្រោមនេះហើយ ដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានជៀសវាង មិនយកមក​ផ្សព្វ​ផ្សាយ​នោះ តែវាបែរជាត្រូវបាន​​អ្នកប្រើប្រាស់​បណ្ដាញសង្គម​ច្រើនសិបនាក់ យកមកបង្ហោះ និងធ្វើការចែក​រំលែក​គ្នា យ៉ាងពេញទំហឹង នៅក្នុងថ្ងៃទី៣០ ខែសីហាម្សិលម៉ិញ។ រូបភាពនេះ ទំនងជាត្រូវបានបង្ហោះ ជា​ដំបូង​ឡើយ ដោយទំព័រហ្វេសប៊ុករបស់វិទ្យុ ABC ហើយវាបានបង្កឲ្យមាន«រលករិះគន់»ដ៏ខ្លាំងមួយ បានផ្ទុះឡើង​ចំពោះ​ចំណាត់​ការ ប្រមូលសាកសពរបស់ក្រុមអាជ្ញាធរ នៅផ្ទាល់កន្លែង។

អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ

សូមចូលទៅអានការរិះគន់ទាំងនោះដោយផ្ទាល់ ទៅលើរូបភាពទាំងនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់វិទ្យុ ABC ដូចខាងក្រោម៖

នៅចំពោះហេតុការណ៍ដ៏អាណោចអាធមខាងលើ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញមុខ​ទទួល​ស្គាល់ពីកំហុសឆ្គងនេះ ប៉ុន្តែបានពន្យល់ថា មធ្យោបាយដឹកជញ្ជូនមានតិច ហើយ​ធាតុ​អាកាស​មិន​អំណោយ​ផល ដូច្នេះហើយ​ក្រុមនគរបាល​មាន​តែសម្រេច ដឹកសាកសពទាំងនោះ ទៅកាន់ទីអារាមដែលនៅក្បែរនោះ ឲ្យ​បាន​ឆាប់​បំផុត​ប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលខេត្ត​បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «សកម្មភាពជួយសង្រ្គោះ​ជន​រង​គ្រោះ នៅកន្លែងកើតហេតុ នគរបាលយើង បានសហការ​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ឋ ដែលនៅជិតបំផុត ក្នុង​នោះ​មានរថយន្តសង្រ្គោះ ដឹកអ្នករងរបួស​ទៅកាន់មន្ទីរពេទ្យ ដោយឡែកអ្នកបាត់បង់ជីវិត​ នៅកន្លែង​កើត​ហេតុ ក្រោយគាស់យកចេញពីរថយន្ត នគរបាលបានសម្រេច ដឹកសាកសពពួកគាត់ ទៅកាន់ទីអារាមដែល​នៅក្បែរ​នោះ ដើម្បី​រៀបចំ​ការ​វេច​ខ្ចប់​ឲ្យបានត្រឹមត្រូវ ដោយមានជំនួយ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង។»

ទំព័រហ្វេសប៊ុកឈ្មោះ «ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង» បានសរសេរបន្តទៀតថា៖ «ដោយរថយន្ត​សង្រ្គោះ​ពេលនោះ បានដឹកនាំជនរងគ្រោះ ទៅមន្ទីរពេទ្យអស់ ហើយសាកសពស្ថិតនៅលើដីយូរ ឯអាកាស​ធាតុ​មិនអំណោយផល ត្បិតមានភ្លៀងរលឹមផង បើទុកយូរ រង់ចាំរថយន្តសង្រ្គោះត្រឡប់មកវិញ ពិតជាមាន​លក្ខណៈ​មិន​គប្បីច្រើន ដូច្នេះនគរបាលសម្រេច​លើកសាកសព ដាក់លើរថយន្ត ដឹកទៅកាន់ទីអារាម នៅជិត​បំផុត​ជា​ច្រើន​ជើង។»៕

អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ