ភូមា៖ វិញ្ញាសាថ្មីរបស់លោកស្រី អ៊ុង សានស៊ូជី គឺស្វែងរកសន្តិភាពជាមួយក្រុមឧទ្ទាមជនជាតិភាគតិច

នៅក្នុងប្រទេសភូមា រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យផ្តើមកិច្ចចរចាស្វែងរកសន្តិភាពជាមួយក្រុមឧទ្ទាមជនជាតិភាគតិចនៅក្នុងទីក្រុងណៃពីដ៏។ កិច្ចចរចាសន្តិភាពដែលដឹកនាំដោយលោកស្រីរដ្ឋមន្រ្តីការបរទេសអ៊ុង សានស៊ូជី និងដោយមានការចូលរួមពីគ្រប់អ្នកតំណាងជនជាតិភាគិតិចចំនួន ៧០០នាក់។ ក្រៅពីនោះ កិច្ចចរចាសន្តិភាពនេះក៏មានការចូលរួមពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូនដែរ។ សូមជម្រាបជូនថា អស់ជាច្រើនទសវត្សមកហើយដែលចលនាឧទ្ទាមជនជាតិភាគតិចភូមាបានតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋអំណាចកណ្តាលភូមា។

គឺសុឆន្ទៈរបស់រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ពិសេសគឺរូបលោកស្រីអ៊ុង សានស៊ូជីដែលបានជំរុញឲ្យមានកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលភូមា និងក្រុមឧទ្ទាមជនជាតិភាគតិចពេលនេះ។ តាំងពីក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រហូតទទួលបានជោគជ័យយ៉ាងធំធេងនាការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ លោកស្រីអ៊ុង សានស៊ូជីដែលបច្ចុប្បន្នមានតួនាទីជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាពិសេសរបស់រដ្ឋបានចាត់ទុក និងបន្តចាត់ទុកបញ្ហាជនជាតិភាគតិចជាសំណុំរឿងអាទិភាពដែលត្រូវដោះស្រាយឲ្យខានតែបាន។ កម្មវត្ថុរបស់លោកស្រីអ៊ុង សានស៊ូជី គឺបិទបញ្ចប់ជម្លោះជាមួយក្រុមឧទ្ទាមជនជាតិភាគតិចដែលបាន និងកំពុងស៊ីរូងប្រទេសដ៏រុំារ៉ៃ។

នៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិននាសប្តាហ៍កន្លងទៅថ្មីៗនេះ លោកស្រីអ៊ុង សានស៊ូជីបានអះអាងដោយទទួលស្គាល់ជាសាធារណៈថា បើគ្មានសន្តិភាពរវាងរដ្ឋអំណាចកណ្តាល និងក្រុមឧទ្ទាមជនជាតិភាគតិចទេ ភូមានឹងមិនអាចធ្វើការអភិវឌ្ឍន៍បានឡើយ។ ម្យ៉ាងទៀត និងដើម្បីពន្លឿនកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមជនជាតិភាគតិច លោកស្រីអ៊ុង សានស៊ូជីបានអំពាវនាវសុំជំនួយពីអ្នកដទែ ពិសេសពីចិនដែលលោកស្រីដឹងថា ជាប្រទេសដែលមានឥទ្ធិពល និងមានទឹកមាត់ប្រៃអាចនិយាយបញ្ចុះបញ្ចូលលើក្រុមឧទ្ទាមជនជាតិភាគតិចសំខាន់ៗមួយចំនួន។

បន្ទាប់មក កិច្ចចរចាពេលនេះក៏មានការចូលរួមពីមេទ័ពភូមាដែលកំពុងបន្តក្តាប់ក្រសួងសំខាន់ៗ ដូចយ៉ាងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ និងការចូលរួមរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូនដែរ។ នេះជាលើកទី១ ដែលមានអគ្គលេខាធិការអង្គការសហប្រជាជាតិមា្នក់ចូលរួមផ្ទាល់នៅក្នុងជម្លោះផ្ទែក្នុងភូមា។ គួរបញ្ជាក់ជូនថា អស់ជាច្រើនទសវត្សមកហើយដែលរដ្ឋអំណាចកណ្តាលភូមាបានប្រឈមមុខផ្លូវអាវុធទល់នឹងក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច។

តើមានក្រុមឧទ្ទាមជនជាតិភាគតិចណាខ្លះដែលបានយល់ព្រមចូលអង្គុយតុចរចាជាមួយលោកស្រីអ៊ុង សានស៊ូជី?

គ្រប់ក្រុមឧទ្ទាមជនជាតិភាគតិចទាំងអស់ ពោលក្រុមឧទ្ទាមជនជាតិភាគតិចដែលកំពុងតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋអំណាចកណ្តាលបានយល់ព្រមតាមការអញ្ជើញរបស់លោកស្រីអ៊ុង សានស៊ូជី។ ជាសរុប មានអ្នកតំណាងក្រុមឧទ្ទាមជនជាតិភាគតិចប្រមាណជា ៧០០នាក់។ នៅភូមា មាន ១៣៥ជនជាតិភាគតិចខុសៗគ្នាដែលតំណាងឲ្យ ១ភាគ៣ នៃប្រជាជនភូមាសរុបជាង ៥០លាននាក់។ កិច្ចចរចាសន្តិភាពពេលនេះត្រូវបានគេឲ្យឈ្មោះថា « ប៉ងឡុងនៃសតវត្សទី២១ »។ ការដាក់ឈ្មោះកិច្ចចរចារបៀបនេះត្រូវបានលោកស្រីអ៊ុង សានស៊ូជីយកគំរូតាមកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្រ្តកាលពីឆ្នាំ ១៩៤៧ ដែលឱពុកលោកស្រី គឺលោកអ៊ុង សាននាយករដ្ឋមន្រ្តីជំនាន់នោះបានចុះហត្ថលេខាជាមួយក្រុមឧទ្ទាមសំខាន់ៗមួយចំនួន។

គឺតាមរយៈកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្រ្តនោះឯងដែលលោកអ៊ុង សានបាននាំឯករាជ្យភាពឲ្យប្រទេសភូមាចេញពីអាណានិគមនិយមអង់គ្លេសក្នុងឆ្នាំ ១៩៤៨។ តែមិនយូរប៉ុន្មានក្រោយមក វីរបុរស និងបិតាឯករាជ្យជាតិរូបនេះត្រូវបានគេធ្វើឃាត។ នៅក្រោយឃាតកម្មសម្លាប់លោកអ៊ុង សាន ភូមាក៏បានធ្លាក់ក្នុងសង្រ្គាមហែកហួរគ្នារហូតដល់មានរដ្ឋប្រហារយោធាក្នុងឆ្នាំ ១៩៦២ ដែលលោកឧត្តមសេនីយនេ វីនឡើងកាន់អំណាច។ គឺនៅពេលដែលភូមាធ្លាក់ក្នុងរបបសឹកដែលចលនាឧទ្ទាមជនជាតិភាគតិចបានផ្តើមកាន់អាវុធតស៊ូជាថ្មី និងមានចលនាខ្លះបានបន្តតស៊ូមកដល់សព្វថ្ងៃ។

ក្នុងឆ្នាំ ២០១៥ ពោលក្នុងពេលភូមាស្ថិតក្នុងសម័យរដ្ឋាភិបាលស៊ីវិលអន្តរកាល មានក្រុមឧទ្ទាមចំនួន ៨ បានយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាព តែមានក្រុមឧទ្ទាមសំខាន់ៗមួយចំនួនបានជ្រើសរើសយកផ្លូវតស៊ូប្រដាប់អាវុធ ពិសេសចលនាឧទ្ទាមនៅក្នុងតំបន់កាឈីន និងតំបន់ឆាន។

កិច្ចចរចាសន្តិភាពត្រូវការពេលវែង និងស្មុគស្មាញ

របៀបវារៈនៃកិច្ចចរចាមានច្រើន តែក្តីសង្ឃឹមមានតែមួយគត់ គឺសន្តិភាព ពោលកិច្ចព្រមព្រៀងសន្តិភាពមួយដែលឈានទៅបិទបញ្ចប់ជម្លោះដ៏រុំាំរ៉ៃ និងយូរលង់ជាងគេក្នុងលោករវាងរដ្ឋអំណាចកណ្តាល និងក្រុមឧទ្ទាមជនជាតិភាគតិចទាំងអស់នៅភូមា។ បើតាមមើលទៅ ប្រហែលជាមិនងាយស្រួលដូចការគិត និងការចង់បានរបស់លោកស្រីអ៊ុង សានស៊ូជីនោះទេ។ រូបលោកស្រីអ៊ុង សានស៊ូជីខ្លួនឯងធ្លាប់បានទទួលសារភាព និងដឹងខ្លួនជាមុនថា នៅក្នុងកិច្ចចរចាសន្តិភាពលើកទី១ពេលនេះ លោកស្រីនឹងមិនអាចជំនះក្រុមឧទ្ទាមជនជាតិភាគតិចឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ្វីទេ។

រីឯក្រុមឧទ្ទាមក៏នៅមិនទាន់បានត្រៀមខ្លួនដើម្បីផ្តល់ហត្ថលេខីអ្វីទៅឲ្យលោកស្រីអ៊ុង សានស៊ូជីដែរ។ សូមជម្រាបជូនថា ភូមាជារដ្ឋសហព័ន្ធដែលមានក្រុមឧទ្ទាមជនជាតិភាគតិចធំៗកំពុងបន្តទាមទារផ្តាច់ទឹកដីដែលខ្លួនកំពុងកាន់កាប់ចេញពីរដ្ឋអំណាចកណ្តាល ឬក៏យ៉ាងហោចណាស់ ក៏ទទួលបានជាដែនដីស្វយ័ត។ ដូច្នេះមានបញ្ហាជាច្រើនដែលភាគីទាំងពីរត្រូវលើកយកទៅពិភាក្សាយ៉ាងលំអិត និងត្រូវប្រើពេលយូរ។ លោកស្រីអ៊ុងសានស៊ូជីបានប្រាប់រួចហើយថា ជំនួបចរចាសន្តិភាពដូចពេលនេះនឹងត្រូវធ្វើឡើងរៀងរាល់ ៦ខែម្តង។

ដូច្នេះឃើញថា គេត្រូវប្រើពេលជាច្រើនឆ្នាំទៅមុខ មុននឹងទទួលបានកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានទាំងអស់គ្នា។ អ្វីដែលសំខាន់នៅក្នុងកិច្ចចរចាសន្តិភាពពេលនេះ គឺការស្វែងយល់ចិត្តគ្នា និងស្តាប់ពីការទាមទារចង់បានរបស់ភាគីពាក់ព័ន្ធនីមួយៗ។ សម្រាប់លោកស្រីអ៊ុង សានស៊ូជី ការដែលលោកស្រីអាចហៅគ្រប់ភាគីជម្លោះទាំងអស់ឲ្យចូលអង្គុយត ចរចាពេលនេះ គឺជាជោគជ័យមួយធំណាស់។ រឿងរកបាន ឬមិនបានកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ វាអាស្រ័យលើឆន្ទៈរបស់ភាគីម្នាក់ៗ៕

ប្រភព៖ RFI


ភូមា៖ វិញ្ញាសាថ្មីរបស់លោកស្រី អ៊ុង សានស៊ូជី គឺស្វែងរកសន្តិភាពជាមួយក្រុមឧទ្ទាមជនជាតិភាគតិច

ក្រុមអ្នកតំណាងរាស្រ្តអាស៊ានដើម្បីសិទ្ធិមនុស្ស រិះគន់ប្រទេសឡាវថា ដឹកនាំតំបន់បានតែផ្នែកជិះជាន់ និងគាបសង្កត់សិទ្ធិមនុស្សប៉ុណ្ណោះ

ភូមា៖ វិញ្ញាសាថ្មីរបស់លោកស្រី អ៊ុង សានស៊ូជី គឺស្វែងរកសន្តិភាពជាមួយក្រុមឧទ្ទាមជនជាតិភាគតិច

Burkini៖ អង្គការសហប្រជាជាតិសុំអោយបារាំងឈប់ហាមប្រាមការស្លៀកឈុតមុជទឹកអ៊ីស្លាម