Burkini៖ អង្គការសហប្រជាជាតិសុំអោយបារាំងឈប់ហាមប្រាមការស្លៀកឈុតមុជទឹកអ៊ីស្លាម

ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានសុំអោយអាជ្ញាធរតាមបណ្តាក្រុងផ្សេងៗនៅបារាំង បញ្ឈប់ការហាមប្រាម នូវការស្លៀកសម្លៀកបំពាក់មុជទឹកអ៊ីស្លាម ដែលបារាំងហៅថា Burkini នោះទៀត។ សម្រាប់អង្គការសហប្រជាជាតិ ការហាមប្រាមស្លៀកឈុតមុជទឹកអ៊ីស្លាមនេះ មិនបានជួយកែលម្អសុវត្ថិភាពសន្តិសុខនៅបារាំងទេ។

សូមរំលឹកថា តាំងពីចុងខែកក្កដាមក ទីក្រុងជាង១០នៅតាមឆ្នេរសមុទ្រប្រទេសបារាំង បានចេញអនុក្រិត្យហាមមិនអោយស្លៀកឈុតមុជទឹកអ៊ីស្លាមទេ ដោយលើកឡើងថា ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ។ សម្រាប់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការហាមប្រាមបែបនេះ ជាប្រតិកម្មបែបឆោតល្ងង់ ហើយមិនបានជួយលម្អស្ថានការណ៍សន្តិសុខនៅបារាំងទេ។

កាលពីថ្ងៃសុក្រ២៦សីហា ក្រុមប្រឹក្សារដ្ឋបារាំងបានព្យួរអនុក្រិត្យហាមប្រាមបែបនេះ របស់ក្រុងឆ្នេរ Villeneuve-Loubet ភាគខាងត្បូងប្រទេសបារាំង ក្នុងតំបន់ Alpes-Maritimes។ ក្រុមប្រឹក្សារដ្ឋយល់ថា វាជាការរំលោភលើបទដ្ឋានសិទ្ធិមនុស្ស។

ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក រ៉ាអាត អាល់ ហ៊ូសសេន បានអបអរបានអបអរការសម្រេចរបស់ក្រុមប្រឹក្សារដ្ឋបារាំង។ អង្គការសហប្រជាជាតិបានសុំអាជ្ញាធរទីក្រុងផ្សេងៗទៀតក្នុងទឹកដីបារាំង ដែលបានចេញអនុក្រិត្យហាមប្រាមនេះ អោយលើកអនុក្រិត្យនេះចេញវិញ។

ឈុតមុជទឹក burkini អ៊ីស្លាម ជាប្រធានបទចម្រូងចម្រាសក្នុងសង្គមបារាំង ហើយក៏បានបង្កភាពតានតឹងក្នុងជួររដ្ឋាភិបាលបារាំងដែរ។ នាយករដ្ឋមន្ត្រីបារាំង ម៉ានុយអែល វ៉ាល់ ប្រតិកម្មថា បរិហារឈុតប៊ីគីនី បែបនេះមិនមែនមានន័យថា បរិហារពីសេរីភាពផ្ទាល់ខ្លួននោះទេ – គ្មានសេរីភាពណាដែលបំបិទស្ត្រីភេទទេ៕

ប្រភព៖ RFI


Burkini៖ អង្គការសហប្រជាជាតិសុំអោយបារាំងឈប់ហាមប្រាមការស្លៀកឈុតមុជទឹកអ៊ីស្លាម

កម្ពុជា-វៀតណាម ខ្វែងគំនិតគ្នាមិនទាន់ចេញសេចក្តីថ្លែងការណ៍រួមរឿងព្រំដែន

Burkini៖ អង្គការសហប្រជាជាតិសុំអោយបារាំងឈប់ហាមប្រាមការស្លៀកឈុតមុជទឹកអ៊ីស្លាម

​សាលាឧទ្ធរណ៍នឹងប្រកាសសាលដីការឿង ACU ឃុំមន្រ្តីអាដហុកលើសនីតិវិធីនៅថ្ងៃទី២កញ្ញា