លោក Trump ប្រឈមមុខនឹងយុទ្ធនាការសំខាន់បំផុតអំពីគោលនយោបាយអន្តោប្រវេសន៍

លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋប្រឈមមុខនឹងពេលវេលាសំខាន់ក្រៃលែងមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា. ដើម្បីប្រឆាំងនឹងលោកស្រី Hillary Clinton នៅពេលដែលលោកនឹងពន្យល់អំពីគោលនយោបាយអន្តោប្រវេសន៍ដែលជាបញ្ហាសំខាន់នៅក្នុងការឈរឈ្មោះរបស់លោកសម្រាប់តំណែងជាន់ខ្ពស់បំផុតក្នុងសេតវិមាន។

លោក Trump នឹងលាតត្រដាងផែនការរបស់លោកនៅថ្ងៃពុធនេះក្នុងរដ្ឋ Arizona ដែលជារដ្ឋមួយក្នុងតំបន់និរតីប្រទេសអាមេរិក នៅតាមព្រំដែនខាងត្បូងនៃស.រ.អា.ជាមួយប្រទេសម៉ិកស៊ិក។ ក្នុងរយៈពេលច្រើនឆ្នាំមកហើយ តំបន់នេះជាកន្លែងមួយក្នុងបណ្តាកន្លែងនានាដែលស.រ.អា.បានផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយលំហូរពួកជនចំណាកស្រុកខុសច្បាប់ចូលមកក្នុងប្រទេសអាមេរិក។

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានបង្ហាញសញ្ញាចម្រុះអំពីថាតើលោកនៅតែគាំទ្រការអំពាវនាវដំបូងរបស់លោកក្នុងការបង្កើត«កងកម្លាំងបណ្តេញ»មួយសម្រាប់បញ្ជូនពួកជនអន្តោប្រវេសន៍គ្មានឯកសារ១១លាននាក់ដែលរស់នៅរួចស្រេចហើយនៅក្នុងស.រ.អា. ឱ្យត្រឡប់ទៅកាន់ប្រទេសពួកគេវិញឬបែបណា។

លោក Trump បានសរសេរតាម Twitter របស់លោកកាលពីថ្ងៃអង្គារថា៖ «ចាប់តាំងពីថ្ងៃទីមួយមក ខ្ញុំបាននិយាយថា ខ្ញុំនឹងកសាងមហាកំផែងមួយតាមព្រំដែនខាងត្បូងនិងកន្លែងច្រើនថែមទៀតដើម្បីបញ្ឈប់អន្តោប្រវេសន៍ខុសច្បាប់។ សូមរង់ចាំមើលនៅថ្ងៃពុធ»។

គោលជំហរជាតិនិយមប្រឆាំងនឹងអន្តោប្រវេសន៍ដោយគ្មានងាករេរបស់លោកTrump បានធ្វើឱ្យលោកទទួលការគាំទ្រធំទូលាយក្នុងការបោះឆ្នោតបឋមតាមរដ្ឋដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដោយជួយឱ្យលោកមានជ័យជម្នះលើពួកអ្នកនយោបាយមានបទពិសោធន៍ច្រើនដោយលោកបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្នុងការប្រកួតប្រជែងដំបូងរបស់លោកសម្រាប់ការកាន់តំណែងតាមរយៈការបោះឆ្នោត។

ក៏ប៉ុន្តែការស្ទង់មតិក្នុងប្រទេសជាតិក្នុងពេលតិចជាងបីខែមុនការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកាប្រឆាំងនឹងលោកស្រី Clinton បង្ហាញថា អ្នកបោះឆ្នោតច្រើននាក់ក្នុងមណ្ឌលបោះឆ្នោតធំជាងមុន បានជំទាស់នឹងការបញ្ជូនក្រុមគ្រួសារជាច្រើនដែលសមាជិកច្រើននាក់បានរស់នៅក្នុងប្រទេសអាមេរិកច្រើនឆ្នាំមកហើយនោះ ត្រឡប់ទៅកាន់ប្រទេសពួកគេវិញ។

លោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.ដែលស្វះស្វែងឱ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយ មានការគំាទ្រនាំមុខលោក Trump ៥ភាគរយនៅក្នុងការស្ទង់មតិថ្មីៗបំផុតនៅទូទាំងប្រទេសដែលធ្វើឡើងដោយគេហទំព័រនយោបាយ realclearpolitics.com។

ការស្ទង់មតិរួមគ្នាប្រចាំសប្តាហ៍កាលពីថ្ងៃអង្គាររវាងបណ្តាញទូរទស្សន៍ NBC News និង Survey Monkey បានបង្ហាញថា លោកស្រី Clinton នាំមុខលោកTrump ៤៨ភាគរយទល់នឹង៤២ភាគរយ ដោយចុះថយពីការនាំមុខចំនួន៨ភាគរយកាលពីមួយអាទិត្យមុននេះ៕

ប្រភព៖ VOA


Related Posts