សុំ​​ផ្ទះ​មិត្តភក្តិដេក ពេលភ្ញាក់​ដឹងខ្លួនទើប​ដឹង

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ទៅ​នៅ​ដេក​ផ្ទះ​មិត្តភក្តិ លុះ​ពេល​ភ្ញាក់​ដឹងខ្លួន​ឡើង​ស្រាប់តែ​បាត់​ម៉ូតូ ទើប​ដឹង​ថា មិត្តភក្តិ​យក​ទៅ​បញ្ចាំ​បាត់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៣០ ខែសីហា ត្រង់​ចំណុច​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ អែម ជីវ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​តាម​ផ្លូវ​រទេះភ្លើង ស្នាក់​នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​សុំ​មិត្តភក្ដិ​ម្នាក់​ដែល​មានឈ្មោះ ទុន បូ​រិ​ន អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ពិ​ដាន ស្នាក់​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ស្នាក់​នៅ ដោយសារ​តែ​រូប​គាត់​ដើរ​លេង​ដាច់​យប់​ច្រើន​ថ្ងៃ​ពេក មិន​ហ៊ាន​ចូល​ផ្ទះ ខ្លាច​ឪពុកមា​ស្ដីបន្ទោស ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​មិត្តភក្ដិ​នោះ​បាន​យក​ម៉ូតូ​របស់​គាត់​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL 2779 យក​ទៅ​ដាក់បញ្ចាំ​បាត់ រហូត​ពេល​គាត់​ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ​បាត់​ម៉ូតូ ទើប​ដឹង​ថា មិត្តភក្ដិ​របស់​ខ្លួន​យក​ទៅ​បញ្ចាំ​បាត់​ហើយ ក៏​បាន​ប្រាប់​រឿងរ៉ាវ​នេះ​ទៅ​ឪពុកមា​របស់​ខ្លួន ហើយ​ក៏​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ ។

បើ​តាម​សម្ដី​ជនសង្ស័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពិតជា​បាន​យក​ម៉ូតូ​មិត្តភក្តិ​របស់​ខ្លួន​ដែល​មក​ស្នាក់​នៅ​ទៅ​ដាក់បញ្ចាំ​ចំនួន​៣០០​ដុល្លារ ដើម្បី​យក​លុយ​ទៅ​លេង​ហ្គេ​ម​បាញ់​ត្រី ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍​សមត្ថកិច្ច​ខាងលើ​រង់ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕