លោកជំទាវ​តំណាងរាស្ត្រ​ចុះជួយ​ជួសជុល​ផ្ទះមួយ​ខ្នង និង​ជួយ​បើកផ្លូវ​ដើរ​​មាន​ទទឹង​២​ម៉ែត្រ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃ្លាំងប្រាក់​

ខេត្តកំពង់ឆ្នាំង៖ ដោយមានទឹកចិត្តដ៏សប្បុរសជួយប្រជាពលរដ្ឋក្រីក្រ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ កែ ចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានចុះជួយជួសជុលផ្ទះមួយខ្នងជូនគ្រួសារមន្ត្រីរាជការក្រីក្រចូលនិវត្តន៍ម្នាក់ នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងជួយសម្របសម្រួលបើកផ្លូវដើរពីតូចទៅធំផងដែរ។

អាជ្ញាធរភូមិឃ្លាំងប្រាក់បានអោយដឹងថា៖ លោក ង៉ែត គឹមឡុង អាយុ៥៧ឆ្នាំ ជាអតីតមន្ត្រីសាលាក្រុងកំពង់ឆ្នាំងចូលនិវត្តន៍ មានប្រពន្ធឈ្មោះ គឹម លៀង អាយុ៥៥ឆ្នាំ មានកូន៥នាក់នៅក្នុងបន្ទុក និងមានជីវភាពក្រីក្រ រស់នៅក្នុងភូមិឃ្ឡាំងប្រាក់ សង្កាត់ប្អេរ។

ដោយពិនិត្យឃើញស្ថានភាពលំបាករបស់គ្រួសារនេះ នៅល្ងាចថ្ងៃទី៣០ ខែសីហា លោកជំទាវកែ ចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ បានចុះមកសិក្សាជួយជួសជុលផ្ទះមួយខ្នងដែលទ្រុតទ្រោមរបស់គ្រួសារនេះ ដោយគាត់បានស្ម័គ្រចិត្តអោយក្រុមការងារ កាត់ផ្ទះបាយគាត់ពីខាងកើតផ្ទះ ទៅធ្វើតនៅខាងលិចផ្ទះវិញ ដើម្បីជួយបើកផ្លូវដើរក្នុងភូមិបានពី២ម៉ែត្របន្ថែមទៀត ដែលពីមុនផ្លូវនេះតូចចង្អៀតមានទទឹងតែជាង១ម៉ែត្រពិបាកចេញចូលណាស់។

លោកជំទាវ កែ ចន្ទ័មុនី បានលើកឡើងថា៖ លោកជំទាវអរគុណណាស់ដែលក្រុមគ្រួសារលោក ង៉ែត គឹមឡុង បានយល់ព្រមតាមការសម្របសម្រួលខាងលើនេះ ដែលលោកនិងប្រជាពលរដ្ឋក្នុងភូមិឃ្ឡាំងប្រាក់គឺបានចំណេញដូចគ្នា ។ គឺលោក ង៉ែត គឹមឡុង ចំ ណេញបានផ្ទះបាយថ្មី បានបង្គន់និងបន្ទប់ទឹកថ្មីដែឡពីមុនមកអត់មាន ចំណែកប្រជាព លរដ្ឋក្នុងភូមិចំណេញបានផ្លូវដើរធំពីផ្លូវមុនតែជាង១ម៉ែត្រ ឥឡូវមានផ្លូវជាង៣ម៉ែត្រសំរាប់ធ្វើដំណើរចេញចូលបានស្រួលជាងមុន ហើយក៏អាចសម្រួលបានអោយរថយន្តធុនតូចចេ ញចូលបានផងដែរ ដែលពីមុនផ្លូវនេះរថយន្តមិនអាចចេញចូលបានឡើយ។

លោកជំទាវបានបញ្ជាក់ថា៖ ការជួសជុសផ្ទះបាយ គឺលោកជំទាវជាអ្នកចេញប្រាក់អោយ ចំណែកបង្គន់បន្ទប់ទឹក និងការចាក់ដីគ្រោះក្រហមជួសជុលផ្លូវចំណុចនេះគឺលោក លៀង សេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកជួយធ្វើអោយ។

លោក ង៉ែត គឹមឡុង ក្រុមគ្រួសារ និងលោកមេភូមិឃ្លាំងប្រាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ និងក្រុមការងារដែលបានចុះមកជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិឃ្លាំងប្រាក់ ប្រពលរដ្ឋសូមប្រសិទ្ធិពរជ័យ សិរីមហាប្រសើរជូនដល់លោកជំទាវ និងក្រុមការងារ អោយមានជោគជ័យគ្រប់តួនាទីនិងភារកិច្ចបំរើជាតិមាតុភូមិជារៀងរហូតតទៅ ៕ (រិទ្ធិជ័យ )