គ្មានអីចម្លែកទេ ​! បិទហើយ​បើកវិញនោះ

រាជធានីភ្នំពេញ ៖ ​ពាក្យថា«បិទនិងបើក​ ឬ បើកនិងបិទ» ​បានត្រូវក្រសួង ​ស្ថាប័ន និង ​ក្រុមហ៊ុនឯកជន​នានា​យកទៅប្រើទៅតាម​កាលៈទេសៈ ​និងតម្រូវការការងារចំពោះមុខជាក់ស្តែង​ ឬ ក៍យកទៅប្រើ​ជាបទបញ្ជា​ក្នុងលក្ខណៈគតិយុត្តិជាដើម ។

ឧទាហរណ៍ ៖ ​សាលារាជ​ធានីភ្នំពេញ​ប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន​លើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា​-ជប៉ុន ​ចាប់ពីថ្ងៃទី​០១ មករា ២០១៧ ​រហូត​ដល់ឆ្នាំ២០១៩ ​ដើម្បីជួសជុលឡើងវិញ​ និងសាលារាជធានីភ្នំពេញ​កន្លងមក​បានសម្រេចដាក់ឲ្យចរាចរណ៍​ឯកទិស​លើផ្លូវសុធារស​ ពីកែងផ្លូវ​ស្ថានទូតរុស្ស៊ី ​មកស្តុបជលផល​ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ ​ប៉ុន្តែក្រោយ​មក បានបើក​ឲ្យ​ដំណើរការ​ទ្វេទិស​ឡើង​វិញ​ជាដើម ។

យ៉ាងណាមិញ​ ​ដោយសារឃើញការកកស្ទះចរាចរណ៍ខ្លំាង​នៅកំណាត់ផ្លូវ២៧១​ ម្តុំមុខវិទ្យាល័យ ​ជា ស៊ីម សាមគ្គី ​គេឃើញ អាជ្ញាធរ​​បានសម្រេចដាក់រនំាងដែកពុះចែកទ្រូងផ្លូវ ​នៅមុខសាលាអន្តរជាតិស្តេមហ្វត(Stamford) ​ដើម្បីបញ្ចៀស ​ឬកាត់បន្ថយ​ការកកស្ទះចរាចរណ៍ ។

ក្រោយការដាក់រនំាងដែកបិទ​នៅចំណុចមុខសាលាអន្តរជាតិស្តេមហ្វត​ គឺពិតជាមានលទ្ឋផលល្អប្រសើរ​មែន ​ពោលគឺចរាចរណ៍នៅ​ចំណុចខាងលើ​ មិនមានការកកស្ទះរៀងរាល់ម៉ោងរាល់ថ្ងៃនោះទេ​ គ្រាន់តែស្ទះតិចតួចនៅមុខវិទ្យាល័យ ​ជា ស៊ីម សាមគ្គី ​ដោយ​សារ​សិស្សសាលាឆ្លងកាត់ ​ឬ ពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗនោះឆ្លងកាត់ប៉ុណ្ណោះ ។ ​ស្រាប់តែនៅរយៈពេល​​ប្រមាណជិត​ពីរសប្តាហ៍កន្លងមកនេះ ​រនំាងដែកពុះចែកទ្រូងផ្លូវនៅមុខសាលាអន្តរជាតិស្តេមហ្វត ​ត្រូវបានគេបើកឡើងវិញ​ដោយមិនទាន់ដឹង​ពី​មូលហេតុ ​ធ្វើឲ្យចរាចរណ៍នៅកំណាត់ផ្លូវ២៧១​ ម្តុំវិទ្យាល័យ ជា ស៊ីម សាមគ្គី ​មានការកកស្ទះជាខ្លំាងឡើងវិញ ​នេះមិនទាន់ដល់​សិស្សចូលកងវិញផង​ ទំរំាដល់សិស្សចូលកងវិញ ​ទំនងជាស្ទះដូចកាលពីមន្រ្តីជំនាញ​មិនទាន់សិក្សាក្នុងការដាក់រនំាងបិទមុខ​សាលា​អន្តរជាតិ​​ស្តេមហ្វត។

ទោះជាយ៉ាងណា​ ក្រុមអ្នកវិភាគសង្គមមួយចំនួនបានលើកឡើងថា ​ករណីជាក់ស្តែងខាងលើរឿងចរាចរណ៍​«បិទហើយបើក ឬ បើករួចបិទ»នេះ​ មិនមែនជារឿងចម្លែកនោះទេ​សម្រាប់ស្រុកខ្មែរ​ រាប់ទំាងបង្រ្កាបព្រៃឈើ​ ឈើនៅតែត្រូវ​បានគេ​បន្តកាប់​និងនំា​ចេញ ​បង្រ្កាប​ទីតំាងល្បែងស៊ីសងបានតែមួយដង្ហើម ​ល្បែងស៊ីសងកើតឡើងវិញ​ ឬ កន្លងមក​ អ្នកលេងហ្វេសប៊ុក ​(Facebook) បានចែករំលែកតៗគ្នា (Share) ដែលថា «ធ្វើផ្លូវ ដាក់លូ ដល់ធ្វើយូរៗទៅ ស្ទះទំាងផ្លូវ ស្ទះទំាងលូជាដើម» ៕