ទឹកចិត្តម្តាយ…​​ មិនគិតអាយុជីវិតខ្លួន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ ​និង​កូនស្រី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ត្រូវ​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​កូន ​លុះម្តាយ​ឃើញ​ទាន់ ក៏​ចាប់​ទាញ​មក​វិញ​ បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​​ក្បាល​សន្លប់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះភ្លាមៗ​ ដែលហេតុការណ៍នេះ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ​សីហា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ត្រង់​ចំណុច​មុខ​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់គ្រង​ ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ប្រភព​​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​​ប្តី-ប្រពន្ធចំណាស់ ​រួម​ដំណើរ​ជាមួយ​កូនស្រី​ម្នាក់​ទៀត​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៤ ​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ​​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មិន​ចាំ​ស្លាក​លេខ ​ធ្វើ​ដំណើរ​ស្រប​ទិស​ដៅ​គ្នា​ ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​កូន​​ ក៏​ត្រូវ​ស្ត្រី​ជា​ម្តាយ​ចាប់​ប្រទាញប្រទង់​គ្នា​ជាមួយ​ជនសង្ស័យ​ បណ្តាល​ដួល​ខ្លួនឯង​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​សន្លប់​ស្តូកស្តឹង​រង​របួសធ្ងន់ និងកូនស្រីជា​ម្ចាស់​ទូរស័ព្ទ ក៏​រងរបួសផងដែរ

ប៉ុន្តែ​ទូរស័ព្ទ​ម៉ាក​សាំ​សុងឆក់​មិន​បាន​សម្រេច​ទេ ​គ្រាន់តែ​ជ្រុះ​បែក​អេ​ក្រង់ ។ ភ្លាម​ៗ​នោះ​ ដែល​ជនសង្ស័យ​ឃើញ​ជន​រង​គ្រោះ​គាត់​ដួល​រង​របួសធ្ងន់​​ ក៏​​ជិះ​ម៉ូតូគេចចេញ​​​បាត់​ស្រមោល ។ ។