ព្រះពុទ្ធ​ទ្រង់​គឺជា​ “ព្រះភគវន្ត”​ ដ៏ប្រសើរ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ​

អស់​រយៈពេល​ជាង​២៥សតវត្សរ៍​រហូត​មកដល់​ពេលនេះ​ ប្រទេស​ឥណ្ឌា​ដែលជា​មាតុភូមិ​កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ​ព្រះបរមគ្រូ​, វត្តមាន​របស់​ព្រះភគវន្ត​បាន​រលត់​បាត់​ស្ទើរ​គ្មាន​ស្រមោលនៅក្នុង​ដែន​អាណាចក្រ​មួយនេះ ​សូម្បី​តែធ្វើ​ការរាវរក​នៅក្នុង​ពិភពលោក​ទាំងមូល​ក៏សឹង​តែរក​មិនបាន​ ។ មានបុគ្គល​ជាច្រើន​ដែលប្រកាស​តាំងខ្លួន​ឯង​ជា​ព្រះភគវន្ត​យ៉ាងនេះ ​យ៉ាងនោះ ​ខ្លះរស់​នៅឯណេះ ​ខ្លះរស់​នៅឯណោះ​ រសាត់​អណ្ដែត​ដូច​កង្កែប​តាម​ថ្លុក​មិនដឹង​គោលដៅ​ច្បាស់លាស់​ សូម្បី​តែ​ខ្លួន​ឯង​ជានរណា​ កំពុងធ្វើអី​ កសាង​ប្រយោជន៍​ដល់នរណា​ ប៉ះពារ​ទៅលើ​នរណាខ្លះ​ ក៏ខ្លួនឯង​មិនដឹង​ច្បាស់លាស់​ផង ​តើគេអាច​នឹងក្លាយ​ជាព្រះភគវន្ត​បានយ៉ាង​ដូចម្ដេច​?​ តើ​ពាក្យ​ថា​ព្រះភគវន្ត​បានន័យថា​យ៉ាង​ដូចម្ដេច​? ​
ពាក្យ​ថា​ព្រះភគវន្ត ​គឺមិនមែន​ជាពាក្យ ​ឬនាម​ដែលអាច​សម្គាល់ ​ឬហៅ​បា​នគ្រប់​ឋានានុ​ជននោះទេ​ ព្រះភគវន្ត​គឺសម្ដៅ​ដល់​អរិយបុគ្គល​អង្គណា ​ដែលលោក​បានសង្រួម ​និងសម្ងួត​ចោល​អស់នូវ​កិលេស និងតណ្ហា​ ដែលជា​សេចក្ដី​ស្រេកឃ្លាន​ កំហឹង ​និង​សេចក្ដី​ល្ងង់ខ្លៅ ​ឬការ​ភាន់ច្រឡំ​ទាំងឡាយ​បានយ៉ាង​ប្រសើរ ​ឬអ្នក​ដែលរស់​នៅក្នុង​ភាព​នៃការ​រួចរដោះ​ ​(​មិនជាប់​ជំពាក់​ក្នុងធាតុ​អវិជ្ជា​ទាំង​ខ្លួនឯងផង​ និងអាច​ប្រាប់អ្នក​ដទៃឱ្យ​អាចរំដោះ​ខ្លួន​គេឱ្យ​ចាកចេញ​អំពីធាតុ​អវិជ្ជាផង​) ​នោះទើប​ឈ្មោះថា​៖ ព្រះភគវន្ត ​។​ ប្រសិន​បើបុរសណា​ម្នាក់​ ដែល​មិនទាន់​អាចរំដោះ​ខ្លួនគេ​ឱ្យចាកចេញ​ពីសណ្ដៅ​នៃកិលេស​ និងតណ្ហា​ដែលជា​គ្រឿង​នាំឱ្យ​សៅហ្មង​ទាំងអស់​នេះបាន​ទេ ​នោះគេ​មិនមែន​ជាព្រះភគវន្តទេ​ ។​ គ្រប់គ្នា,​ យើង​ទាំងអស់គ្នា​សុទ្ធតែ​អាចក្លាយ​ជាព្រះភគវន្ត​បាន​ ឱ្យតែ​យើងព្យាយាម​ប្រតិបត្តិ​តាមពុទ្ធោវាទ ​និងការ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ព្រះបរមគ្រូ​តាមរយៈ​ការធ្វើ​វិបស្សនា​កម្ម​ដ្ឋា​ន​ឱ្យបាន​ត្រឹមត្រូវ​ និងទៀងទាត់​ ៕​

ព្រះពុទ្ធ​ទ្រង់​គឺជា​ “ព្រះភគវន្ត”​ ដ៏ប្រសើរ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ​ដោយ៖ ឈូកស
Cool FM 100.7