តើយើងត្រូវជ្រើសរើសប្រភពចំណូលមួយណាសម្រាប់អនាគត ចង់ធ្វើការ ឬចង់រកស៊ី?

ជីវភាព​គឺ​ជា​កង្វល់​ដ៏​ធំ​មួយ​នៅ​ក្នុង​ដំណើរ​ជីវិត​គ្រួសារ ហើយ​ប្រភព​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​នេះ គឺ​បាន​មក​ពី​ប្រភព​ធំៗ​ពីរ គឺ​បាន​មក​ពី​ការ​ធ្វើ​ការងារ​​ និង​ការ​ប្រកប​មុខ​របរ​រក​ស៊ី។ មាន​មនុស្ស​ជា​ច្រើន​បាន​យល់​ខុស ឬ​យល់​មិន​ច្បាស់​អំពី​សក្តានុពល និង​ការ​រីក​ចម្រើន​របស់​ប្រភព​ចំណូល​ទាំងពីរ​នេះ។

 

តើយើងត្រូវជ្រើសរើសប្រភពចំណូលមួយណាសម្រាប់អនាគត ចង់ធ្វើការ ឬចង់រកស៊ី?

 

លោក បាន ផលឡេង នាយក​នាយកដ្ឋាន​គ្រប់​គ្រង​សកម្មភាព​សង្គម នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អិលអូអិលស៊ី សង្កេត​ឃើញ​ថា ឪពុក​ម្តាយ​​ខ្លះ​​ចង់​​ឱ្យ​​កូន​​ក្លាយ​​ជា​​អ្នក​ធ្វើការ ព្យាយាម​​ជំរុញ​​កូន​​ឱ្យ​​រៀនសូត្រ​​និង​​ព្រម​​លះ​បង់​គ្រប់​បែប​យ៉ាង ដើម្បីឱ្យ​តែ​កូន​បាន​រៀន ដោយ​រំពឹង​​ថា​​ពេល​​កូន​​រៀន​​ចប់​​នឹង​​បាន​​ការងារ​​ល្អ​​ធ្វើ បាន​​ប្រាក់​​ខែ​​ខ្ពស់។

 

លោកថា មិន​មែន​អ្នក​ដែល​បាន​ចូល​រៀន​ទាំង​អស់​សុទ្ធ​តែ​អាច​មាន​ការងារ និង​ជីវភាព​ធូរធារ​នោះ​ទេ ធ្វើការ​ក៏​អាច​ក្លាយ​​ជា​អ្នក​មាន រកស៊ី​ក៏​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ​ឱ្យ​តែ​ប្រឹង​រក ប្រឹង​ធ្វើ​ឱ្យ​ប្រាកដ ដូច​ពាក្យ​ខ្មែរ​ចាស់​បុរាណ​ពោល​ថា «ចេះ​ដប់​មិន​ស្មើ​ប្រសព្វមួយ» និង​ពាក្យ​មួយ​ទៀត​និយាយ​ថា «ចេះ​ប្រាកដ​ប្រាក់​រត់​តាម​ហៅ» ដែល​ចង់​ប្រាប់​យើង​ទាំង​អស់​គ្នា​ថា បើ​ចាប់​យក​អ្វី​មួយ​គឺ​យក​ឱ្យ​ប្រាកដ។

 

អ្វី​ដែល​សំខាន់​បំផុត​នោះ បុគ្គល​គ្រប់​រូប​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់ខ្លូន និង​សង្កេត​មើល​និន្នាការ​ឱកាស​​ទីផ្សារ រួចសម្រេច​ថា គួរ​ជ្រើស​រើស​ប្រភព​ចំណូល​មួយ​ណា​សម្រាប់​អនាគត ចង់​ធ្វើការ ឬ​ចង់​រក​ស៊ី?

 

អត្ថបទៈ ដៃគូសហការ