យួន​បន្ត​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​ព្រំដែន​ក្នុង​ខេត្តរតនគិរី និង​ខេត្តតាកែវ

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​អូរ​យ៉ា​ដាវ និង​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា យួន​មិនទាន់​លុប​ស្រះ​ទឹក​ទាំង​៩​ដែល​ជីក​នៅក្នុង​តំបន់ស ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​នោះទេ ផ្ទុយទៅវិញ​យួន​នៅតែ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាង​គឃ្លើន​។ អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ហួសចិត្ត​នោះ គឺ​មន្ត្រី​យោធា​ក្រុមការងារ​ទីចាត់ការ​ព្រំដែន​នៃ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ប្រចាំខេត្ត​រតនគិរី ឈ្មោះ ថាំង ដា​រ៉ា បាន​ប្រាប់​ក្រុមនិស្សិត​ថា យួន​បាន​លុប​ស្រះ​ទឹក​ចំនួន​៩​នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដែល​ការអះអាង​នេះ​គឺ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។ ទង្វើ​របស់លោក ថាំង ដា​រ៉ា ហាក់​មាន​ចេតនា​ជួយ​បិទបាំង​អំពើ​ឈ្លានពាន​របស់​យួន​ដោយ​ខ្វះ​ការពិចារណា ព្រោះ​ការពិត​យួន​មិន​ត្រឹមតែ​មិន​លុប​ស្រះ​ទឹក​ទេ គឺ​ថែមទាំង​សាងសង់​ប៉ុស្ដិ៍​ថ្មី​២​កន្លែង​ថែមទៀត​។

ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ញ៉ែម សំអឿន អភិបាលរង​ខេត្តរតនគិរី និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា មិនទាន់​ឃើញ​ភាគី​យួន​លុប​ស្រះ​នោះ​វិញ​ទេ បើទោះបី​ភាគី​យួន​បាន​ព្រមព្រៀង​តាមរយៈ​មន្ត្រី​ក្រសួងការបរទេស​ថា នឹង​លុប​ស្រះ​ទឹក​នោះ​វិញ​ក៏ដោយ​។ ការផ្ដល់​ព័ត៌មាន​រប​ស់លោក ថាំង ដា​រ៉ា ធ្វើ​ឲ្យ​ប្រតិកម្ម​យ៉ាងខ្លាំង​ហើយ​ទីបំផុត​មន្ត្រី​យោធា​រូបនេះ បាន​សារភាពថា​កើតឡើង​ដោយសារ​លោក​ទទួលបាន​ព័ត៌មាន​មិន​ច្បាស់លាស់​។ ចំណែក​ជនជាតិដើម​ភាគតិច​រស់នៅ​តាម​ព្រំដែន​ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ បាន​បញ្ជាក់ថា យួន​មិនបាន​លុប​ស្រះ​ទឹក​នោះទេ ហើយ​ទាហាន​យួន​កំពុង​សាងសង់​ប៉ុស្ដិ៍​ឈរជើង​ថ្មី​ក្នុង​តំបន់ស ដែល​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

រីឯ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​ដំណើរការ​សាងសង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​យួន​នៅ​ជិត​តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧៥ ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​-​ទិន​បៀ​ន នៅតែមាន​សកម្មភាព​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​អភិបាលខេត្ត​អាងយ៉ាង​របស់​យួន ធ្លាប់​សន្យា​ចំពោះមុខ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ពី​រឿង​ជូនដំណឹង​ទៅ​កងទ័ព​ឲ្យ​ផ្អាក​ការសាងសង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​យ៉ាងណាក៏ដោយ ក៏​ទាហាន​យួន​នៅតែ​បន្តសកម្មភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ថ្មីៗ​នេះ​ទាហាន​យួន​បាន​យក​អេស្កាវ៉ាទ័រ​មក​ឈូស​ដី​និង​យក​ខ្សាច់​មកចាក់​លុប​ឲ្យ​ពេញ​រណ្ដៅ ដើម្បី​សាងសង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ ហើយ​អាជ្ញាធ​កម្ពុជា​មិនអាច​ទប់ស្កាត់​សកម្មភាព​របស់​ទាហាន​យួន​បានទេ​។

ករណី​ទាហាន​យួន​សាងសង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​នោះ លោក កាន់ រ៉ា ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន បានបញ្ជាក់​យ៉ាងច្បាស់​ថា ភាគី​យួន​នៅតែ​បន្តសកម្មភាព​សាងសង់​ប៉ុស្ដិ៍​យាម​ដដែល ហើយ​រឿងនេះ​លោក​បាន​រាយការណ៍​ទៅ​សាលាខេត្ត​តាកែវ​ភ្លាមៗ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​។ ទាក់ទង​នឹង​បញ្ហា​នេះ​បាន​ឲ្យ​ដឹងថា ភាគី​យួន​នៅតែ​បន្តសក្មភាព​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​គេ​ដឹងថា​រដ្ឋាភិបាល​កម្ពុជា ពុំមាន​វិធានការ​ច្បាស់លាស់​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន​នៅឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់ផ្ដើម​គម្រោង​អភិវឌ្ឍន៍​តាម​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​យួន​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ភាគី​យួន​បន្ត​បំពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត​ទៀត​៕

1-40-640x478 6ae9bf0f-c49b-4497-978f-d8024cd4d432 T-ដីខ្មែរនៅតាកែវយួនកំពុងវាតយក-300x224 Capture3-2-300x191