បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ចូល​ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំប្រទល់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យ៉ាង​គគ្រឹកគគ្រេង​ពី​ទឹកដី​ខេត្តមណ្ឌលគិរី ចូល​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាងនេះទៅទៀត​ក៏មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​ធុន​ដ្រា និង​រថយន្ត​ទំនើប ព្រោះ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ខេត្តក្រចេះ មានការ​ឃុបឃិត​យ៉ាង​ស្ងប់ស្ងាត់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា​បន្ត​កើតឡើង​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ឈើ​ដែល​គេ​ដឹក​ចេញពី​ស្រុក​នេះ ចូលទៅ​ស្រុក​ស្នួល គឺ​ចេញ​តាម​ច្រក​១១៥ ហើយ​យកទៅ​ស្តុក​ទុក​នៅ​ទីតាំង​មួយកន្លែង​ក្រោយ​បន្ទាយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ស្នួល ខេត្តក្រចេះ​។ ទីតាំង​ស្តុក​ឈើ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់លោក សួង ចំរើន មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦១៩ ហើយ​នៅពេល​ប្រមូលបាន​គ្រប់​ចំនួន​ទើប​លោក សួង ចំរើន ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។ ក្នុង​មួយថ្ងៃៗ​លោក សួង ចំរើន អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​រាប់សិប​ម៉ែត្រគូប​ស្តុក​ទុក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មានការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​អស់ហើយ​។

​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​តាម​ដងផ្លូវ​ពី​កែវ​សីមា ខេត្តមណ្ឌលគិរី ចូលមក​ស្រុក​ស្នួល មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ប៉ុស្ដិ៍​សន្តិសុខ​កងរាជអាវុធហត្ថ​ជាច្រើន​កន្លែង ប៉ុន្តែ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅតែ​អាច​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​មួយចំនួន​ក៏ដូចជា​ឈ្មួញ​មួយចំនួន​អាច​ដឹកឈើ​ទៅ​លក់​ឲ្យ​លោក សួង ចំរើន ដល់ទី​តាំង​ខាងក្រោយ​បន្ទាយ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ស្នួ​ល៉​ទាំងយប់​ទាំង​ថ្ងៃ ព្រោះ​សមត្ថកិច្ច​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ លើស​នេះ​ទៅទៀត​លោក ទ្រី សុភ័ក្ដ្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវគេ​សង្ស័យថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកឈើ​ពី​ស្រុក​កែវ​សីមា ចូល​ស្រុក​ស្នួល​យ៉ាង​ពេញបន្ទុក ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​៕

14183882_255651541500999_7916658254181013070_n-600x450 2016-08-29_09.48.04