មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់ កំពុង​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ ថ្នាក់លើ​បែរជា​ធ្វើ​ព្រងើយ​

តាម​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​លោក រស់ ប៊ូ​ទុំ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ឈរជើង​ក្នុងស្រុក​លំផាត់​ច្រើន​ឆ្នាំ​មកហើយ​នោះ មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ឡើយ​។ ផ្ទុយទៅវិញ​លោក រស់ ប៊ូ​ទុំ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​លំផាត់ ឆ្លងកាត់​ក្រុង​បាន​លុង ទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​នៃ​ស្រុក​អូ​រយ៉ា​ដាវ ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កំពុង​បណ្ដែតបណ្ដោយ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់​ម្នាក់ បាន​បញ្ជា​ឲ្យ​កូនប្រុស​របស់ខ្លួន​ទៅ​កាប់​ដើម​ម៉ៃសាក់ ដែលជា​សម្បត្តិ​រដ្ឋ​យកទៅលក់​ឲ្យ​ឈ្មួញ​យ៉ាង​ក្រអឺតក្រទម​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ លោក នូ ថេ អភិបាលស្រុក​លំផាត់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​កំពុង​ឲ្យ​សមត្ថកិច្ច​ទៅ​ដកហូត​ដើម​ម៉ៃសាក់ ដែល​កូនលោក រស់ ប៊ូ​ទុំ កាប់​នៅ​ចំណុច​មាត់​ទន្លេសេសាន ភូមិ​លំផាត់ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់​នោះ​ហើយ​។ ទង្វើ​ដ៏​គឃ្លើន​របស់​ឈ្មោះ ទុំ ង៉ែត កូនប្រុស​របស់លោក រស់ ប៊ូ​ទុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​មកពី​ឈ្មោះ ទុំ ង៉ែត អាង​អំណាច​ឪពុក​ខ្លួន​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដុំ​ស្លែ​នៅក្នុង​ស្រុក​លំផាត់​ច្រើន​ឆ្នាំ​មកហើយ​។

មន្ត្រីរាជការ​ក្នុងស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ឈើ​ប្រភេទ​លេខ​១​និង​ឈើ​ប្រណីត​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ និង​លោក រស់ ប៊ូ​ទុំ ដែលជា​មន្ត្រីក្រោមឱវាទ ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា ការដែល​កូនប្រុស​លោក រស់ ប៊ូ​ទុំ ហ៊ាន​កាប់​ដើម​ម៉ៃសាក់ ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ គឺជា​រឿង​មិនគួរ​លើកលែង​នោះទេ គឺ​មន្ត្រី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​តាមច្បាប់​។ លើស​នេះ​ទៅទៀត​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​លំផាត់ ឆ្លងកាត់​ក្រុង​បាន​លុង នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​រាលដាល​តទៅទៀត​៕

4-116 1-284 6-66