ច្បាស់ហើយ! កម្ពុជា ប៉ះម្ចាស់ផ្ទះហុងកុងម៉ោង ៧យប់ស្អែកនេះ MY-TV ផ្សាយបន្ដផ្ទាល់

(ភ្នំពេញ)៖ បន្ទាប់ពីលេចលឺព័ត៌មានការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះហុងកុងនាថ្ងៃស្អែក ស្ថានីយ៍ទូរទស្សន៍ CTN ផ្សាយត្រឹមលើ Page Facebook ផ្លូវការរបស់ខ្លួននោះ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ច្បាស់ហើយ ដោយអ្នកគាំទ្រអាចទស្សនាផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MY-TV ដែលស្ថិតក្នុងដំបូលក្រុមហ៊ុន CBS តែមួយ បន្ទាប់ពីទូរទស្សន៍លេងធ្លោរក្នុងស្រុកនេះ ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយបន្ដផ្ទាល់ជំនួបមិត្តភាពជាប្រវត្តិសាស្ដ្រនេះ ។

fn-2016-08-31-09-39-09-0

យោងតាមប្រភពព័ត៌មានលើទំព័រ Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ជំនួបមិត្តភាពរវាងក្រុមគោព្រៃកម្ពុជា និងក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ នឹងចាប់ផ្ដើមនាវេលាម៉ោង ៧៖០០នាទីយប់ ដោយទូរទស្សន៍ MY-TV ជាអ្នកផ្សាយបន្ដផ្ទាល់ ។ យ៉ាងណាមិញកាលពីដើមឡើយ គេបានទទួលដំណឹងថា ការប្រកួតនេះ គឺប៉ុស្ដិ៍ CTN ជាអ្នកផ្សាយបន្ដផ្ទាល់ ប៉ុន្ដែនៅពេលមានការផ្លាស់ប្ដូរបែបនេះ មានអ្នកគាំទ្រមួយចំនួនក៏បានចោទសួរនៅលើបណ្ដាញសង្គមនេះផងដែរ ប៉ុន្ដែមានការឆ្លើយតបនោះទេ ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងហុងកុង ធ្លាប់មានប្រវត្តិជួបគ្នា ២ដងគតនាពេលកន្លងមក នៅក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី (AFC) ដោយជើងទី១ បានចាញ់ម្ចាស់ផ្ទះហុងកុង ៤-១ ថ្ងៃទី១៨ ខែតុលា ហើយបន្ដចាញ់ក្នុងជើងទី២ ដោយលទ្ធផល ១-០ នៅកម្ពុជាទៀត ថ្ងៃទី០៧ ខែវិច្ឆិកា កាលពីឆ្នាំ១៩៩៩ ។ ប៉ុន្ដែយ៉ាងណានេះគឺជាការប្រកួតមិត្តភាពដ៏ស្រង់បទពិសោធន៍ដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ នាពាក់កណ្ដាលខែតុលាខាងមុខនេះ ៕

ប្រភពពី Khmertalking

The post ច្បាស់ហើយ! កម្ពុជា ប៉ះម្ចាស់ផ្ទះហុងកុងម៉ោង ៧យប់ស្អែកនេះ MY-TV ផ្សាយបន្ដផ្ទាល់ appeared first on CamboSport.