ព្រះសង្ឃ ប៊ុត ប៊ុនតិញ នឹង​ស្វែង​រក​ការ​គាំទ្រ​ពិធី​បុណ្យ​១០០​ថ្ងៃ​​បណ្ឌិត កែម ឡី នៅ​អាមេរិក

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នឹង​និមន្ត​ទៅ​កាន់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ខាង​មុខ​នេះ ដើម្បី​ស្វែង​ការ​គាំទ្រ​រៀបចំ​បុណ្យ ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី។ ព្រះអង្គ​ក៏​នឹង​ជួប​ជាមួយ​ម្ចាស់​ដី ៨​ហិកតារ ដែល​មាន​បំណង​ចង់​ធ្វើ​ជា​បូជនីយដ្ឋាន​មួយ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី។

ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា ដំណើរ​របស់​ព្រះអង្គ​ក៏​ជា​ឱកាស​មួយ​អាច​ឲ្យ​ព្រះអង្គ​មាន​លទ្ធភាព​ប្រឹក្សា​យោបល់​ជាមួយ​សហគមន៍​ខ្មែរ​ដើម្បី​ចូលរួម​គាំទ្រ​ដល់​ចលនា​ការពារ​ធនធាន​ធម្មជាតិ  និង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា និង​ទាន់​ពេល​វេលា។ លើស​ពី​នេះ​ទៅ​ទៀត ព្រះអង្គ​នឹង​ស្វែង​រក​មូលនិធិ​ខ្លះ​ដើម្បី​គាំទ្រ​ដល់​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នានា ស្រប​តាម​ការ​ចង់​បាន​របស់​លោក​បណ្ឌិត កែម ឡី៖ «យើង​ចង់​មាន​កញ្ចប់​ថវិកា​តូច​មួយ​ដើម្បី​រៀបចំ​ការ​ផ្សព្វផ្សាយ​អោយ​បាន​ទាន់​ពេល​វេលា​តាម​រយៈ​ការ​ផ្ដល់​ថវិកា​តិចតួច​ស្ដួចស្ដើង​ឲ្យ​ក្រុម​អ្នក​អង្កេត​ការណ៍​តាម​ការិយាល័យ​ដាក់​កាត​ទូរស័ព្ទ​មួយ​ដុល្លារ​ក្នុង​ថ្ងៃ​បោះឆ្នោត ដើម្បី​ទំនាក់ទំនង​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​អយុត្តិធម៌​ណា​មួយ​ក្នុង​ថ្ងៃ​បោះឆ្នោត»

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នឹង​និមន្ត​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា (California) បន្ទាប់​មក​ព្រះអង្គ​នឹង​និមន្ត​ទៅ​កាន់​រដ្ឋ​ម៉ារីឡែន (Maryland) ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន (Washington)។ ខណៈ​គង់​នៅ​រដ្ឋ​ម៉ារីឡែន ព្រះអង្គ​មាន​បំណង​គង់នៅ​វត្ត​ពុទ្ធិការាម ឬ​ហៅ​វត្ត​ម៉ារីឡែន មួយ​រយៈ​ពេល​ខ្លី មុន​បន្ត​ដំណើរ​ទៅ​រដ្ឋ​ផ្សេងៗ​ទៀត។

ប្រធាន​គណៈកម្មការ​វត្ត​ម៉ារីឡែន លោក​បណ្ឌិត ទន់ សុវណ្ណ ស្វាគមន៍​វត្តមាន​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ លោក​យល់​ព្រម​ឲ្យ​ព្រះអង្គ ប៊ុត ប៊ុនតិញ គង់​បណ្ដោះអាសន្ន​នៅ​វត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។