អង្គការ​អន្តរជាតិ​ខាង​ការងារ​បង្ហាញ​របាយការណ៍​អំពី​បញ្ហា​ប្រឈម​របស់​កម្មករ

អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) ផ្សាយ​ព្រឹត្តិបត្រ​មួយ​ស្តីពី​វិស័យ​កាត់ដេរ​កម្ពុជា ដោយ​លើក​ពី​បញ្ហា​ប្រឈម​របស់​កម្មករ​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល។

ព្រឹត្តិបត្រ​នោះ​បង្ហាញ​ថា វិស័យ​កាត់ដេរ​កម្ពុជា ផ្ដោត​សំខាន់​លើ​ការ​នាំ​ចេញ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល។ អង្គការ​អន្តរជាតិ​ខាង​ការងារ រក​ឃើញ​ថា  តម្លៃ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សំខាន់ៗ​បាន​នៅ​ទ្រឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រសិនបើ​និន្នាការ​នេះ​នៅ​តែ​បន្ត​នោះ វា​នឹង​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​តាម​រយៈ​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ។

អង្គការ​នេះ​នឹង​ធ្វើ​ការ​ពិនិត្យ​ជាក់លាក់​មួយ​លើ​តម្លៃ​នាំ​ចេញ​ទំនិញ​ផ្នែក​វាយនភណ្ឌ​ពី​កម្ពុជា។ ផ្នែក​មួយ​នៃ​របាយការណ៍​ស្ដីពី​និន្នាការ​តម្លៃ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​រក​ឃើញ​ថា តម្លៃ​ជា​មធ្យម​ដែល​ទទួល​បាន​សម្រាប់​ការ​នាំ​ចេញ​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក បាន​ធ្លាក់​ចុះ​ក្នុង​ទសវត្ស​កន្លង​ទៅ​ប្រមាណ ២៣,៧​ភាគរយ​រវាង​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១៥។ តម្លៃ​ជា​មធ្យម​បាន​នៅ​ទ្រឹង​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​បាន​បន្ត​ធ្លាក់​ចុះ​ទៀត នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៦។ តម្លៃ​មធ្យម​សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​អំឡុង​ទសវត្ស​ចុង​ក្រោយ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នោះ​មិន​ខ្លាំង​ពេក​ទេ។

​ចំណែក​ការងារ និង​ប្រាក់​ឈ្នួល​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែក​ជើង​បាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៦ ដោយ​កម្លាំង​ពលកម្ម​ការងារ​បាន​ឈាន​ទៅ​ដល់ ៦៣​ម៉ឺន​នាក់ ឬ​ប្រមាណ ៥,៣​ភាគរយ បើ​ធៀប​នឹង​ត្រី​ត្រីមាស​ទី​មួយ​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៥។ ​របាយការណ៍​រក​ឃើញ​ទៀត​ថា ប្រាប់​បៀវត្ស​សរុប​សម្រាប់​វិស័យ​នេះ ក៏​បាន​បន្ត​កើន​ឡើង​រហូត​ដល់ ១១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ខែ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ដោយ​កើន​ពី ១០៩​លាន​ដុល្លារ ក្នុង​មួយ​ខែ កាល​ពី​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។