​ដេប៉ូ​លក់​ខ្សាច់​២​កន្លែង​នៅក្នុង​ស្រុក​កៀនស្វាយ​កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​

ដេប៉ូ​លក់​ខ្សាច់​២​កន្លែង​នៅក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ថា ដោយសារតែ​ផលប្រយោជន៍​ក្នុង​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​មិនបាន​ខ្វល់ខ្វាយ​ពី​ផលប្រយោជន៍​សាធារណៈ​នោះទេ ដូចនេះ​សកម្មភាព​របស់​ដេប៉ូ​ខ្សាច់​ទាំង​២​កន្លែង​កំពុងតែ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ខណៈ​អាជ្ញាធរ​ស្រុក​កៀនស្វាយ​មិន​អើពើ​ឡើយ​។​

ប្រជាពលរដ្ឋ​ស្រុក​កៀនស្វាយ​បាន​រៀបរាប់ថា ដេប៉ូ​លក់​ខ្សាច់​នៅ​ជិតគ្នា​ទាំង​២​កន្លែង​ខាងលើនេះ មានឈ្មោះ​យីហោ ចាន់ណា និង​មួយកន្លែង​ទៀត​មានឈ្មោះ​យីហោ តាំង​រ៉ានី ដែល​បានធ្វើ​អាជីវកម្ម​រាប់​ឆ្នាំ​មកហើយ មិនដែល​ឃើញ​ម្ចាស់​ដេប៉ូ​ដាក់​កម្លាំង​ឲ្យ​បោសសម្អាត​ទាល់តែសោះ ទុក​ឲ្យ​ខ្សាច់​ដែល​ជ្រុះ​លើ​ថ្នល់ជាតិ​ត្រង់ចំណុច​មុខ​ច្រកចេញចូល​ដេប៉ូ​បង្ក​ការប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ជា​ញឹកញាប់​ថែមទៀត​ផង​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ចំណុច​ដេប៉ូ​លក់​ខ្សាច់​ដែល​បង្ក​ការប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រទាំង​២​កន្លែង​ខាងលើ គេ​តែងតែ​ឃើញ​នគរបាល​ចរាចរណ៍​មក​ដាក់​គោលដៅ​នៅមុខ​ច្រកចេញចូល​ដេប៉ូ​លក់​ខ្សាច់​ជា​ញឹកញាប់​ក៏​មិនដែល​ឃើញ​មាន​ចំណាត់ការ​អ្វី​ដែរ​។ ប្រភព​ដដែល​បាន​រិះគន់ថា ដេប៉ូ​លក់​ខ្សាច់​២​កន្លែង​នៅក្នុង​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ដែល​បានធ្វើការ​ដឹកជញ្ជូន​ខ្សាច់​ជ្រុះ​រប៉ាត់រប៉ាយ​លើ​ដងផ្លូវ​សាធារណៈ​បង្ក​ការប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​តាម​ផ្លូវជាតិ​លេខ​១ មិនដែល​ឃើញ​មាន​អស់លោក​អាជ្ញាធរ​មូលដ្ឋាន​អើពើ​ឡើយ ហើយ​បញ្ហា​ខាងលើ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​មានការ​ក្តៅក្រហាយ​។​

លោក អ៊ួ ឈាង អភិបាលស្រុក​កៀនស្វាយ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត នៅក្នុង​ស្រុក​កៀនស្វាយ​បាន​បដិសេធ​ក្នុងការ​ឆ្លើយបំភ្លឺ​ចំពោះ​បញ្ហា​ខាងលើ​ដល់​អ្នកសារព័ត៌មាន​។ ប្រជាពលរដ្ឋ​ស្រុក​កៀនស្វាយ​បាន​រិះគន់ថា សព្វថ្ងៃ​នៅក្នុង​ស្រុក​កៀនស្វាយ​មាន​បទល្មើស​ច្រើន​ស្អេកស្កះ តែ​មន្ត្រី​ជំនាញ​តែងតែ​រុញ​បញ្ហា​ដាក់គ្នា​ទៅវិញទៅមក ហើយ​មន្ត្រី​ជំនាញ​មួយចំនួន​ថែមទាំង ពាក់ព័ន្ធ​ក្នុងការ​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​ខិលខូច​ដើម្បី​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​ខុសច្បាប់​៕

d5491516-7a52-4c48-9eff-d59aca930d73 50966ba7-498b-4c9e-8191-45debbcf5b9f​ ​
​ ​