លោក កឹម សុខា បញ្ជាក់ថា ការបោះឆ្នោត​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជោគវាសនា អនាគត​របស់​ខ្មែរ​គ្រប់រូប និង​ប្រទេសជាតិ​ទាំងមូល​

នៅថ្ងៃនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អំពាវនាវ​ដោយ​សូម​ថ្វាយបង្គំ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ និង​ជម្រាបសួរ បងប្អូន​ជនរួមជាតិ​ខ្មែរ​ជាទី​ស្នេហា គប្បី​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់​ដើម្បី​ចូលរួម​ការបោះឆ្នោត ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជោគវាសនា អនាគត​របស់​ខ្មែរ​គ្រប់រូប និង​ប្រទេសជាតិ​ទាំងមូល​។​

លោក កឹម សុខា បាន​បញ្ជាក់ថា ក្នុងនាម​លោក​ជា​អ្នកតំណាងរាស្ដ្រ និង​ជា​ប្រធានស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ចំពោះ​បងប្អូន​ជនរួមជាតិ​ខ្មែរ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត សូម​មេ​ត្ដា​និមន្ដ និង​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា សូម​ប្រគេន​ពរ និង ជូនពរ​ចំពោះ​បងប្អូន​សម្រេចបាន នូវ​ជោគវាសនា​របស់ខ្លួន ដោយផ្ទាល់​ខ្លួនឯង តាមរយៈ​ការចុះឈ្មោះ និង​ការបោះឆ្នោត​នាពេលខាងមុខ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​លើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​៖ ទី​១- ការបោះឆ្នោត​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជោគវាសនា អនាគត​របស់ខ្លួន​យើង​ផ្ទាល់ និង​ប្រទេសជាតិ​យើង​។ ទី​២- បងប្អូន​អាច​បោះឆ្នោត​បាន លុះត្រាតែ​បងប្អូន​បាន​ចុះឈ្មោះ​បោះឆ្នោត ទី​៣- បងប្អូន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ​-​សង្កាត់​ណា បងប្អូន​ត្រូវ​ទៅ​បោះឆ្នោត​នៅ ឃុំ​-​សង្កាត់ នោះ និង​ទី​៤- បើ​បងប្អូន​ចង់​ជ្រើសរើស​មេដឹកនាំ​ល្អ​ក្នុង ឃុំ​-​សង្កាត់ របស់​បងប្អូន​ដើម្បី​ការរីកចម្រើន​ភូមិ​-​ឃុំ​-​សង្កាត់ និង​ដើម្បី ឪពុក​-​ម្ដាយ និង​ក្រុមគ្រួសារ​បងប្អូន​ផ្ទាល់ លុះត្រាតែ​បងប្អូន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ​-​សង្កាត់ របស់​បងប្អូន​ផ្ទាល់​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ចាប់ផ្ដើម​ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃទី​០១ ខែកញ្ញា រហូតដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ដែលមាន​រយៈពេល ៣​ខែ ហើយនឹង​គ្រោង​បិទ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ខែ​ដើមខែ​មករា ឆ្នាំ​២០១៧​។ ចំណែក​មាត្រា​១២ ជំពូក​ទី​៣ នៃ​ច្បាប់បោះឆ្នោត​បានចែង​ថា ដើម្បី​បោះឆ្នោត​បាន​ប្រជាពលរដ្ឋ​ត្រូវតែ​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​ដើម្បី​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ប្រជាពលរដ្ឋ​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា​មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត​ជាដើម​៕

13902579_1417604804923481_6166073977239227373_n