ល្បែងស៊ីសង​នៅ​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​

​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មិន​ត្រឹមតែ​រាលដាល​យ៉ាង​ពេញទំហឹង​ក្នុង​ក្រុង​បាត់ដំបង​នោះទេ គឺ​នៅតាម​បណ្ដា​ឃុំ​មួយចំនួន​នៅ​ស្រុក​បាណន់ ក៏មាន​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បំពាន​លើ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​គ្រាម បាន​ឲ្យ​ដឹងថា មាន​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ត្រូវបាន​គេ​បើក​លេង​នៅខាងមុខ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ភូមិ​តា​គ្រាម ស្រុក​បាណន់ ហើយ​មាន​សមត្ថកិច្ច​នៅ​ពី​ក្រោយខ្នង​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​កំពុង​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភូមិ​តា​គ្រាម បាន​ឲ្យ​ដឹងថា​សង្វៀន​បញ្ជល់មាន់​ដែល​គេ​បើក​លេង​នោះ គឺ​នៅខាងមុខ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​គ្រាម ចម្ងាយ​ប្រមាន​៣០០​ម៉ែត្រ ហើយ​ជា​រៀងរាល់ថ្ងៃ​មានការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ដោយសារតែ​ល្បែងស៊ីសង​នេះហើយ​ទើប​នាំ​ឲ្យ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម និង​អំពើហិង្សា​ក្នុង​គ្រួសារ កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ភូមិ​តា​គ្រាម ព្រោះ​អ្នកខ្លះ​ចាញ់​អស់ទ្រព្យ​សម្បត្តិ​លក់​អស់​ដីធ្លី​ស្រែចម្ការ ឬ​បែកបាក់​ប្ដី​ប្រពន្ធ​ដោយសារតែ​ចាញ់ល្បែង​ស៊ីសង​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា លោក ទេស ប៊ុនធឿន នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ឃុំ​តា​គ្រាម ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍ ទើប​បណ្ដោយ​ឲ្យ​សង្វៀន​បញ្ជល់មាន់​ត្រូវគេ​បើក​លេង​ស្រេច​តែ​អំពើ​ចិត្ត​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​ធ្លាប់​ឃើញ​មាន​អធិការរង​២​នាក់​ធ្លាប់​ចុះទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ផងដែរ ប៉ុន្តែ​មិនដឹង​ជា​យ៉ាង​មិច​ក្រោយមក​ម្ចាស់​សង្វៀន​នៅតែ​អាច​បើក​លេង​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងៗ​ថា លោក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ ប្រហែល​ទុក​សង្វៀន​បញ្ជល់មាន់​ក្នុងភូមិ​តា​គ្រាម​ជា​ប្រភព​ចំណូល​របស់ខ្លួន ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​សំណើ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​ឃុំ​តា​គ្រាម ឲ្យ​បាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ក៏ដូចជា​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​៕

57លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង IMG_4541 IMG_4542 IMG_4538