ភាពមិនប្រក្រតី​នៃ​អំពើពុករលួយ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​

មន្ត្រីរាជការ​បម្រើការ​ងារ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋ​ម​ន្ត្រី្ក​ក្រសួងសុខាភិបាល ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ក្នុង​មន្ទីរ​នេះ កុំ​ឲ្យ​រាលដាល​តទៅទៀត​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​សុខាភិបាល​។ ប្រភព​បាន​បង្ហើប​ថា​លោក ស្រី ស៊ីន ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ និង​លោក ឡាយ សុ​ខៃ ប្រធានការិយាល័យ​គណ​នេ​យ្យ បាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​គ្រប់​រូបភាព ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​ធូរធារ​យ៉ាងខ្លាំង​។ ដូច្នេះ​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង មិនគួរ​បណ្ដោយ​ឲ្យ​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តទៅទៀត​ឡើយ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​។

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​បង្ហើប​ថា​យ៉ាងហោចណាស់​កាលពី​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​ប្រមាណ​៨០០​លាន​រៀល និង​ឆ្នាំ​២០១៥ មាន​ទឹកប្រាក់​មិនតិចជាង​៣០០​លាន​រៀល​ត្រូវបាន​បាត់បង់ ក្រោម​ចំណាត់ការ​របស់លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល និង​លោក ឡាយ សុ​ខៃ ជា​ប្រធានការិយាល័យ​គណនេយ្យ នៃ​មន្ទីរ​សុខាភិបាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ឆ្នាំ​២០១៤ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ចំណាយ​ថវិកា​សរុប​អស់​រហូតដល់​ទៅ​៩២៧១​លាន​រៀល​ស្មើនឹង​៩២,៦​ភាគរយ​នៃ​គម្រោង​ថវិកាជាតិ ដោយ​ក្នុងនោះ​ចំណាយ​លើ​បុគ្គលិក​ចំនួន​៦៣៤០​លាន​រៀល ចំណាយ​លើ​ការទិញ​សម្ភារៈ​ផ្សេងៗ​១៦៩៧​លាន​រៀល ចំណាយ​ខាងក្រៅ​សម្រាប់​ថែទាំ​ជួសជុល​អស់​៤៨៤​លាន​រៀល និង​ចំណាយ​លើ​សេវា​ផ្សេងៗ​អស់​៣៤៨​លាន​រៀល ព្រមទាំង​ចំណាយ​លើ​របប​អាហារ​របស់​អ្នក​សម្រាក​ក្នុង​មន្ទីរពេទ្យ​អស់​៣៩៨​លាន​រៀល​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស្រី ស៊ីន បាន​ឲ្យ​ដឹងថា ចំណាយ​ខាងលើ​គឺជា​តួលេខ​របស់លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ដក​ថវិការដ្ឋ​មកប្រើប្រាស់​តែប៉ុណ្ណោះ ហើយ​អាច​មានការ​បំប៉ោង​តួលេខ​យ៉ាងច្រើន​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​ផងដែរ ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ចំណែក​នៅ​ឆ្នាំ​២០១៥​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ បានធ្វើ​បញ្ជីចំណាយ​ដោយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​មិនតិចជាង​៣០០​លាន​រៀន​នោះទេ ព្រោះ​ទឹកប្រាក់​ចំណាយ​សរុប​ក្នុង​ឆ្នាំ​២០១៥ មាន​៩២៣២​លាន​រៀល​ស្មើនឹង​៨០,៦៩​ភាគរយ​។ ដូច្នេះហើយ​ទើប​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ កំពុង​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដ​ម​នៅក្នុង​ខេត្តកំពង់ធំ ចំណែក​មន្ត្រីក្រោមឱវាទ​ក្រៅពី​ប្រាក់ខែ គឺ​រកតែ​លុយ​ចាក់​សាំង​ម៉ូតូ​ជីក​មក​ធ្វើការ​ក៏​លំបាក​ដែរ​។ ហេតុនេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការចាយវាយ​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​ជាបន្ទាន់ ព្រោះ​ក្នុង​មួយឆ្នាំៗ​ថវិការដ្ឋ​ជាច្រើន​រយ​លាន​រៀល​ត្រូវ​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​៕

mam_bunhengលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល kompong-thom-h-500x375 kom-pong-thom-health-chief-500x500