ខឹងដំឡើងស្លាកគណបក្សមុខផ្ទះ ផ្ទុះកំហឹងប្រាវ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលមួយ ​ក្រោយ​ពី​បុរស​ម្នាក់​ផ្ទុះកំហឹង ដែលគេ​យក​ស្លាក​គណ​បក្ស «CNRP» មក​ដំឡើង​ដាំ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ដែល​ធ្លាប់​និយាយ​ហាមប្រាម​មិន​ឱ្យ​ដាក់ តែគេមិនស្តាប់ ក៏ខឹង​ចិត្ត​​​ទៅ​វាយ​កម្ទេច​ចោលទាំង​អាកា​រៈ​ស្រវឹងស្រា​ផង បណ្តាល​ឱ្យ​រយះ​ស្លាក​គណបក្ស​នោះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​នោះ​ ត្រូវ​គេ​ស្គាល់ឈ្មោះ​ស៊ុន សា​រិ​ន អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ដោយ​កន្លង​មក គាត់​ធ្លាប់​ហាម​គេ​ មិន​ឱ្យ​ដាក់​ជា​ច្រើន​លើក​មក​ហើយ ព្រោះ​គាត់​សម្អាងថា ​មុខ​ផ្ទះ​គាត់​ជា​កន្លែងសម្រាប់​លក់ដូរ មិន​អាច​ដាក់​កើត​ទេ ។ ប៉ុន្តែ​ឃើញគេនៅ​តែ​ដំឡើងស្លាក​នោះ​ ទើប​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​បែប​នេះ ។

ចំពោះ​​​ភាគីខាង​​ស្លាក​គណបក្ស​វិញ ក៏​បាន​និយាយដែរ​ថា ទ​ង្វើ​របស់​បុរស​​​នេះ ហាក់ដូចជា​ប្រមាថ​ចំពោះ​ថ្នាក់ដឹកនាំ​​គេ​ពេក​ហើយ ព្រោះ​បើ​មានការ​អ្វី គួរ​តែ​និយាយ​គ្នា​ឱ្យ​ស្រួលបួល​ទៅ ។ ក្រោយ​កើតហេតុ ភាគីទាំង២បានសម្របសម្រួល ក្រោយពីគេ​ឃើញ​​ចៅ​សង្កាត់​​រង ​ខាង​CNRP ចុះ​មក​សម្របសម្រួល​​​គ្នា ដោយ​ភាគី​បង្ក​សុខចិត្ត​បង់​៥០​ដុល្លារ សង​ថ្លៃ​ការ​ខូចខាត ។