អនុបណ្ឌិតមកពីអាមេរិកថា ការលេងបាល់ទាត់ ជួយឲ្យនិស្សិត ទទួលបានជោគជ័យក្នុងការងារ

លោក Casey Barnett នាយកគ្រប់គ្រងវិទ្យាស្ថានខេមអេដ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអាជីវកម្ម នៅសហរដ្ឋអាមេរិកនោះ បានមើលឃើញថា ការលេងបាល់ទាត់ ជាចំណេះដឹងដ៏មានតម្លៃ បន្ថែមទៅលើចំណេះដឹងដែលទទួលបានពីការសិក្សាក្នុងសាលា ដើម្បីជួយឲ្យនិស្សិតទទួលបានជោគជ័យ នៅពេលពួកគេចេញទៅធ្វើការងារ។

mm1

លោក Casey Barnett បានលើកឡើងបែបនេះ នៅពេលលោកបានចូលរួមបើកការប្រកួតប្រកួតកីឡាបាល់ទាត់ហ្វុតសាលបុរសដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ២០១៦(CamEd Men’s Futsal Tournament 2016) នៅទីលាន Central Park ក្នុងខណ្ឌទួលគោក កាលពីចុងសប្តាហ៍មុន ដោយមាននិស្សិតជាង២០០នាក់ បានចូលរួម។

mm2

លោក Casey Barnett ដែលជាអ្នកបង្កើតឲ្យមានការប្រកួតបាល់ទាត់ហ្វុតសាលបុរសដណ្តើមពានរង្វាន់ខេមអេដនេះ បានថ្លែងថា៖«ការបន្តបង្កើតឲ្យមានការប្រកួតនេះឡើង ដោយសារយើងចង់ឲ្យនិស្សិតបានចូលរួមលេងកីឡាដើម្បីសុខភាព ពិសេសចង់ឲ្យបណ្តុះបណ្តាលឲ្យពួកគេមានសមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងការងារ»។

mm3

លោក បានបញ្ជាក់ថា៖«ការលេងកីឡាបាល់ទាត់ បានជួយឲ្យនិស្សិតរៀនសូត្របន្ថែមពីភាពជាអ្នកដឹកនាំ រៀនពីការធ្វើការងារជាក្រុម ការចេះសហការជាមួយគ្នា ព្រោះទោះបីជារៀនសូត្របានខ្ពស់ និស្សិតខ្លះក៏នៅតែមិនអាចទទួលបានជោគជ័យក្នុងអាជីព ដោយសារពួកគេមិនចេះធ្វើការងារជាក្រុម មិនចេះដឹកនាំក្រុម និងចេះលើកទឹកចិត្តនៅក្នុងក្រុម»។

mm4

លោក Casey ដែលបានបញ្ចប់ជំនាញ CFA និង FCCA ផងដែរនោះបានបន្ថែមថា៖«បន្ថែមលើនេះ ការលេងបាល់ទាត់ បានផ្តល់ឱកាសឲ្យ និស្សិតរៀនពីការប្រកួតប្រជែងគ្នា ប៉ុន្តែពួកគេ ក៏ត្រូវចេះអត់ធ្មត់ ខំប្រើធ្វើការងារផងដែរ ដើម្បីឈានទៅដល់ការមានទំនាក់ទំនង ជំនាញ យុទ្ធសាស្រ្ត នឹងឈានទៅដល់ការទទួលបានជោគជ័យ អ៊ីចឹងការលេងកីឡា វាជាឱកាសក្នុងការរៀនសូត្រចំណុចជោគជ័យ បន្ថែមទៅលើចំណេះដឹង ដែលទទួលបានពីការសិក្សានៅសាលា»។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ហ្វុតសាលបុរសដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ២០១៦នេះ មានក្រុមចំនួន២០ បានចូលរួម ហើយត្រូវបានបែងចែកការប្រកួតជា៤ពូល ខណៈការប្រកួត នឹងត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីស្វែងរកម្ចាស់ជើងឯក ប្រចាំរដូវកាលថ្មីមួយនេះ៕

The post អនុបណ្ឌិតមកពីអាមេរិកថា ការលេងបាល់ទាត់ ជួយឲ្យនិស្សិត ទទួលបានជោគជ័យក្នុងការងារ appeared first on CamboSport.