មេគោ​ជាង​500​ក្បាល​បាត់​ដោយ​អាថ៌​កំបាំង​នៅ​នូ​វែ​ល​ហ្សេ​ឡង់

មេគោ​ប្រមាណ​ជា​៥០០​ក្បាល​បាន​បាត់​ដោយ​អាថ៌​កំបាំង​ពី​ក្រោល​របស់​ពួក​វា កាលពី​ថ្ងៃ​ទី​២៥ សីហា កន្លង​មកនេះ ក្នុង​តំបន់ CANTERBURY នូ​វែ​ល​ហ្សេ​ឡង់ ។ រឿង​បាត់​មេគោ​ទាំងនេះ​ឮ​ខ្ទរខ្ទារ​ពេញ​ប្រទេស ខណៈ​មេគោ​ទាំង​៥០០​ក្បាល​នេះ​នៅ​តែ​ពុំ​ទាន់​រក​ឃើញ ។

បណ្តា​សារព័ត៌​មានបាន​ចេញផ្សាយ​ពី​រឿង​បាត់​ដ៏​អាថ៌​កំបាំង​នេះ បន្ទាប់​ពី​កសិដ្ឋាន PENNIE ORMSBY SAUNDERS រាយការណ៍​តាម FACEBOOK ពី​ការ​បាត់​មេគោ​ទាំង​ជាង​៥០០​ក្បាល​នេះ ដែល​មួយ​ក្បាល​ៗ​មាន​ទម្ងន់​ជាង​៥០០​គីឡូក្រាម ។

កសិដ្ឋាន​នោះ​ដែល​ចិញ្ចឹម​មេគោ​១.៣០០​ក្បាល​អះអាង​ប្រាប់​បណ្តាសារ​ព័ត៌មាន​នូ​វែ​ល​ហ្សេ​ឡង់​ថា ខ្លួន​ចាប់អារម្មណ៍​ពី​រឿង​បាត់​មេគោ​យក​ទឹកដោះ​ទាំងនេះ​ក្រោយ​ពី​កត់​សម្គាល់​​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ទាប​នៃ​ផលិតកម្ម​ទឹកដោះគោ​របស់​ខ្លួន ។ េ​ម​គោ​យក​ទឹកដោះ​ទាំងនេះ​ក្នុង​មួយ​ក្បាលមាន​តម្លៃ​ប្រមាណ​ជា​១.៣០០​អឺ​រ៉ូ ។

ប៉ូលិស​តំបន់ CANTERBURY បាន​បើក​ការ​ស៊ើបអង្កេត​មួយ ។ ចំណែក​លោក ANDREW HOGGARD ប្រធាន​សហព័ន្ធ​កសិដ្ឋាន​ទឹកដោះគោ​នូ​វែ​ល​ហ្សេ​ឡង់​និយាយ​ថា ខ្ញុំ​យល់​ថា មេគោ​ទាំងនេះ​ប្រហែលជា​ត្រូវ​គេ​យក​ទៅ​កាប់​សាច់​លក់​អស់ហើយ ដោយ​សាច់​ត្រូវ​បញ្ជូន​ចេញ​ដោយ​ខុសច្បាប់ ។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មេគោ​យក​ទឹកដោះ​ថ្លែង​ទៅ​កាន់​កាសែត THE NEW ZELAND HERALD ថា ខ្ញុំ​ពុំដែល​ជួប​ប្រទះ​រឿង​ធំ​បែប​នេះ​ឡើយ ដោយ​ការ​បាត់​មេគោ​ទាំងនេះ​កសិដ្ឋាន​លោក​ខាតបង់​ប្រមាណ​ជា​៦៥០.០០០​អឺ​រ៉ូ ៕