អ្នកនាំពាក្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​សម្លាប់​នៅ​ស៊ី​រី

អ្នកនាំពាក្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឈ្មោះ ABOU MOHAMED AL ADNANI ជា​មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​គេ​ចាត់​ទុក​ថា ជា​អ្នកនាំពាក្យ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពិតជា​ត្រូវ​ស្លាប់​ហើយ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​ក្រុមចម្រុះ​អន្តរជាតិ​នៅ​ខេត្ត​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី ។

កាលពី​ថ្ងៃ​ទី​៣០ សីហា តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន AMAQ របស់​ខ្លួន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​រាយការណ៍​ពី​ការ​ស្លាប់​របស់​ជន​នេះ​នៅ​តំបន់​អា​ឡែ​ប​ស៊ី​រី ។

យោង​តាម​សេចក្តី​ប្រកាស​មួយ AMAQ រៀបរាប់​ថា AL ADNANI ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​ពេល​កំពុង​ត្រួតពិនិត្យ​កងទ័ព ។ AMAQ ពុំ​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ស្លាប់​របស់​ជន​នេះ ឬថា​តើ​គេ​ត្រូវ​ស្លាប់​បែប​ម៉េច​ដោយ​ពិតប្រាកដ​ឡើយ ។ ទោះបី​យ៉ាងណា កាលពី​យប់​ថ្ងៃ​ទី​៣០ សីហា អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប​គូសបញ្ជាក់​ប្រាប់ AFP ថា ប្រមុខ​រូប​នេះ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​ក្រុមចម្រុះ​អន្តរជាតិ តែ​ពុំ​បញ្ជាក់​ថា ជន​នេះ​ជា AL ADNANI ឬ​យ៉ាងណា​ឡើយ ។

ការ​ស្លាប់​របស់ AL ADNANI ជា​អន្លូង​ធ្ងន់​មួយ​សំពង​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ពិសេស​ក្រោយ​ការ​ស្លាប់​របស់​មេដឹកនាំ​យោធា​ក្រុម​នេះ OMAR SHISHANI ហៅ OMAR LE TCHETCHENE មក ។ AL ADNANI ពុំ​ត្រឹមតែ​ជា​អ្នកនាំពាក្យ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប៉ុណ្ណោះ​ទេ តែ​រូបគេ​ត្រូវ​ចាត់ទុកជា «​រដ្ឋមន្ត្រី​ភេរវកម្ម​» ដោយ​ពួក​ភ្នាក់ងារ​ស៊ើបការណ៍​លោក​ខាងលិច​។ រូបគេ​តែង​ស្នើ​ជា​ពិសេស​ដល់​ពួក​អ្នកគាំទ្រ​ឱ្យធ្វើ​សកម្មភាព​វាយប្រហារ​ក្នុង​ប្រទេស​ដើម​ពួក​គេ ។ ឈ្មោះ​របស់​ពួក​គេ​តែង​លើក​ដោយ​ពួក​អ្នក​វាយប្រហារ​ភេរវកម្ម ៕