ព្យុះ​ទី​ហ្វុ​ង​LIONROCK​វាយប្រហារ​លើ​ភាគ​ឦសាន​ចិន

យោង​តាម​ស៊ី​ន​ហួ​ថា ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នឹង​មាន​រហូត​ដល់​ថ្ងៃ​ទី​២ កញ្ញា នៅ​ភាគ​ឦ សាន​ចិន ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ LIONROCK ជា​ព្យុះ​ទី​១០ សម្រាប់​ឆ្នាំ​នេះ ដែល​បោកបក់​មក​ដល់​តំបន់​នោះ​នា​ថ្ងៃ​ទី​៣១ សីហា ។

យោង​តាម​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន​ថា ព្យុះ​ដ៏​ខ្លាំង​នេះ​ដែល​កកើត​កាលពី​១០​ថ្ងៃមុន​បោកបក់​ដល់​ដែនដី​ជប៉ុន​នា​រសៀល​ថ្ងៃ​ទី​៣០ សីហា  ហើយ​តម្រង់​ឆ្ពោះទៅ​ភាគ​ឦសាន​ប្រទេស​ចិន​នា​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ។ ភាគ​ឦសាន​ចិន​ដែល​រួម​មាន​ខេត្ត HEILONGJIAN ខេត្ត JILIN និង​ខេត្ត LIAONING ព្រមទាំង​តំបន់​ម៉ុង​ហ្គោ​លី​ក្នុង និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយ​ទឹកភ្លៀង​នៅ​តាម​កន្លែង​ខ្លះ​មាន​កម្ពស់​ដល់​២០០​មី​ល្លី​ម៉ែត្រ ។

មជ្ឈមណ្ឌល​នេះ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទាក់ទិន​នឹង​ការ​ប្រមូល​ផល​គ្រាប់​ធុញ្ញ​ជាតិ​ក្នុង​តំបន់ ហើយ​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចាត់វិធានការ​នានា ដើម្បី​ការពារ​ផ្ទៃដី​ដាំ​ដុះ ៕