សង្គ្រាម​នៅ​យេ​ម៉ែ​ន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​10.000​នាក់​ហើយ

អ​.​ស​.​ប ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ សីហា ថា នៅ​យេ​ម៉ែ​ន​ចាប់ពី​កើត​មាន​ជម្លោះ​រយៈពេល​ជិត​១៨​ខែ​មក​ហើយ ចំនួន​អ្នក​ស្លាប់មាន​ដល់​យ៉ាងតិច​១០.០០០​នាក់ ។ តុល្យការ​នេះ​ពិតជា​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​តុល្យការ​លើក​ឡើង​ដោយ​បណ្តា​អ្នក​ទទួលខុសត្រូវ​របស់​ប្រទេស និង​បណ្តា​អង្គការ​មនុស្សធម៌ ។

អ្នកសម្របសម្រួល​មនុស្សធម៌​របស់ អ​.​ស​.​ប ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា ការ​វាយតម្លៃ​ថ្មី​នេះ​គឺ​យោង​តាម​បណ្តា​តួលេខ​ផ្តល់​ឱ្យ​ដោយ​បណ្តា​មន្ទីរពេទ្យ​របស់​យេ​ម៉ែ​ន ។ តុល្យការ​នោះ​អាច​មាន​ខ្ពស់​ជាង​នេះ ព្រោះ​តំបន់​មួយ​ចំនួន​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល រួច​ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​គេ​កប់​ដោយ​ពុំ​មាន​ចុះបញ្ជី ។

ជម្លោះ​នៅ​យេ​ម៉ែ​ន​នាំ​ឱ្យ​មាន​ជនភៀសខ្លួន​៣​លាន​នាក់ ហើយ​បង្ខំ​មនុស្ស​២០០.០០០​នាក់​ឱ្យ​ចាកចេញ​ចោលស្រុក ។ ម្យ៉ាងទៀត​ក្នុង​ចំណោម​ប្រជាជន​យេ​ម៉ែ​ន​២៦​លាន​នាក់ ១៤​លាន​នាក់​ត្រូវការ​ជំនួយ​ស្បៀង ចំណែក​៧​លាន​នាក់​ជួប​ប្រទះ​អសន្តិសុខ​ស្បៀង ។

ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​សិទ្ធិ​មនុស្ស​ថ្លែង​កាលពី​ស​ប្តា​ហ៍​មុន​ថា ជន​ស៊ី​វិល​៣.៧៩៩​នាក់​ត្រូវ​ស្លាប់​តាំងពី​កើត​មាន​ជម្លោះ​នៅ​យេ​ម៉ែ​ន​ពី​ខែមីនា ឆ្នាំ​២០១៥​មក ហើយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ញ៉ាំង​ឱ្យ​មាន​ជន​រង​គ្រោះ​ច្រើន​បំផុត​ក្នុង​រង្វង់​ដល់​៦០% ៕