ឧទ្ធម្ភាគចក្រ​យោធា​ច្រើន​គ្រឿង​ហោះ​ឆ្វែល​លើ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ

ឧទ្ធម្ភាគចក្រ​យោធា ៣​គ្រឿង​ទៀត បាន​បន្ត​ហោះ​ឆ្វែល​ជុំវិញ​​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​ជិត ២​រសៀល​​នេះ។ សកម្មភាព​ហោះហើរ​ឆ្លង​កាត់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែលើ នេះ គឺ​បាន​កើត​ឡើង​កាល​ពី​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៣១ ខែ​សីហា នេះ​ម្ដង​រួច​ហើយ។

តំណាងរាស្រ្ត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ឲ្យ​អាស៊ីសេរី ដឹង​ថា កាល​ពី​ព្រឹកមិញ ឧទ្ធម្ភាគចក្រ​ទាំង​នោះ​ហោះ​ឆ្វែល​ក្បែរៗ​ដំបូល​ទីស្នាក់ការ​កណ្ដាល​ក្នុង​រយៈពេល​ជាង ៤០​នាទី ទើប​ផ្លាស់ទី​ចាកចេញ។

លោក​ថា នេះ​ជា​សកម្មភាព​គំរាមកំហែង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ចោទ​សួរ​ថា តើ​ទី​នេះ (ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ) ជា​កន្លែង​ហាត់សម​ហោះ​យន្តហោះ​របស់​យោធា ឬ​យ៉ាង​ណា? រូបភាព​បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​រូប​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​ពេល​សមត្ថកិច្ច​ចុះ​បំបែក​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា​នេះ​ដែរ។

ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃ គឺ​ជា​កន្លែង​ដែល​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឃុំ​ខ្លួន​ឯង ដែល​សកម្មជន​គណបក្ស​ប្រឆាំង​តែងតែ​ផ្លាស់​វេន​គ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅ​ទី​នោះ។ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​មុខ​តុលាការ​កំពូល​នឹង​បើក​សវនាការ​ទាក់ទង​សំណុំ​រឿង​លោក កឹម សុខា និង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ស្អែក​នេះ ជា​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំបូង។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។

សូមរង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​បន្ថែម...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។