តារាសម្តែងល្បីៗក្នុងរឿងភាគខ្មែរ ភីអិនអិន នឹងជួបប្រិយមិត្តរបស់ខ្លួននៅ ផ្សារទំនើបអ៊ីអន

សិល្បករល្បីៗរបស់កម្ពុជាដែលជាតួសម្តែង នៅក្នុងរឿងភាគចំនួនពីររបស់ ភីអិនអិនដែលនឹងចាប់ផ្តើមចាក់ផ្សាយចាប់ ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ នឹងជួបជាមួយប្រិយមិត្តរបស់ខ្លួនផ្ទាល់នៅផ្សារទំនើបអ៊ីអន នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច។

នេះចាត់ទុកថាជាព្រឹត្តិការណ៍ដំបូងបង្អស់មិនធ្លាប់មាន ពីមុនមក ដែលតារាសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្មែរ ជួបជាមួយនឹងប្រិយមិត្តរបស់ខ្លួន ដោយផ្ទាល់បែបនេះ។

វត្តមានតារាសម្តែងល្បីៗដែលនឹងចូលរួមក្នុងជំនួបពិសេសនេះមានដូចជា លោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង ដែលពួកគេមកពីផលិតកម្មអិលឌីភិចឆ័រ រឿងម្ទេសហឹរ ប៉ះអំបិលប្រៃ។ ដោយឡែកតួសម្តែងដែលមកពីផលិតកម្មខ្មែរមេគង្គ រឿងសង្គ្រាមបេះដូង វិញមាន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា អ្នកស្រី ង៉ែត សុវណ្ណលីតា កញ្ញា ឃីង សុរិយា រួមនឹងវត្តមានតារាល្បីៗ ជាច្រើនរូបទៀត។

លោក Glen Felgate នាយកប្រតិបត្តិស្ថានីយទូរទស្សន៍ភីអិនអិន បាននិយាយថា៖ «ភីអិនអិនបានវិនិយោគទឹកប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើសិល្បករក្នុងស្រុក អ្នកសរសេរScript ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ដើម្បីសម្រិតសម្រាំងរឿងភាគខ្មែរដែលល្អគួរជាទីចាប់អារម្មណ៍ ជូនដល់អ្នកទស្សនា ហើយភីអិនអិន ក៏បានវិនិយោគទឹកប្រាក់រាប់ម៉ឺនដុល្លារផ្សេងទៀតផងដែរ ដើម្បីផ្សព្វផ្សាយរឿងភាគ ដែលផលិតបានទាំងនោះ»។

លោកបានបន្តថា៖ »សម្រាប់ព្រឹត្តិការណ៍នៅផ្សារទំនើបអ៊ីអននេះ គឺគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយរបស់យើង ដើម្បីឲ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ និងមានមោទនភាព ចំពោះរឿងភាគខ្មែរ»។
ខ្សែភាពយន្តភាគខ្មែរថ្មីចំនួនពីរនឹងចាក់ផ្សាយលើកញ្ចក់ ទូរទស្សន៍ភីអិនអិនគឺរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង»។

រឿងភាគបែបមនោសញ្ចេតនា កំប្លែង លាយឡំដោយការកាច់កុងគ្នា រវាងកូនប្រសា និង ម្តាយក្មេក «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជាស្នាដៃដឹកនាំរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។

រឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេតនាស្នេហា រវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹង ម្តាយក្មេកដែលពិបាកយល់ចិត្ត ស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមានគំនិត អប់រំទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ឲ្យចេះមានការយោគយល់ អធ្យាស្រ័យគ្នាទើបអាច រស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ។

ខ្សែរឿងមួយនេះធានាថាទូរទស្សនិកជនប្រាកដជាទទួល បាននូវសំណើចសើចក្អកក្អាយ ដោយសារសំបូរ ទៅដោយឈុតឆាក កំប្លែងច្រើន ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗ ដែលមានបទពិសោធន៍ ក្នុងការសម្តែង ជាយូរឆ្នាំមកហើយ។

រីឯរឿងដែលឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមខ្មែរ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើន ដែលធ្វើឲ្យទូរទស្សនិកជន ត្រូវតាមដានដោយយកចិត្តទុកដាក់នោះ គឺជាស្នាដៃផលិតរបស់ផលិតកម្មល្បីក្នុងស្រុក និងមានការទទួលស្គាល់ ពីសំណាក់ទូរទស្សនិកជនខ្មែរជាយូរមកហើយនោះ គឺផលិតកម្មខ្មែរមេគង្គ (KMF)។

រឿង «សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រីត្រូវប្រឆាំង នឹងបេះដូងរបស់ខ្លួនទៅរៀបការជាមួយនឹងមនុស្ស ដែលខ្លួនមិនស្រឡាញ់ជាថ្នូរ នឹងប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅ ជិតមនុស្សដែលនាងស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំង ខណៈដែលការពិតអ្វីៗសុទ្ធតែ ជាការរៀបចំទុកជាមុនដោយមិនឲ្យនាងដឹងពីសំណាក់បុរស ជាទីស្រឡាញ់របស់នាង។

រឿង ម្ទេសហឹរ ប៉ះអំបិលប្រៃ នឹងចាក់បញ្ចាំងនៅរៀងរាល់ថ្ងៃចន្ទ ដល់ពុធ ចំណែករឿង សង្គ្រាមបេះដូង នឹងចាក់បញ្ចាំងនៅ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៨យប់ចាប់ពីថ្ងៃចន្ទ ទី៥ ខែកញ្ញា នេះតទៅ។

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគ ក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload