តារា​សម្ដែង​ល្បីៗ​ក្នុង​រឿង​ភាគ​ខ្មែរ​ភីអិនអិន នឹង​ជួប fans នៅ​ផ្សារ​ទំនើប​អ៊ីអន

សិល្បករ​ល្បីៗ​របស់​កម្ពុជា​ដែល​ជា​តួ​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ចំនួន​ពីរ​របស់​ភីអិនអិន ដែល​នឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​នេះ នឹង​ជួប​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន​ផ្ទាល់​នៅ​ផ្សារ​ទំនើប​អ៊ីអន​នៅ​ថ្ងៃ​សុក្រ ទី​២ កញ្ញា នេះ វេលា​ម៉ោង ៥ ល្ងាច។

 

នេះ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដំបូង​បង្អស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​តារា​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​ជួប​ជាមួយ​នឹង​ប្រិយមិត្ត​របស់​ខ្លួន​ដោយ​ផ្ទាល់​បែប​នេះ។

 

តារា​សម្ដែង​ល្បីៗ​ក្នុង​រឿង​ភាគ​ខ្មែរ​ភីអិនអិន នឹង​ជួប fans នៅ​ផ្សារ​ទំនើប​អ៊ីអន

 

វត្តមាន​តារា​សម្តែង​ល្បីៗ​ដែល​នឹង​ចូល​រួម​ក្នុង​ជំនួប​ពិសេស​នេះ មាន​ដូចជា លោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង ដែល​ពួកគេ​មក​ពី​ផលិតកម្ម​អិលឌីភិចឆ័រ ក្នុង​រឿង ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ។ ​ដោយ​ឡែក តួ​សម្តែង​ដែល​មក​ពី​ផលិតកម្ម​ខ្មែរ​មេគង្គ រឿង សង្គ្រាម​បេះដូង វិញ មាន លោក ហេង នរៈ​កក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា អ្នកស្រី ង៉ែត សុវណ្ណលីតា កញ្ញា ឃីង សុរិយា រួម​នឹង​វត្តមាន​តារា​ល្បីៗ​ជាច្រើន​រូប​ទៀត។

 

លោក Glen Felgate នាយក​ប្រតិបត្តិ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​និយាយ​ថា៖ “ភីអិនអិន​បាន​វិនិយោគ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើ​សិល្បករ​ក្នុង​ស្រុក អ្នក​សរសេរScript ក្នុង​ស្រុក និង​ផលិតកម្ម​ក្នុង​ស្រុក ដើម្បី​សម្រិត​សម្រាំង​រឿង​ភាគ​ខ្មែរ​ដែល​ល្អ​គួរ​ជា​ទី​ចាប់​អារម្មណ៍​ជូន​ដល់​អ្នក​ទស្សនា ហើយ​ភីអិនអិន​ក៏​បាន​វិនិយោគ​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ផង​ដែរ​ដើម្បី​ផ្សព្វ​ផ្សាយ​រឿង​ភាគ​ដែល​ផលិត​បាន​ទាំង​នោះ”។

 

លោក​បន្ត​ថា៖ “សម្រាប់​ព្រឹត្តិការណ៍​នៅ​ផ្សារ​ទំនើប​អ៊ីអន​នេះ គឺ​គ្រាន់​តែ​ជា​​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​របស់​យើង ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ចាប់​អារម្មណ៍ និង​មាន​មោទនភាព​ចំពោះ​រឿង​ភាគ​ខ្មែរ”។

 

ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ថ្មី​ចំនួន​ពីរ​នឹង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន គឺ​រឿង «ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» និង​រឿង «សង្គ្រាម​បេះដូង»។ រឿង​ភាគ​បែប​មនោសញ្ចេតនា កំប្លែង លាយ​ឡំ​ដោយ​ការ​កាច់​កុង​គ្នា​រវាង​កូន​ប្រសា និង​ម្ដាយ​ក្មេក «ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» ជា​ស្នាដៃ​ដឹកនាំ​របស់​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។ «ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» ជា​រឿង​ភាគ​មនោសញ្ចេតនា​ស្នេហា​រវាង​ប្តី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​រស់នៅ​ជាមួយ​នឹង​ម្ដាយ​ក្មេក​ដែល​ពិបាក​យល់​ចិត្ត ស្គាល់​តែ​កំហុស​របស់​កូន​ប្រសា​ស្រី។ រឿង​នេះ​មាន​គំនិត​អប់រំ​ទៅ​ដល់​ម្ដាយ​ក្មេក និង​កូន​ប្រសា​សម័យ​ថ្មី​ទាំង​អស់​ឲ្យ​ចេះ មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទើប​អាច​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ។

 

ខ្សែ​រឿង​មួយ​នេះ​ធានា​ថា​ទូរ​ទស្សនិកជន​ប្រាកដ​ជា​ទទួល​បាន​សំណើច​សើច​ក្អាកក្អាយ ដោយ​សារ​សំបូរ​ទៅ​ដោយ​ឈុត​ឆាក​កំប្លែង​ច្រើន ជាមួយ​នឹង​ការ​សម្ដែង​ដ៏​ប៉ិនប្រសព្វ​របស់​សិល្បករ​ល្បីៗ​ដែល​មាន​បទ​ពិសោធន៍​សម្ដែង​ជា​យូរ​ឆ្នាំ​មក​ហើយ។

 

ឯ​រឿង «សង្គ្រាម​បេះដូង» ដែល​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​ពិត​ក្នុង​សង្គម​ខ្មែរ ព្រម​ទាំង​រឿង​រ៉ាវ​អាថ៌កំបាំង​ច្រើន​ដែល​ធ្វើ​ឲ្យ​ទូរ​ទស្សនិកជន​ត្រូវ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ល្បី​ក្នុង​ស្រុក និង​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​ទូរ​ទស្សនិកជន​ខ្មែរ​ជា​យូរ​មក​ហើយ​នោះ គឺ​ផលិតកម្ម​ខ្មែរ​មេគង្គ (KMF)។

 

«សង្គ្រាមបេះដូង» ជា​រឿងរ៉ាវ​ស្នេហា​តួឯក​ស្រី​ត្រូវ​ប្រឆាំង​នឹង​បេះដូង​របស់​ខ្លួន​ទៅ​រៀបការ​ជាមួយ​នឹង​មនុស្ស​ដែល​ខ្លួន​មិន​ស្រឡាញ់​ជា​ថ្នូរ​នឹង​ប្រាក់​ជូន​ម្ដាយ​ដែល​ញៀន​នឹង​ល្បែង និង​ការ​បាន​បន្ត​នៅ​ជិត​មនុស្ស​ដែល​នាង​ស្រឡាញ់។ ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ខណៈ​ដែល​ការ​ពិត​អ្វីៗ​សុទ្ធ​តែ​ជា​ការ​រៀប​ចំ​ទុក​ជា​មុន​ដោយ​មិន​ឲ្យ​នាង​ដឹង​ពី​សំណាក់​បុរស​ជា​ទី​ស្រឡាញ់​របស់​នាង។

 

ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ នឹង​ចាក់​បញ្ចាំង​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ពុធ។ ចំណែក​រឿង សង្គ្រាម​បេះដូង នឹង​ចាក់​បញ្ចាំង​នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ដល់​សៅរ៍ វេលា​ម៉ោង ៨ យប់​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​៥ កញ្ញា នេះ​ត​ទៅ។

 

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​បេ្តជ្ញា​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​មួយ​រយ​ម៉ោង​ក្នុង​ឆ្នាំ​២០១៦ នេះ ដើម្បី​ចាក់​ផ្សាយ​ជូន​ទូរ​ទស្សនិកជន ហើយ​គិត​ជា​មធ្យម ភីអិនអិន ត្រូវ​ចំណាយ​ប្រមាណ ៨០០០ ដុល្លារ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​នៃ​ខ្សែ​ភាព​យន្ត​ភាគ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម